ជាតិ
សង្គមជាតិ
តុលាការ ដោះលែងម្ចាស់អគារបាក់រលំនៅក្រុងកែប
07, Jan 2020 , 10:34 am        
រូបភាព
លោក ឯក សារុន និង ភរិយា ដែលជាម្ចាស់អគារបាក់រលំនៅក្រុងកែប ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពត ចេញដីកានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ អនុញ្ញាតឲ្យរស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើតាមលោក ម៉ាន់ បូរ៉េត ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកំពត ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៧ ខែមករា។



លោក ម៉ាន់ បូរ៉េត អះអាងថា លោក មិនដឹងច្បាស់ពីមូលហេតុក្នុងការដោះលែងលោក ឯក សារុន និង ភរិយាទេ។ តែលោក សន្និដ្ឋានខ្លួនឯងថា ការដោះលែងនេះ ទំនងដោយសារតែកំហុសអ្នកទាំងពីរ កើតឡើងដោយអចេតនា ហើយគ្រាន់តែជាបទល្មើសមជ្ឈិម។  

ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកំពតរូបនេះ បន្តលើកពីហេតុដែលចៅក្រមស៊ើបសួរសម្រេចដោះលែងទៀតថា ប្តីប្រពន្ធទាំងពីរនាក់ មានលំនៅដ្ឋានច្បាស់លាស់ ហើយថែមទាំងបានបង់ប្រាក់តម្កល់នៅតុលាការ៣៥៤លានរៀលថែមទៀត។ លើសពីនេះ លោក បញ្ជាក់ថា អ្នកទាំងពីរ ត្រូវបានតុលាការ ហាមឃាត់មិនឲ្យចាកចេញពីកម្ពុជានោះទេ។ 

យ៉ាងណាក៏ដោយ មន្រ្តីតុលាការខេត្តកំពតខាងលើ បកស្រាយថា អ្នកទាំងពីរ គ្រាន់តែអនុញ្ញាត ឲ្យនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ ចំណែកនីតិវិធីចំពោះពួកគេ គឺនៅតែបន្តដដែល។ លោក បន្ថែមថា ក្រៅតែប្តីប្រពន្ធពីរនាក់នេះ គ្មានអ្នកណាផ្សេង ដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបាក់អគារកម្ពស់៦ជាន់នៅក្រុងកែបឡើយ។ 

ក្រោយពីអគារកម្ពស់៦ជាន់របស់ខ្លួនបាក់រលំ កាលពីល្ងាចថ្ងៃទី៣​ ខែមករា លោក ឯក សារុន និង ភរិយា ក៏ត្រូវបានសមត្ថកិច្ចខេត្តកែប ចាប់ខ្លួន ហើយបញ្ជូនទៅតុលាការខេត្តកំពត (ខេត្តកែប មិនទាន់មានតុលាការ)។ ឧបទ្ទវហេតុបាក់អគារនេះ បានសម្លាប់មនុស្ស៣៦នាក់ និងមានអ្នករបួស២៣នាក់។  

អត្ថបទទាក់ទង


ការបាក់អគារនៅក្រុងកែប គឺជាករណីទី៣ហើយ។ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ មានករណីបាក់អគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ ដោយសម្លាប់មនុស្ស២៨នាក់ និងមានអ្នករបួស២៦នាក់ ហើយនៅដើមខែធ្នូ ឆ្នាំ២០១៩  មានករណី​បាក់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​នៅ​ក្រុង​សៀមរាប ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​មាន​អ្នករបួស​១៣​អង្គ​/​នាក់​។

អគារ​ទាំង​៣ ដែល​បាក់​រលំ​នេះ សុទ្ធតែ​ស្ថិតក្នុង​ដំណើរការ​សាងសង់ ហើយ​អ្នកស្លាប់​និង​អ្នករបួស​ភាគច្រើន ជា​កម្មករសំណង់​ និងជាកូន-ប្រពន្ធរបស់កម្មករសំណង់៕


Tag:
 រលំអគារនៅកែប
  ដោះលែងម្ចាស់អគារ
© រក្សាសិទ្ធិដោយ thmeythmey.com