ក្លិបបាល់ទាត់វិសាខាបាននាំចូលកីឡាករបរទេស និងកម្ពុជាជាបន្តបន្ទាប់ សម្រាប់ត្រៀមប្រជែងដណ្តើមជើងឯកក្នុងរដូវកាលឆ្នាំ២០២០។ ក្លិបនេះ ក៏បានតែងតាំងលោក Arran James Horton អតីតគ្រូបង្វឹកក្រុមយុវជននៅអង់គ្លេស ឲ្យធ្វើជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ផងដែរ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញក្លិបវិសាខាបានចុះកិច្ចសន្យានាំចូលកីឡាករបរទេស និងកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្លិបនេះបានបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Openyemi Korede ដែលជាកីឡាករបរទេសរកគ្រាប់បាល់បានច្រើនជាងគេឲ្យវិសាខាកាលពីរដូវកាលមុន។ ម្ចាស់អាវលេខ២២រូបនេះ ធ្លាប់លេងឲ្យក្លិបអាស៊ីអឺរ៉ុប និងក្លិបជាច្រើននៅប្រទេសថៃដូចជា Bangkok Glass, Rangsit United, Samut Prakan, Thonburi និង Khonkaen FC ជាដើម។
មួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី៤ មករា ក្លិបបញ្ចប់ចំណាត់ថ្នាក់ជើងឯករងក្នុងពានរង្វាន់លីគកំពូលឆ្នាំ២០១៩ មួយនេះ បានចុះកិច្ចសន្យានាំចូលខ្សែការពារអាហ្វ្រិកខាងត្បូង Mohammed Khan ដែលបានចែកផ្លូវជាមួយក្រសួងការពារជាតិ ក្រោយលេងបានពាក់កណ្តាលរដូវកាលឆ្នាំ២០១៩។
មុនមកប្រកបអាជីពនៅកម្ពុជាកីឡាករវ័យ២៧ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិបលីគទី២នៅប្រទេសកំណើត Milano United មុនផ្ទេរ ទៅ Tshakhuma Tsha Madzivhandila នៅលីគទី២ដូចគ្នា។ កាលពីដើមរដូវកាលឆ្នាំ២០១៩ Mohammed Khan បានចុះកិច្ចសន្យាលេងឲ្យក្លិបលំដាប់ទី៤ថៃ Phattalung FC មុនផ្ទេរមកកាន់ក្រសួងការពារជាតិនៅពាក់កណ្តាលរដូវកាល។
នៅថ្ងៃនោះដែរ វិសាខាបានចុះកិច្ចសន្យានាំចូលខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ដែលទើបចែកផ្លូវជាមួយក្រសួងការពារជាតិ ក្រោយរួមរស់ជាមួយគ្នាប្រមាណ៥ឆ្នាំ។ កីឡាករវ័យ២៧ឆ្នាំរូបនេះចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់អាជីពដំបូងជាមួយក្លិបបៀលប្រាយយូណាយធីត(បានដកខ្លួនចេញពីការប្រកួត)។
ខ្សែប្រយុទ្ធកម្ពស់១.៧៨ម៉ែត្ររូបនេះ បានជាប់ជម្រើសជាតិក្នុងឈុតយុវជនតាំងពីឆ្នាំ២០១២ ហើយបានបន្តជាប់ជម្រើសជាតិក្នុងក្រុមឈុតធំជាបន្តបន្ទាប់។ ប៊ុនហៀង បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិយុវជន និងឈុតធំបានចំនួន៨លើក ដោយរកបានពីរគ្រាប់។ រូបគេជាកីឡាករកម្ពុជាចំណូលថ្មីទីពីររបស់វិសាខា បន្ទាប់ពីការចូលរួមរបស់ខ្សែបម្រើ ច្រឹង ពលរដ្ឋ។
នៅថ្ងៃទី៥ ខែមករា វិសាខាបានទិញចូលខ្សែបម្រើ Mustafa Zazai សមាជិកក្រុមជម្រើសជាតិអាហ្គានីស្ថាន។ កីឡាកររូបនេះបានចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោននៅពាក់រដូវកាលឆ្នាំ២០១៩ ហើយក៏បានចែកផ្លូវគ្នាក្រោយចប់រដូវកាល។ កីឡាករវ័យ២៧ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិប Kelantan FA ក្របខណ្ឌកំពូលម៉ាឡេស៊ីបានពាក់កណ្តាលរដូវកាលឆ្នាំ២០១៩ ដោយរកបាន៣គ្រាប់សម្រាប់ការបង្ហាញ៩លើក។
ខ្សែបម្រើរូបនេះបានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូងដោយធ្វើជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺម៉ង់ពីឆ្នាំ២០០៦-២០០៩។ បន្ទាប់មករូបគេបានផ្លាស់ទៅក្លិបអាល្លឺម៉ង់ SC Concordia Hamburg មុនផ្ទេរទៅធ្វើជាយុវជន VfB Lübeck ចន្លោះពីឆ្នាំ២០១១-២០១២។
រូបគេត្រូវបានក្លិបអាល្លឺម៉ង់ VfB Lübeck ដំឡើងឲ្យលេងកម្រិតអាជីពពីឆ្នាំ២០១២-២០១៣។ ZaZai បានមកកាន់ទឹកដីអាស៊ានលើកដំបូងនៅឆ្នាំ២០១៨ ដោយលេងក្លិបអាជីពរបស់ថៃ Chachoengsao FC។ ក្រោយលេងបានពាក់កណ្តាលរដូវកាលរូបគេបានផ្ទេរទៅលេងឲ្យក្លិប Phrae United នៅថៃដូចគ្នា មុនផ្ទេរទៅក្លិបម៉ាឡេស៊ី Kelantan FA នៅរដូវកាលឆ្នាំ២០១៩។
នៅថ្ងៃនោះដែរ ខ្សែបម្រើអូបេគីស្ថាន Alisher Mirzaev បានក្លាយជាកីឡាករបរទេសទី៤របស់វិសាខា។ នេះជាការមកកាន់ទឹកដីអាស៊ានដំបូងរបស់សមាជិកក្រុមជម្រើសជាតិអូបេគីស្ថានរូបនេះ។ វាក៏ជាលើកដំបូងផងដែរ សម្រាប់ការចេញមកប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេសសម្រាប់កីឡាកររូបនេះ។
វិសាខាតែងតាំងលោក Arran James Horton ជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ ក្លិបវិសាខាបានប្រកាសតែងតាំងលោក Arran Horton James អតីតខ្សែបម្រើលេងឲ្យក្លិបក្នុងលីគអង់គ្លេស ឲ្យធ្វើជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់គ្រប់កម្រិតប្រចាំក្លិប។ បុរសវ័យ៣២ឆ្នាំរូបនេះកើតនៅក្នុងទីក្រុង Leed ប្រទេសអង់គ្លេស ហើយបានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់អាជីពដំបូងជាមួយក្លិប Wakefield FC នៅឆ្នាំ២០១៥។
ក្នុងអំឡុងពេលប្រកបអាជីពជាមួយក្លិបនេះ រូបគេក៏ជាគ្រូបង្វឹកក្រុមយុវជននៅក្លិប Wetherby Athletic Juniors និង Leed United ផងដែរ។ ក្រោយមកបុរសសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានថ្នាក់ដឹកនាំក្លិបបញ្ជូនឲ្យទៅធ្វើជាគ្រូសាលាបាល់ទាត់របស់ក្លិប Leed United នៅប្រទេសចិន៕