ជាតិ
សង្គមជាតិ
ឆ្នាំនេះ ត្រី​ខ្សត់​នៅ​តំបន់​ខ្លះ ដែល​មិន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ធ្វើ​ប្រហុក​-​ផ្អក​ឡើយ​
03, Jan 2020 , 10:28 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដូវ​កាល​ធ្វើ​ប្រហុក​-​ផ្អក មកដល់ ប្រជា​នេសាទ​កំពុង​ប្រមូល​ផល​ត្រី សម្រាប់​ដាក់លក់​ដល់​ព​ល​រដ្ឋ ដែល​ចង់​ធ្វើ​ប្រហុក​-​ផ្អក​លក់ ឬ​សម្រាប់​បរិភោគ​។ ត្រី​សម្រាប់ធ្វើ​ប្រហុក​-​ផ្អក ភាគច្រើន​ជា​ប្រភេទ​ត្រី​រៀល ត្រី​ប្រា និង​ត្រី​ឫស្សី ជាដើម​។ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០​នាក់ ដែល​រស់នៅក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ និង​ពលរដ្ឋ​ដែល​មកពី​បណ្តា​ខេត្ត​កំពុង​រង់ចាំ​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក និង​ផ្អក​។ ការរង់ចាំ​ទិញ​ត្រី​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ខកចិត្ត ដោយសារ​ពួកគេ​មិនអាច​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​-​ផ្អក​ឡើយ ដោយសារតែ​ឆ្នាំនេះ​មិនសូវ​សម្បូរ​ត្រី​។


 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​សម្ភាស​ដូចខាងក្រោម​៖

 
 
​នា​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ដែល​ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ជាពិសេស​ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ ជាដើម បាន​ឡើងមក​ចាំ​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​-​ផ្អក ទុក​បរិភោគ​រយៈពេល​ពេញ​មួយឆ្នាំ​។ នៅ​ទីតាំង​ប្រមូល​ត្រី​ដែល​អ្នកនេសាទ​ដាក់លក់​ត្រី មាន​ពលរដ្ឋ​ប្រមាណ​១០​នាក់ កំពុងដណ្តើម​គ្នា​ទិញ​ត្រី ដោយ​អ្នកខ្លះ​ក៏​ទិញ​បាន ហើយ​អ្នក​ខ្លះទៀត​ក៏​ទិញ​អត់​បាន​។ សម្រាប់​អ្នក​ដែល​មិនទាន់​ទិញ​ត្រី​បាន ពួកគេ​នៅតែ​រង់ចាំ​ទិញ​ត្រី ទោះ​តិច  ឬ​ច្រើន​ក៏​ពួកគេ​រង់ចាំ​ទិញ​ដែរ​។ 
 
​អ្នកស្រី ឡាយ អូន ដែលមាន​គ្នា​១០​នាក់​ទៀត បានធ្វើ​ដំណើរ​ពី​ខេត្តតាកែវ កំពុងតែ​អង្គុយចាំ​ទិញ​ត្រី សម្រាប់ធ្វើ​ប្រហុក​-​ផ្អក​។ អស់​រយៈពេល​២​ថ្ងៃ​ហើយ ដែល​អ្នកស្រី ឡាយ អូន មិនទាន់​អាច​ទិញ​ត្រី​ឲ្យ​គ្រប់​ចំនួន ដែល​អ្នកស្រី​ចង់បាន​។ ជា​រៀងរាល់ឆ្នាំ អ្នកស្រី តែងតែ​ឡើងមក​ទិញ​ត្រី​បាន​គ្រប់​ចំនួន​ជាង​២០០​គីឡូក្រាម តែ​ឆ្នាំនេះ​អ្នកស្រី​ទិញ​បាន​មិន​ដល់​៥០​គីឡូក្រាម​ផង​។ 

មូល​ហេតុដែល​អ្នកស្រី​តែងតែ​ធ្វើ​ប្រហុក​ដោយ​ផ្ទាល់ដៃ ដោយសារតែ​អ្នកស្រី​មិន​ទុក​ចិត្តនឹង​ប្រហុក​ដែល​ដាក់លក់​នៅតាម​ទីផ្សារ ដែល​ប្រើ​ថ្នាំ​គីមី​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី និយាយ​ដូច្នេះ​ថា​៖«​ហូប​ទៅ​វា​អត់​មាន​ជាតិគីមី ចង់​ធ្វើ​អី ចង់​ចំ​ហុប​អី វា​ឆ្ងាញ់​ម៉​ង ទឹកត្រី ក៏​ខ្ញុំ​មិនដែល​ហូប​ដែរ ខ្ញុំ​ហូប​តែ​ទឹកប្រហុក​ផ្ទាល់​។ ខ្ញុំ​នៅសល់​ប្រហុក​កាលពី​ឆ្នាំមុន​មួយ​ខាប់​ទៀត​។ ប្រសិនបើ​ម៉ោង​៤ ម៉ោង​៥​ល្ងាច​មាន​ត្រី ខ្ញុំ​នៅ​យក​ទៀត តែបើ​អត់ ទៅផ្ទះ​ហើយ បាន​ប៉ុនណា យក​ប៉ុណ្ណឹង​ទៅ​»​។​


ទិដ្ឋភាព ការ​ប្រមូលត្រី និងលាង​ត្រី​

​ចំណែក​អ្នកស្រី បិ​ន គីម ដែល​មកពី​ខេត្តតាកែវ​ដែរនោះ មាន​គម្រោង​ទិញ​ត្រី​ពី​១០០ ទៅ ២០០​គីឡូក្រាម ដោយ​អ្នកស្រី បាន​ចំណាយពេល​អស់​២​ថ្ងៃ​មកហើយ ដើម្បី​រង់ចាំ​ទិញ​។ ប៉ុន្តែ​អ្នកស្រី​មិន​សង្ឃឹមថានឹង​ទិញ​បាន​ប៉ុណ្ណឹង​ទេ​។ អ្នកស្រី លើកឡើងថា​៖«​ខ្ញុំ​អត់​ទាន់​ទិញ​បានទេ ព្រោះ​ត្រី​ឆ្នាំនេះ​វា​អត់​សូវ​ត្រូវ ទាល់តែ​បាន​ត្រី​សិន បាន​ត្រឡប់​ទៅវិញ​។ ទោះបី​បាន​ត្រី​តិច ឬ​ច្រើនយ៉ាង​ណាក៏ដោយ​ក៏​តស៊ូ​ឲ្យ​បាន​ខ្លះ បើ​ថ្ងៃស្អែក​នៅតែ​អត់​មាន​ទៀត នឹង​ត្រឡប់​ទៅវិញ​ហើយ​»​។ 
 
​ទោះបី​ឆ្នាំនេះ​មិនសូវមាន​ត្រី​សម្រាប់ធ្វើ​ប្រហុក អ្នកស្រី បិ​ន គីម មិន​ទិញ​ប្រហុក​ច្រើន​ពី​ផ្សារ​ឡើយ​។ អ្នកស្រី បញ្ជាក់ថា​៖«​ពេល​ត្រូវ​ស្ល​ត្រូវ​កាត់​ចម្អាប យើង​ទិញ​ស្ល​ហូប​មួយពេល បើ​អត់​ត្រូវការ​ចាំបាច់ សុខចិត្ត​ស្ល​អី​ផ្សេង​ទៅ ព្រោះ​ហូប​ទៅ​វា​អត់​មាន​រសជាតិ​»​។​
 
​ពលរដ្ឋ​ពី​ខេត្តតាកែវ​ម្នាក់ទៀត គឺ​អ្នកស្រី ឈូក ថន ដែល​កំពុង​ទិញ​ត្រី​បាន​១០០​គីឡូ​ក្រោម​ពី​អ្នកនេសាទ បាន​បញ្ជាក់ថា ត្រី​ដែល​អ្នកស្រី​ទិញ​បាន​នោះ នឹង​យកទៅ​ចែកគ្នា​ជាមួយនឹង​ពលរដ្ឋ​ផ្សេងទៀត​។ សម្រាប់​ត្រី​ដែល​អ្នកស្រី​ទិញ​បាន​សម្រាប់ធ្វើ​ប្រហុក អ្នកស្រី​នឹង​ទុក​ចែក​ក្រុមគ្រួសារ​ដែល​មិន​បានធ្វើ​ប្រហុក​។ 

​សូមបញ្ជាក់ថា រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ ប្រហុក​-​ផ្អក នៅ​រដូវ​ត្រី​ឡើង ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០៕ 
 
ទិដ្ឋភាព ការប្រមូលត្រី
 
ពលរដ្ឋជាច្រើននាក់កំពុង​ទិញ​ត្រី ពី​អ្នក​នេសាទ
 


Tag:
 ត្រី​
 ​ប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com