ផល​នេសាទ​ទឹកសាប​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ធ្លាក់ចុះ​ជាង​១០​ភាគរយ​
ជាតិ
ផល​នេសាទ​ទឹកសាប​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ធ្លាក់ចុះ​ជាង​១០​ភាគរយ​
07, Jan 2020 , 7:59 pm        
រូបភាព
ត្រីកេសដែលចាប់បានពីបឹងទន្លេសាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ត្រីកេសដែលចាប់បានពីបឹងទន្លេសាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ផល​នេសាទ​ទឹកសាប​ក្នុង​ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ​ជាង​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល VOA ទទួលបាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

 
​របាយការណ៍​បង្ហាញថា ផល​នេសាទ​ទឹកសាប​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​ជាង​៤៧​ម៉ឺន​តោន ដែល​ធ្លាក់ចុះ​ជាង​៥​ម៉ឺន​តោន គឺ​ស្មើនឹង​១០​ភាគរយ បើ​ធៀប​នឹង​ផល​នេសាទ​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ជាង​៥៣​ម៉ឺន​តោន​។​
 
​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា បាន​លើកឡើងថា ការប្រែប្រួល​អាកាសធាតុ បាន​ប៉ះពាល់​ដល់​ទឹកភ្លៀង ដែលជា​មូលហេតុ​នាំ​ឲ្យ​ត្រី​ធ្លាក់ចុះ​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖ «​អ៊ីចឹង​ដូចជា​ឆ្នាំ​ហ្នឹង វា​មានការ​ប្រែប្រួល​អាកាសធាតុ អ៊ីចឹង​យើង​ឃើញ​ភ្លៀង​នៅក្នុង​តំបន់​ហ្នឹង​វា​តិច វា​តិចជាង​មុន​។ វា​ភ្លៀង​តិច​ហើយ​វា​ភ្លៀង​អត់​ដើមរដូវ អ៊ីចឹង​ហើយ​បាន​វា​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ហ្នឹង​វា​ក្រ​ឆាប់​ឡើង ហើយ​ដល់ពេល​វា​ឡើង​ហើយ វា​ស្រក​វិញ​លឿន​»​។​
 
​ប្រជា​នេសាទ​បង្ហាញ​ការព្រួយបារម្ភ​ថា ទន្លេសាប​ដែល​បានផ្តល់​ប្រូតេអ៊ីន​ជាង​៧៥​ភាគរយ​ដល់​ប្រជាជន​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ត្រី ដោយសារ​ផល​នេសាទ​របស់ខ្លួន​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០​នេះ មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​


រូប​ឯកសារ៖ ទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​ជាង​១០០​គ្រួសារ​នៅ​លើ​ដង​ទន្លេសាប​ ​ខាង​ជើង​ស្ពាន​ជ្រោយ​ចង្វា​ថ្មី​ ដែលផ្លាស់​ទី​ដើម្បី​ការពារ​មិន​ឲ្យ​ត្រីស្លាប់​ក្នុងបែ​ដោយ​កត្តា​អាកាសធាតុ​ក្តៅ​ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ០២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
 
​លោក ស៊ឺ ម៉ៅ តំណាង​គន្លង​ដាយ​ត្រី ១៥E នៅ​ទន្លេសាប​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ប្រាប់​VOA ថា​អំឡុង​រដូវ​នេសាទ​ត្រី​ប្រហុក ផ្អក​លើក​ទី​ពីរ​នេះ​ដែល​បានចាប់ផ្តើម​នៅ​ដើមខែ​មករា​ឆ្នាំ​២០២០ ផល​នេសាទ​របស់លោក​កាន់តែ​តិចជាង​មុន​។ ដោយ​ក្នុង​មួយ​ម៉ោង លោក​អាច​នេសាទ​បាន​ប្រហែល​១០០​ទៅ​២០០​គីឡូក្រាម​ប៉ុណ្ណោះ​ប៉ុន្តែ​ឆ្នាំមុន លោក​អាច​នេសាទ​បាន​៤០០​ទៅ​៥០០​គីឡូក្រាម​។ ការណ៍​នេះ​បណ្តាល​ឲ្យ​តម្លៃ​ត្រី​ឡើងថ្លៃ​។​
 
​លោក​បាន​និយាយថា​៖ «​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យើង​។ អត់​ត្រី ត្រី​វា​ថ្លៃ​។ ប្រវត្តិសាស្ត្រ​នៅ​ស្រុក​ខ្មែរ​យើង មិនដែល​មាន​ត្រី​ប្រហុក​ណាមួយ​គីឡូ បី​បួន​ពាន់​។ មួយ​គីឡូ​ឥឡូវ​មាន​ហើយ​ហ្នឹង​ឆ្នាំ​ហ្នឹង​»​។​
 
​លោក សូ​យ កែវ លេខា​សហគមន៍​នេសាទ​បឹង​ទន្លេសាប កោះ​ព្រែ​ករាំង​សីល ក្នុង​ខេត្តពោធិ៍សាត់ បាន​ប្រាប់​VOA​ថា​ផល​នេសាទ​ឆ្នាំនេះ ធ្លាក់ចុះ​ខ្លាំង​ដែល​វា​ខុសប្លែក​ពី​ឆ្នាំមុនៗ ហើយ​វា​បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​នេសាទ​នៅក្នុង​សហគមន៍​របស់លោក​យ៉ាងខ្លាំង​។​
 
​លោក​បាន​ប្រាប់ VOA ថា​៖ «​អត់​មាន​ត្រី​ហ្មង រាល់​ឆ្នាំ​វា​មាន ខែ​ហ្នឹង​ត្រូវ​លិច​ទូក លិច​ច្បារ មួយៗ​រាប់រយ​គីឡូ​បណ្តោយ ប៉ុន្តែ​ឆ្នាំ​ហ្នឹង ម្នាក់ៗ​បួនដប់​ម្ភៃ​គីឡូ ម្ភៃ​សាមសិប​គីឡូ មានអី​ហ្នឹង​ត្រូវ​។ ចេះ​ថា​អា​ដំបូង​សង្ឃឹម​ពេល​ទឹក​ស្រក ដល់ពេល​ទឹក​ស្រក អត់​បណ្តោយ អត់​មាន​»​។​


រូប​ឯកសារ៖ អ្នក​នេសាទ​លើក​មង​ចាប់​ត្រីនៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។
 
​ទន្លេសាប​របស់​កម្ពុជា គឺជា​បឹង​ទឹកសាប​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​វា​បានផ្ដល់​ផល​នេសាទ​ប្រមាណ​៥០​ម៉ឺន​តោន​ជា​រៀងរាល់ឆ្នាំ​។​
 
​លោក Brian Eyler អ្នកនិពន្ធ​សៀវភៅ «Last Days of the Mighty Mekong» និង​នាយក​គម្រោង​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​Stimson​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​លើកឡើងថា ផល​នេសាទ​ដែល​ធ្លាក់ចុះ​នេះ​គឺ​បណ្ដាលមកពី​រដូវ​ទឹក​ឡើង​នៅ​បឹង​ទន្លេសាប និង​ទន្លេមេគង្គ មាន​រយៈពេល​ខ្លី​។ លោក​បន្តថា ជាក់ស្ដែង​ជំនន់​បឹង​ទន្លេសាប​រាល់​ឆ្នាំ គឺមាន​រយៈពេល​៤​ខែ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ជំនន់​បឹង​ទន្លេសាប មាន​រយៈពេល​ត្រឹមតែ​៦​សប្ដាហ៍​ប៉ុណ្ណោះ​។​
 
​បើតាម​លោក Brian Eyler ដដែល ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ​ដែល​បាន​បង្អាក់​ការ​បម្លាស់​ទី​របស់​ត្រី និង​ការទប់ស្កាត់​ការនេសាទ​ត្រី​ខុសច្បាប់​មិនមាន​ប្រសិទ្ធភាព ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​ត្រី​ធ្លាក់ចុះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com