រដ្ឋាករទឹក​ស្វយ័ត​សៀមរាប កំពុង​សង់រោង​ចក្រ​ផលិត​ទឹកស្អាត​មួយទៀត ដោយ​ទាញ​ទឹក​ពី​បឹង​ទន្លេសាប​
ជាតិ
រដ្ឋាករទឹក​ស្វយ័ត​សៀមរាប កំពុង​សង់រោង​ចក្រ​ផលិត​ទឹកស្អាត​មួយទៀត ដោយ​ទាញ​ទឹក​ពី​បឹង​ទន្លេសាប​
07, Jan 2020 , 8:19 am        
រូបភាព
​សៀមរាប​៖ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប នឹង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ខ្នាត​ធំ​មួយកន្លែង​ទៀត មាន​ទីតាំងនៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ នេះ​ជា​រោងចក្រ​ដំបូង​ដែល​ទាញ​ទឹក​ពី​បឹង​ទន្លេសាប ដែល​វា​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ចំនួន ៦០,០០០​ម​3/​ថ្ងៃ ។ នេះ​បើតាម លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​។

 
​លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា រោងចក្រ​ផលិត​ទឹកស្អាត​នេះ​កំពុង​សាងសង់ ហើយ​គ្រោង​ធ្វើ​ពិធី​បញ្ចុះសីមា នៅ​ខែមីនា ឬ​ខែមេសា​។ រោងចក្រ​នេះ​ទទួលបាន​
​ឥណទាន​ពី​រាជរដ្ឋាភិបាល​ជប៉ុន​តា​មរយៈ​អង្គការ JICA​។ លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ ជឿជាក់ថា នឹង​អាចបំពេញ​តម្រូវការ​ទឹកស្អាត ដល់​ប្រជាជន​ក្នុង​ក្រុង​សៀមរាប ដែលមាន​ចំនួន​សរុប​៤៣​ពាន់​គ្រួសារ ស្មើនឹង​ជាង​២៣​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០២៣​។ តាម​ការ​ព្យាករ បច្ចុប្បន្ន​ក្រុង​សៀមរាប មាន​តម្រូវការ​ទឹកស្អាត ប្រមាណ ៦០,០០០​ម​3/​ថ្ងៃ ហើយ​ចំនួន​នេះ នឹង​កើន​ដល់ ៩០,០០០​ម​3/​ថ្ងៃ នៅ​ឆ្នាំ ២០៣០​។ 
 
​បើតាម​លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ ខេត្តសៀមរាប មាន​រោងចក្រ​ផលិត​ទឹកស្អាត​ចំនួន​២​កន្លែង​។ ទីមួយ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ទឹក​វិល​ទី​១ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​១៥,០០០​ម​3/​ថ្ងៃ ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ JACA និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត ទឹក​វិល​ទី​២ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៥,០០០​ម​3/​ថ្ងៃ​។ រោងចក្រ​នេះ ស្ថិតក្រោម​ឥណទាន​សម្បទាន​របស់​រដ្ឋាភិបាល​បារាំង តាមរយៈ AFD​។ ដូច្នេះ បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​ចំនួន ៣០,០០០​ម​3/​ថ្ងៃ ដែល​គ្របដណ្ដប់​លើ​ប្រជាជន​ប្រមាណ​៣៥​ភាគរយ​ប៉ុណ្ណោះ​៕

Tag:
 រដ្ឋាករទឹក​
 ​ទឹកស្អាត​
 ​ឃុ​ត វុ​ត្យា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com