សហគមន៍​កេ​ន​យ៉ា​ចំនួន​២​ស្វែងរក​សំណង​សម្រាប់​ការ​រឹបអូស​ដីធ្លី​ក្នុងសម័យ​អាណានិគម​អង់គ្លេស​
អន្តរជាតិ
សហគមន៍​កេ​ន​យ៉ា​ចំនួន​២​ស្វែងរក​សំណង​សម្រាប់​ការ​រឹបអូស​ដីធ្លី​ក្នុងសម័យ​អាណានិគម​អង់គ្លេស​
03, Jan 2020 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ កម្មករ​ម្នាក់​បេះ​ស្លឹក​តែ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ក្នុង​ក្រុង Kericho​ ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០១៩។
រូប​ឯកសារ៖ កម្មករ​ម្នាក់​បេះ​ស្លឹក​តែ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ក្នុង​ក្រុង Kericho​ ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០១៩។
ដោយ: VOA
​ក្រុង KERICHO ៖ សហគមន៍ Kipsigis និង​សហគមន៍ Talai បាន​ចោទប្រកាន់​អាណានិគម​អង់គ្លេស​ថា​បានធ្វើ​ទណ្ឌកម្ម ដោយបាន​បណ្តេញ​ពួកគេ​ចេញពី​ដី​របស់​ពួកគេ ដែល​ក្រោយមក ដី​នោះបាន​ក្លាយជា​ចម្ការ​តែ ដែល​អាច​រកប្រាក់​ចំណេញ​យ៉ាងច្រើន​។​

 
​ក្រុង Kericho ក្នុង​តំបន់ Great Rift Valley នៃ​ប្រទេស​កេ​ន​យ៉ា មានឈ្មោះ​ល្បីល្បាញ​ដោយសារ​ចម្ការ​តែ ដែល​ភាគច្រើន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​អ្នកមាន​ទ្រព្យធន និង​ក្រុមហ៊ុន​ធំៗ​ក្នុង​សាកលលោក​។​
 
​ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រុក​ដូចជា​លោក Kibore Cheruiyot Ngasura ដែលមាន​វ័យ​៩៥​ឆ្នាំ និយាយថា ពួកគេ​នៅតែ​ចាំ​ថ្ងៃមួយ​ក្នុង​ឆ្នាំ​១៩៣៤ នៅពេលដែល​ប្រទេស​អាណានិគម​មកលើ​ប្រទេស​កេ​ន​យ៉ាប​ណ្តេ​ញ​ពួកគេ​ចេញពីផ្ទះ​សម្បែង និង​យក​ដី​របស់​ពួកគេ​។​
 
​លោក Kibore Cheruiyot Ngasura បាន​និយាយថា​៖ «​នៅ​ថ្ងៃ​ដែល​គេ​បណ្តេញ​យើង​ចេញ​នោះ កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​របស់​រដ្ឋបាល​អ​ង់​គ្លេ​សមក​ទីនោះ ហើយ​បណ្តេញ​យើង​ចេញពីផ្ទះ​របស់​ពួកគេ​យើង​។ ស្ត្រីៗ​ដែល​ប្តី​របស់​ពួកគេ​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ ត្រូវបាន​គេ​រំលោភ​។ ពួកគេ​វាយដំ​មនុស្ស​គ្រប់គ្នា​នៅទីនេះ​»​។​
 
​នៅក្នុង​ខែកញ្ញា មេធាវី​របស់​ពលរដ្ឋ​កេ​ន​យ៉ា​ជាង​១​សែន​នាក់​បាន​ស្នើសុំ​ឲ្យ​អង្គការសហប្រជាជាតិ​ធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។​
 
​ពួកគេ​កំពុង​ទាមទារ​សំណង​សម្រាប់​ពលរដ្ឋ​កេ​ន​យ៉ា​ដែល​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ដី​ដូនតា​របស់​ពួកគេ​។​
 
​លោក Joel Kemutai Bosek ដែលជា​មេធាវី​សម្រាប់​សហគមន៍ Talai និង​សហគមន៍ Kipsigis បាន​និយាយថា​៖ «​មូលហេតុ​សំអាង​របស់​យើង​គឺថា ពួកគេ​បានចាប់ផ្តើម​ចាប់​បំបែក​ជាតិ​សាសន៍​នៅក្នុង​ក្រុង Kericho ក្នុង​ទម្រង់​មួយ ហើយ​ពិភពលោក​ត្រូវតែ​ដឹង​អំពី​រឿងរ៉ាវ​ទាំងនេះ​។ មូលហេតុ​សំអាង​របស់​យើង​គឺជា​ការឈឺចាប់ ហើយ​វា​កើតចេញពី​ពលរដ្ឋ​ដែល​ត្រូវបាន​គេ​គាបសង្កត់​។ យើង​គិតថា យើង​មាន​ហេតុផល​គ្រប់គ្រាន់ ហើយ​ពួកគេ​គួរតែមាន​ហេតុផល​សមរម្យ​ដែរ​»​។​
 
​ការិយាល័យ​បរទេស​របស់​ចក្រភព​អង់គ្លេស​បាន​និយាយថា ខ្លួន​នឹង​ឆ្លើយតប​ទៅតាម​ការស៊ើបអង្កេត​ណាមួយ​របស់​អង្គការសហប្រជាជាតិ​។​
 
​គណៈកម្មាការ​សុរិយោដី​កេ​ន​យ៉ា​បានសម្រេច​កាលពី​ខែកុម្ភៈ​ថា អាណានិគម​អង់គ្លេស​បាន​រឹបអូស​ដីធ្លី​ដោយ​ខុសច្បាប់ ទោះបីជា​ច្បាប់​អាណានិគម​មិន​អនុញ្ញាត​ឲ្យ​ធ្វើបែបនេះ​ក៏ដោយ​។​
 
​ទោះជា​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​ផលិត​តែ​កំពុងធ្វើការ​ជំទាស់​ទៅនឹង​ការសម្រេច​នេះ​តាមផ្លូវ​តុលាការ ដើម្បី​រារាំង​ការ​រឹបអូស​ដីធ្លី​ពី​សំណាក់​រដ្ឋាភិបាល​ថ្នាក់ក្រុង​។​
 
​លោក Paul Chepkwony អភិបាលក្រុង Kericho បាន​និយាយថា​៖ «​អ្នកស្រុក​មិន​ចង់​បណ្តេញ​អ្នកវិនិយោគ​ចេញ​នោះទេ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ត្រូវតែ​បញ្ជាក់​ឲ្យ​ច្បាស់​។ ពួកគេ​ដឹងថា អ្នកវិនិយោគ​ទាំងនេះ​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​សុចរិត​នៅលើ​ដី​ដែល​ត្រូវបាន​គេ​ប្លន់ ហើយ​ពួក​អ្នកស្រុក​ចង់​ពិភាក្សា​ស្វែងរក​វិធី​ដែល​ពួកគេ​អាច​ទទួលបាន​សំណង ដើម្បី​អាច​ឲ្យ​ពួកគេ​រស់នៅ​យ៉ាង​សុខដុមរមនា​ជាមួយនឹង​វិនិយោគិន​»​។​
 
​ខណៈពេល​នេះ អ្នក​ដាក់​បណ្តឹងទាមទា​រ​ដែលមាន​វ័យចាស់​ជរា​ដូចជា លោក Ngasura និយាយថា លោក​គ្រាន់តែ​សង្ឃឹមថា លោក​អាច​នៅមាន​ជីវិត​រហូតដល់​ទទួលបាន​យុត្តិធម៌ ឬ​យ៉ាងហោចណាស់​ឮ​ពាក្យ​សុំទោស​ពី​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com