ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​ល្អ​បំផុត​៥​នាក់​នៅ ONE Super Series Warriors ប្រចាំឆ្នាំ ២០១៩
01, Jan 2020 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ល្អ​បំផុត​សម្រាប់​ជើង​ខ្លាំង​ក្បាច់គុន​មួយ​ថៃ និង kickboxing​។ ជាមួយគ្នា​នោះ កីឡាករ​ថ្មីៗ​ជាច្រើន​បានបង្ហាញ​ខ្លួន​ផងដែរ​។ ចំណែក​ជើង​ខ្លាំង​វ័យក្មេង និង​ជើងចាស់​មួយចំនួន​ក៏​ស្ថិតនៅ​លំដាប់​កំពូល​នៃ សង្វៀន ONE Championship ក្នុងការ​ប្រកួត ONE Super Series ទៀតផង​។ រយៈពេល​១២​ខែ មាន​កីឡាករ​រាប់រយ​នាក់​បញ្ចេញស្នាដៃ​គួរ​ឲ្យ​កត់សម្គាល់​។



នៅពេលនេះ​សូម​បង្ហាញ​កីឡាករ​ល្បីឈ្មោះ និង​លេចធ្លោ​ចំនួន​៥​រូប ក្នុង​កម្មវិធី ONE Super Series Warriors ឆ្នាំ​២០១៩ ហើយ ពួកគេ​សុទ្ធតែ​គ្រង​ខ្សែក្រវាត់​លំដាប់​ពិភពលោក​រៀងៗ​ខ្លួន​។ 
 
#1 Rodtang Jitmuangnon

 
Rodtang Jitmuangnon ឬ «The Iron Man» ទទួលបាន​លទ្ធផល​ល្អ និង ជា​ឆ្នាំ​មាស​នៅ​ឆ្នាំ ២០១៩ នា​សង្វៀន​កម្រិត​ពិភពលោក ONE​។ តារា​ថៃ​រូបនេះ ឈ្នះ ៥ លើក​ជាប់​គ្នា​នៅ​សង្វៀន ONE Super Series ពេល​ចាប់ផ្ដើម​ប្រកួត​តាំងពី​ខែ មករា មក​។  បន្ទាប់មកទៀត Rodtang ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship បានសម្រេច​។

កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ ឈ្នះ​ពិន្ទុ​កីឡាករ Fahdi Khaled នៅ​កម្មវិធី ONE: HERO’S ASCENT កាល​ខែ មករា និង បន្ត​ឈ្នះ Hakim Hamech នៅ​សង្វៀន ONE: A NEW ERA កាល​ខែ មីនា​។ កីឡាករ​មកពី​បាងកក​រូបនេះ យកឈ្នះ​កីឡាករ​កម្ពុជា សុខ ធី នៅក្នុង​កម្មវិធី ONE: WARRIORS OF LIGHT កាល​ខែកុម្ភៈ មុនពេល​ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ក្រោយពី​ឈ្នះ​ពិន្ទុ Jonathan Haggerty នៅក្នុង​កម្មវិធី ONE: DAWN OF HEROES កាល​ខែសីហា​។ ក្នុងការ​ប្រកួត​ចុងក្រោយ​នា​ឆ្នាំនេះ កីឡាករ​រហស្សនាម​មនុស្ស​ដែក​បាន​បិទ​បញ្ចប់​ឆ្នាំ ២០១៩ ដោយ​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​ទល់នឹង​ជើង​ខ្លាំង​មកពី​ប្រេ​ស៊ី​ល  Walter Goncalves នៅក្នុង​កម្មវិធី​ធំ​គម្រប់​ការរៀបចំ​ព្រឹត្តិការណ៍​១០០​លើក ONE: CENTURY PART​។​
 
​អ្នកគាំទ្រ​នៅ​ប្រទេស​ថៃ​រឹតតែ​សប្បាយចិត្ត ព្រោះ​រូបគេ​បើក​ទំព័រ​ថ្មី​នៅ​ឆ្នាំ​២០២០ ដោយ​ឡើងមក​ការពារ​ខ្សែក្រវាត់​ក្នុងជំនួប​សងសឹក​តតាំង​នឹង Haggerty ក្នុង​កម្មវិធី ONE: A NEW TOMORROW ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​ទី ១០ ខែ មករា ខាងមុខ​។ 
 
#2 Giorgio Petrosyan
 
 
​មាន​វីរបុរស​តិច​ណាស់​ពី​ការប្រកួត kickboxing ប៉ុន្តែ Giorgio Petrosyan ឬ “The Doctor” ជា​កីឡាករ​ល្អ​ម្នាក់​ក្នុងចំណោម​នោះ​។ ជើង​ខ្លាំង​កូនកាត់​អា​មេ​នី​-​អ៊ីតាលី មមាញឹក​ក្នុងការ​ប្រកួត​តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ​។ រូបគេ​មិន​ចាញ់​ទាល់តែសោះ​ក្នុងការ​ប្រកួត ៤ លើក​នៅ​សង្វៀន ONE  និង​បន្តដំណើរ​ឈានទៅរក​ភាពជោគជ័យ​ផ្នែក kickboxing ដ៏​មាន​ប្រសិទ្ធភាព​។

Petrosyan មានឈ្មោះ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix​។ «The Doctor» ប៉ះ Petchmorakot Petchyindee Academy នៅក្នុង​កម្មវិធី ONE: ENTER THE DRAGON កាល​ខែឧសភា ប៉ុន្តែ​លទ្ធផល​នៅ​មិន​ច្បាស់លាស់​ទេ​ដោយសារ​មានការ​តវ៉ា​។ យ៉ាងណាក្ដី កូនកាត់​អា​មេ​នី​-​អ៊ីតាលី យកឈ្នះ Petchmorakot នៅ​កម្មវិធី  ONE: MASTERS OF DESTINY កាល​ខែកក្កដា​ដើម្បី​ឲ្យ​អស់​មន្ទិលសង្ស័យ​។ បន្ទាប់មកទៀត “The Doctor” ម៉ាត់​ផ្ដួល “Smokin” Jo Nattawut  ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​កម្មវិធី ONE: DREAMS OF GOLD កាល​ខែសីហា មុនពេល​ឈ្នះ​ពិន្ទុ Samy Sana ឬ “AK47” ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយក៏​ឈ្នះ​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Championship តែម្ដង​។ ខ្សែក្រវាត់​នេះ​មាន​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​អាមេរិក​ដែល​រៀបចំ​ប្រកួត​ក្នុង​កម្មវិធី ONE: CENTURY PART​។  ស្ថិតក្នុង​វ័យ ៣៤ ឆ្នាំ Petrosyan នៅតែ​ខ្លាំងក្លា​មិន​ថមថយ​នោះទេ​។ ជាក់ស្ដែង រូបគេ​មាន​ភាព​រីកចម្រើន​ជា​ហូរហែ​តាមរយៈ​ការប្រកួត​កន្លងមក​។ 
 
#3 Nong-O Gaiyanghadao

 
 
Nong-O Gaiyanghadao នៅតែ​អស្ចារ្យ​ក្នុង​កម្មវិធី ONE Super Series នៅ​ឆ្នាំ ២០១៩​។ Nong-O Gaiyanghadao  ឈ្នះ​៤​លើក​ជាប់​គ្នា និង ឈ្នះ​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title ហើយក៏​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​ចំនួន ៣ លើក​ផងដែរ​។ កាល​ខែកុម្ភៈ កូនសិស្ស​មកពី​ក្លិប Evolve បាន​យកឈ្នះ Han Zi Hao នៅ​សង្វៀន ONE: CLASH OF LEGENDS ដើម្បី​គ្រង​ខ្សែក្រវាត់ ហើយ​បន្ត​ឈ្នះ Hiroaki Suzuki ក្នុង​កម្មវិធី ONE: WARRIORS OF LIGHT ពេល​ឡើង​ការពារ​ខ្សែក្រវាត់​លើកដំបូង​កាល​ខែ ឧសភា​។​
 
​ជា​បន្តបន្ទាប់ វីរបុរស​របស់​ថៃ​រូបនេះ ឈ្នះ Brice Delval កាល​ខែ កញ្ញា​នៅ​កម្មវិធី ONE: IMMORTAL TRIUMPH ពេល​រៀបចំ​នៅ​វៀតណាម​លើកដំបូង ហើយក៏​ជាការ​ការពារ​ខ្សែក្រវាត់​លើក​ទី​២ មុនពេល​ផ្ដួល​មិត្ត​រួម​ជាតិ Saemapetch Fairtex ឲ្យ​សន្លប់​នៅ​កម្មវិធី​ONE: EDGE OF GREATNESS កាល​ខែ វិច្ឆិកា​។ 
 
​ឥឡូវនេះ Nong-O ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ONE Super Series ដែល​គ្រប់គ្រង​បានយូរ​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE​។ Nong-O មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ​តាំងពី​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន​លំដាប់​ពិភពលោក​តាំងពី​ពីរ​ឆ្នាំមុន​។ 
 
#4 Regian Eersel

 
Regian Eersel  ឬ  «The Immortal» ឈ្នះ​ការប្រកួត​ក្នុង​កម្មវិធី ONE Super Series មិន​ធ្លាប់មាន​កាល​ខែ មេសា ឆ្នាំ ២០១៨ ហើយ​គេ​ប្រកាស​ខ្លួន​ថា​ជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់​ក្នុង​ឆ្នាំ ២០១៩ កន្លងទៅនេះ​។  កីឡាករ​ហូ​ឡង់​រូបនេះ​ផ្ដួល​Anthony Njokuani នៅក្នុង​កម្មវិធី ONE: CALL TO GREATNESS កាល​ខែ កុម្ភៈ​។ Eersel ឈ្នះ​ខ្សែក្រវាត់ ONE Lightweight Kickboxing World Championship ដែល​ទើប​បើក​ឲ្យ​ដំណើរការ​ប្រកួត​លើកដំបូង​។​
 
Regian Eersel គ្រប់គ្រង​ការប្រកួត​បាន​យ៉ាង​ល្អ​ទល់នឹង Nieky Holzken ដើម្បី​ឈ្នះ​ពិន្ទុ​នៅក្នុង​កម្មវិធី ONE: ENTER THE DRAGON កាល​ខែឧសភា​។ គេ​ពិតជា​សក្ដិ​សមជា​ម្ចាស់​ខ្សែ​ទម្ងន់ lightweight ដោយ​អាច​ការពារ​ខ្សែក្រវាត់ និង ឈ្នះ​ពិន្ទុ​លើ Holzken ដដែល​ក្នុងជំនួប​សងសឹក​នៅ ONE: DAWN OF VALOR  កាល​ខែតុលា​។ 
 
#5 Stamp Fairtex

 
Stamp Fairtex បង្កើតបាន​កំណត់ត្រា​ជាច្រើន​ជាពិសេស​នៅ​ឆ្នាំ ២០១៩​។ កីឡាការិនី​ជើង​ខ្លាំង​វ័យ ២២ ឆ្នាំ​រូបនេះ​បានទទួល​ជ័យជម្នះ និង ការពារ​ខ្សែក្រវាត់​បាន​យ៉ាង​ជោគជ័យ​ផងដែរ ដូចជា​ការពារ​ខ្សែក្រវាត់​ទី​២ ONE Super Series World Championship ជាដើម​។ កាល​ខែកុម្ភៈ  Stamp យកឈ្នះ Janet Todd ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title នៅក្នុង​កម្មវិធី ONE: CALL TO GREATNESS​។ Stamp បាន​ក្លាយជា​កីឡាការិនី​ដំបូង​ឈ្នះ​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE​។  ក្រោយមកទៀត Stamp ការពារ​ខ្សែក្រវាត់​បានសម្រេច​ដដែល​ទល់នឹង Alma Juniku នៅក្នុង​កម្មវិធី ONE: LEGENDARY QUEST កាល​ខែមិថុនា​។ 
 
​ក្រៅពីនោះ Stamp បន្ត​ឈ្នះ​ពីរលើក​ក្នុងការ​ប្រកួត​កីឡា​គុន​ចម្រុះ​វិញ​ម្ដង​។  កីឡាការិនី​រូបនេះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក ONE World Title ទី​៣​ក្នុង​កម្មវិធី​គុន​ចម្រុះ​។  ចាប់ផ្ដើម​ខែ មករា Stamp ជួប Puja Tomar នៅក្នុង​កម្មវិធី ONE: A NEW TOMORROW នា​ថ្ងៃទី ១០ ខែ មករា ខាងមុខ មុនពេល​បេសកកម្ម​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 

© រក្សាសិទ្ធិដោយ thmeythmey.com