បន្ទប់​សណ្ឋាគារ​មួយ​នៅ​ជប៉ុន​តម្លៃ​ជាង​១​ដុល្លារ​ក្នុង​១​យប់ តែ​ភ្ញៀវ​ត្រូវគោរព​លក្ខខណ្ឌ​...
អន្តរជាតិ
បន្ទប់​សណ្ឋាគារ​មួយ​នៅ​ជប៉ុន​តម្លៃ​ជាង​១​ដុល្លារ​ក្នុង​១​យប់ តែ​ភ្ញៀវ​ត្រូវគោរព​លក្ខខណ្ឌ​...
02, Jan 2020 , 9:39 am        
រូបភាព
ដោយ: ធីតា
​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង Fukuoka សណ្ឋាគារ Asahi Ryokan Hotel មាន​បន្ទប់​តម្លៃ​តែ​១០០​យ៉េន (១,២២​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​ក្នុង​១​យប់ ប៉ុន្តែ​រាល់​អតិថិជន​ត្រូវគោរព​លក្ខខណ្ឌ ដោយ​អនុញ្ញាត​ឲ្យ​ភាគី​សណ្ឋាគារ​ថត​ពី​សកម្មភាព​របស់​ពួកគេ​នៅក្នុង​បន្ទប់ ហើយ​ផ្សាយ​ផ្ទាល់​នៅលើ YouTube​។​

 
​មិនមែនជា​រឿង​លេងសើច​ឡើយ លោក Tetsuya Inoue អាយុ​២៧​ឆ្នាំ ដែលជា​ម្ចាស់​សណ្ឋាគារ Asahi Ryokan ចង់​បង្កើត​ការច្នៃប្រឌិត​ដ៏​ពិសេស​មួយ ពោលគឺ​លើកទឹកចិត្ត​ឲ្យ​អតិថិជន​កាត់បន្ថយ​ភាព​អៀនខ្មាស​។ ជាទូទៅ អតិថិជន ត្រូវ​ចំណាយ​យ៉ាង​ណាស់​៣០​ដុល្លារ​ក្នុង​១​យប់​សម្រាប់​បន្ទប់​ធម្ម​តា ប៉ុន្តែ​ចាប់ពី​ខែតុលា ឆ្នាំ​២០១៩ មក លោក Inoue បានដាក់​តម្លៃ​បន្ទប់​តែ​ជាង​១​ដុល្លារ​ប៉ុណ្ណោះ ដោយ​ពួកគេ​ត្រូវគោរព​លក្ខខណ្ឌ​តែមួយគត់ គឺ​អនុញ្ញាត​ឲ្យ​សណ្ឋាគារ​ថត​ទិដ្ឋភាព​ស្នាក់នៅ​របស់​ពួកគេ​ហើយ​ផ្សាយ​ផ្ទាល់​លើ YouTube​។​

 
 
​កម្មវិធី «One Dollar Hotel» នេះ មានការ​បំពាក់​កាមេរ៉ា​តាម​បន្ទប់​២៤​ម៉ោង ប៉ុន្តែ​ភាគី​សណ្ឋាគារ​មិន​បើក​សំឡេង​វីដេអូ​ឡើយ ដោយ​ថត​ផ្តិត​តែ​រូបភាព​ប៉ុណ្ណោះ​។ ភ្ញៀវ​ជាច្រើន​នាក់​ហើយ​ដែល​បាន​សុខចិត្ត​គោរព​លក្ខខណ្ឌ​បែបនេះ​។​
 
​ភ្ញៀវ​អាចធ្វើ​អ្វី​បាន​ស្រេច​ចិត្ត ប៉ុន្តែ​សណ្ឋាគារ​ហាមប្រាម​សកម្មភាព​ផ្លូវភេទ​តែមួយ​មុខ​ប៉ុណ្ណោះ​។ លោក Inoue បាន​ប្រាប់ CNN ថា​៖ «​បច្ចុប្បន្ននេះ ក្រុមយុវជន​ហាក់ដូចជា​មិន​លាក់បាំង​ជីវិត​ឯកជន​ឡើយ ពួកគេ​ជាច្រើន​កាត់បន្ថយ​ភាព​អៀនខ្មាស ដោយ​មិន​ភ័យខ្លាច​ការថត​ផ្សាយ​នោះទេ​»​។​
 
​លោក Inoue បានបញ្ជាក់​ផងដែរ​ថា ការផ្សាយ​នៅលើ YouTube ក៏បាន​ឲ្យ​សណ្ឋាគារ​របស់លោក ទទួលបាន​ប្រាក់កម្រៃ​ខ្លះ​ដែរ តែ​មិន​ច្រើន​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com