ខុន ស៊ី​ចាន់ ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ឆ្នាំ ២០២០ លើស​ង្វៀន ONE
ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់ ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ឆ្នាំ ២០២០ លើស​ង្វៀន ONE
05, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកលេង​គុន​ចម្រុះ មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខុន ស៊ី​ចាន់  ដែល​នៅជាប់​កិច្ចសន្យា​ប្រកួត នៅ សង្វៀន ONE Championship នា​ឆ្នាំ​២០២០ បាន​ប្រាប់​ពី​គោលដៅ​របស់ខ្លួន និង​ការតាំង​ចិត្ត​ហ្វឹកហាត់ ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត​ទាំងឡាយ នៅ​ឆ្នាំ​ចាស់​កន្លងទៅ​។ ក្រៅពីនោះ ស៊ី​ចាន់ ក៏បាន​រំលឹក​រឿងរ៉ាវ គួរ​ចងចាំ​ខ្លះៗ​នៅ​ឆ្នាំ ២០១៩ ផងដែរ​។



​បទពិសោធន៍ ឆ្នាំ​២០១៩៖
​នៅ​ឆ្នាំ ២០១៩ ខុន ស៊ី​ចាន់ ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន​ពីរដង ពោល​នៅ​ខែកុម្ភៈ និង​ខែវិច្ឆិកា​។ ទោះជា​បែបណាក៏ដោយ​លទ្ធផល ដែល​កីឡាករ​វ័យ​៣១​ឆ្នាំ រូបនេះ​សម្រេចបាន​មិន​គាប់ប្រសើរ​នោះឡើយ ដោយ​ចាញ់​ទាំងពីរ​លើក​នៅ​ឆ្នាំនេះ​។ កូនសិស្ស​មកពី​ក្លិប​ប្រដាល់ Phnom Penh MMA ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ត្រឹម​ទឹក​ទី​១ ដោយសារ​ក្បាច់​ឃ្លេ​ជាប់​ក កាល​ខែកុម្ភៈ នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​កម្មវិធី ONE:CALL TO GREATNESS​។ រហូតដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ខុន ស៊ី​ចាន់ ចាញ់ ជើង​ខ្លាំង​មកពី​ឥណ្ឌា ជំនាញ​ចំបាប់ Roshan Mainam ត្រឹម​ទឹក​ទី​១​ដូចគ្នា ក្នុង​កម្មវិធី ONE: MASTER OF FATE ដែល​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​វិញ​ម្ដង​។ នេះ​ជា​ជ័យជម្នះ​ដំបូង​របស់ Roshan Mainam ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​ដូចគ្នា​លើស​ង្វៀន​កម្រិត​ពិភពលោក ONE​។ 

  
 
​បន្ទាប់ពី​ធ្វើ​មិន​បានល្អ​ពីរលើក​ជាប់​គ្នា នា​ឆ្នាំ​២០១៩ អតីត​កូនសិស្សលោក ឡោ វុទ្ធី ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ Flyweight បាន​ថ្លែងថា​៖«​ខ្ញុំ​មិន​ស្ដាយក្រោយ​ឡើយ ព្រោះ​ខ្ញុំ​នៅ​ខ្សោយ​ឃ្លេ និង​ចាញ់​ដោយសារ​ឃ្លេ​គេ ទាំងពីរ​ប្រកួត​។ បើសិនជា​ប្រកួត​ក្នុង​ជំហរ​ឈរ ឬ​វ៉ៃ​គុន​ខ្មែរ ខ្ញុំ​អាចធ្វើ​បានល្អ និង​មានប្រៀប​។  ខ្ញុំ​ត្រូវតែ​កែប្រែ រៀន​ក្បាច់​ឃ្លេ ដើម្បី​អភិវឌ្ឍ​ពេល​ប្រកួត​លើកៗ​ក្រោយ​ទៀត​»​។ 
 
​ស៊ី​ចាន់ ធ្លាប់​លើកឡើង​ពេល​ចាញ់ Mainam ថា​៖«​ខ្ញុំ​ស្រឡាំងកាំង ពេលដែល Roshan Mainam វ៉ៃ ហើយ​ដៃ​របស់គេ​មកចាក់​ភ្នែក​ខ្ញុំ​។ ខ្ញុំ​ក៏​រាដៃ ក្រែងលោ​អាជ្ញាកណ្ដាល​ឃាត់​។ ហើយ​ខ្ញុំ​ក៏បាន​លើកដៃ​ជា​សញ្ញា​ដែរ ប៉ុន្តែ​អាជ្ញាកណ្ដាល​អត់​បាន​ឃាត់​ទេ ខណៈដែល​ខ្ញុំ​កំពុង​ឈឺភ្នែក Roshan ក៏​ឆ្លៀត​ឃ្លេ​ខ្ញុំ យកឈ្នះ​តែម្ដង​»​។​
 
​បែបនេះ​ក្ដី ស៊ី​ចាន់ ថា​មិនជា​បញ្ហា​ទេ ព្រោះ​វា​ជាការ​ប្រកួត​ក្នុង​កីឡា​។ កីឡាករ​ដដែល​សង្កត់​ធ្ងន់​បែបនេះ​៖«​បើ​យើង​ស្ទើរ ហើយ​ក្បាច់​មិន​ដល់​គេ គឺ​ចាញ់ហើយ​។ សមត្ថភាព​យើង មិន​ដល់​គេ​។ គេ​ឈ្នះ​តែម​ក្បាច់​ឃ្លេ​លើ​ខ្ញុំ​។ ខ្ញុំ​មិន​ស្ដាយ​ទេ តែ​ត្រូវ​ប្រឹង​និង​កែប្រែ​ឲ្យ​ល្អ​បន្តទៀត​»​។ 
 
​បេសកកម្ម ២០២០ នៅ ONE៖
​ក្រោយ​បរាជ័យ​ទល់នឹង Mainam កាល​ខែវិច្ឆិកា ខុន ស៊ី​ចាន់ បន្ត​ខំប្រឹង​ហ្វឹកហាត់ នៅឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បន្ទាប់មក នៅ​ថ្ងៃទី ១០ ខែ មករា ឆ្នាំ​២០២០​ខាងមុខ ម្ចាស់​ខ្សែក្រវាត់​វាយ​ដាក់​ទ្រុង​កម្ពុជា​រូបនេះ នឹង​ឡើងមក​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ការប្រកួត​នៅ​ឆ្នាំ​ថ្មី​។ ស៊ី​ចាន់ ទំនង​ចូល​ហ្វឹកហាត់ ជាមួយ​គ្រូបង្វឹក​កម្រិត​ខ្សែក្រវាត់​ខ្មៅ ជឺ​ជិត​ស៊ូ ៣ ដាន់ Fernando Salvador  ដដែល ឬ​អាច​នឹង​ផ្លាស់ប្ដូរ​អាស្រ័យ​លើ​គ្រូបង្វឹក Alan Mccune​។ ស៊ី​ចាន់ បញ្ជាក់ ៖«​ខ្ញុំ​អាច​នឹង​ឡើង​វ៉ៃ​នៅ ONE ជាថ្មីទៀត​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​។ តាម​ការគ្រោងទុក ខ្ញុំ​អាច​នឹង​ជួប​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ខែកុម្ភៈ បើសិន​មិនមាន​ការប្រែប្រួល​នោះទេ​។ ខ្ញុំ​ដឹងថា Eko Roni Saputra គេ​ធ្លាប់​វ៉ៃ​នៅ ONE បាន​២​លើក​ដែរ​។ ដៃគូ​ខ្ញុំ​លើក​នេះ មើលទៅ​ស្ទើរ​ក្បាច់​ឃ្លេ ជាង​គូប្រកួត​លើក​មុន​។ ដូច្នេះ​ខ្ញុំ​មានសង្ឃឹម​ច្រើន​»​។ 

  
 
​ស៊ី​ចាន់ រំលឹកថា​៖«​អា​រឿង​ភ្លាត់​ចាញ់​ឃ្លេ​... ខ្ញុំ​នឹង​កែ​ប្រែង​ចំណុច​ទាំងនេះ​ឲ្យ​បាន​ច្រើន នៅ​ឆ្នាំ ២០២០ បន្ទាប់ពី​រៀនសូត្រ​ជូរចត់​ឆ្នាំ​ចាស់​។ ខ្ញុំ​មានការ​ប្រកួត​នៅ​សង្វៀន ONE ជា​ហូរហែ នៅ​ឆ្នាំ​២០២០​នេះ​។ ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​»​។ 
 
​គួររំលឹកថា មុន​ឡើង​ប្រកួត ខុន ស៊ី​ចាន់ ត្រូវបាន​បង្វឹក​ដោយ​លោក Alan Mccune ឬ គ្រូបង្វឹក Fernando Salvador រួមទាំង​គ្រូបង្វឹក​ទើប​មក​ស្រុក​ខ្មែរ​ថ្មីៗ ពី​អាមេរិក លោក Chris kennedy​។ ស៊ី​ចាន់ អាច​នឹង​ហ្វឹកហាត់​នៅ​ក្លិប Prodal សម្រាប់​ក្បាច់គុន​ជឺ​ជិត​សូ និង គុន​ចម្រុះ​។ ចំណែក​គុន​ខ្មែរ​វិញ រូបគេ​នឹង​ទៅ​ហ្វឹកហាត់ នៅ​ក្លិប​ពុទ្ធ​សេរី​វង្ស​។ គួរ​ដឹងថា សមិទ្ធផល​ក្នុងស្រុក ខុន ស៊ី​ចាន់ ជា​ម្ចាស់​ខ្សែក្រវាត់​ប្រកួត​ដាក់​ទ្រុង ហៅថា Khmer Warrior Challenge វគ្គ​១ កាល​ឆ្នាំ ២០១៣​។  ស៊ី​ចាន់ ឡើង​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ បាន​ចំនួន ៨ លើក​ក្នុងនោះ ឈ្នះ ៣ លើក​និង​ចាញ់ ៥ លើក​។​
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម