អន្តរជាតិ
ចិន បង្កើន​ចំនួន​នាវាចម្បាំង​ដើម្បី​សម្រេច​មហិច្ឆតា​ទ័ពជើងទឹក​
31, Dec 2019 , 8:39 pm        
រូបភាព
នាវាចម្បាំងពិឃាតរបស់ទ័ពជើងទឹកចិន។ រូបភាព Xinhua
នាវាចម្បាំងពិឃាតរបស់ទ័ពជើងទឹកចិន។ រូបភាព Xinhua
​មហាអំណាច​ចិន កំពុង​ពង្រឹងសមត្ថភាព​ទ័ពជើងទឹក​របស់ខ្លួន​ដោយ​មិន​បង្អង់​ដៃ​ឡើយ​ឲ្យ​ស្រប​នឹង​មហិច្ឆតា​ប្រែក្លាយ​ទ័ពជើងទឹក​របស់ខ្លួន​ទៅជា​ទ័ព​សម័យ​ទំនើប​ដែល​អាចធ្វើ​ដំណើរ​បាន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​របស់ខ្លួន​។ បន្ថែម​ពីលើ​ការដាក់​ឲ្យ​ប្រើ​នាវា​ដឹក​យន្តហោះ ទីក្រុង​ប៉េកាំង ក៏​បញ្ចេញ​នាវាចម្បាំង​ជាច្រើន​គ្រឿង​ផងដែរ​។ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៩ កងទ័ពជើងទឹក​ចិន​ទទួលបាន​នាវាចម្បាំង​ថ្មី​ដល់​ទៅ​២៤​គ្រឿង​ឯណោះ​។

 
​ទៅ​ហួស​ពី​ឆ្នេរសមុទ្រ​របស់ខ្លួន ទៅ​ឲ្យ​បាន​ឆ្ងាយ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ និង​ការអភិវឌ្ឍ​។ នេះ​ជាគោលការណ៍​សំខាន់​មួយ​របស់​កងទ័ពជើងទឹក​ចិន​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​ចង់​ឲ្យ​កងទ័ពជើងទឹក​ចិន​មាន​សមត្ថភាព​ត្រៀមប្រយុទ្ធ​កាន់តែខ្លាំង និង​ឆាប់រហ័ស​។ នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង កំពុងតែ​ធ្វើ​ប្រតិបត្តិការ​ជាស្រេច ខណៈ​មានការ​លេច​ធ្លា​យមក​ថា កំពង់​សាងសង់​នាវា​ដឹក​យន្តហោះ​ទី​បី​ដែល​ទំនើប​ជាង​ពីរ​មុន​។​
 
​កាលពី​សប្ដាហ៍​មុន ចិន​ក៏បាន​ដាក់​ឲ្យ​ប្រើប្រាស់​នាវាចម្បាំង​ពីរ​គ្រឿង​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី​៣១ ខែធ្នូ​។ នាវា​ទាំងពីរ​គ្រឿង​ជា​ប្រភេទ Type 055 និង Type 052D ដែលជា​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ប្រដេញ និង​ផលិត​នៅ​ខេត្ត​លាវ​នី​ង​។ បើ​រាប់​ពីរ​គ្រឿង​នេះ​ទៀត ទ័ពជើងទឹក​ចិន​មាន​នាវា​ប្រភេទ Type 055 ចំនួន​៦​គ្រឿង និង​ប្រភេទ Type 052D ចំនួន​២៣​គ្រឿង​។​
 
​នាវា​ប្រភេទ Type 055 មាន​ទម្ងន់​ប្រមាណ​១២​ពាន់​តោន និង​ជានា​វា​ពិឃាត​ស៊េរី​ទីមួយ​របស់​ចិន ហើយ​អាច​បំពាក់ និង​បាញ់​មី​ស៊ី​ល​បាន​១១២​គ្រាប់​។ ចំណែកឯ​នាវា​ប្រភេទ Type 052D វិញ មាន​ទម្ងន់​៨​ពាន់​តោន​។ នាវា​នេះ ត្រូវការ​ពេលធ្វើ​តេស្ត​លើ​ផ្ទៃសមុទ្រ​យ៉ាងហោចណាស់​ពីរ​ឆ្នាំ​សិន មុន​នឹងធ្វើ​ប្រតិបត្តិការ​ពេញលេញ​។ 
 
​កងទ័ពជើងទឹក​ចិន បាន​ផ្លាស់ប្ដូរ​មុខមាត់​របស់ខ្លួន​ចាប់តាំងពី​លោក ស៊ី ជិន​ភីង ឡើងកាន់​អំណាច​មក​។ នៅ​ឆ្នាំ​២០១៥ លោក ស៊ី ចាប់ផ្ដើម​ធ្វើកំណែទម្រង់​កងទ័ព​រំដោះប្រជាជន​ទាំងមូល​ដើម្បី​ប្រែក្លាយ​ទៅជា​កងទ័ព​ទំនើប​។ បើតាម​របាយការណ៍រ​បស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ នៅ​ឆ្នាំ​២០១៦ កងទ័ពជើងទឹក​ចិន​ទទួលបាន​នាវា​១៦​គ្រឿង​, ឆ្នាំ​២០១៧ បាន​១៤​គ្រឿង និង​នៅ​ឆ្នាំ​២០១៨ មាន​២១​គ្រឿង ខណៈ​២០១៩ មាន​២៤​គ្រឿង​។​
 
​បើ​គិត​ត្រឹម​ឆ្នាំ​២០១៨ ចិន​មាន​នាវា​ច្រើនជាង​៣០០​គ្រឿង ឯ​អាមេរិក​មាន​ត្រឹម​ជាង​២០០​គ្រឿង​ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​ដដែល​។ យ៉ាងណាមិញ គុណភាព​របស់​នាវាច​ម្បាំ​ង ត្រូវគេ​មើលឃើញថា នៅ​មិនមាន​កម្រិត​ទាប​នាវា​អាមេរិក ខណៈ​កម្លាំង​ទ័ព​ដែលមាន​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​លើ​នាវា ក៏​ត្រូវការ​ការហ្វឹកហាត់​កាន់តែ​ទៀត បើ​ចិន​ពិតជា​ចង់​ផ្ដួល​អាមេរិក​ក្នុង​សង្គ្រាម​ផ្លូវគោក​ណាមួយ​នោះ​៕ 

Tag:
 ​ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com