អ៊ីរ៉ង់ បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រមាណ​១០​គ្រាប់​ដាក់​បន្ទាយទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​
អន្តរជាតិ
អ៊ីរ៉ង់ បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រមាណ​១០​គ្រាប់​ដាក់​បន្ទាយទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​
08, Jan 2020 , 9:23 am        
រូបភាព
កងទ័ពអ៊ីរ៉ាក់ក្នុងបន្ទាយ Ain Al-Asad (រូបភាព AFP)
កងទ័ពអ៊ីរ៉ាក់ក្នុងបន្ទាយ Ain Al-Asad (រូបភាព AFP)
​នៅ​ថ្ងៃទី​៨ ខែមករា​នេះ យោធា​អ៊ីរ៉ង់ បាន​ផ្លោង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ដាក់​បន្ទាយ​ទ័ព​អ៊ីរ៉ាក់​ដែល​ទ័ព​អាមេរិក​ឈរជើង ដើម្បី​សងសឹក​ការស្លាប់​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani ក្រោម​សា្ន​ដៃ​អាមេរិក​។ កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក៏បាន​ចេញមុខ​ព្រមាន​អាមេរិក​ថែមទៀត បើ​វ៉ាស៊ីនតោន​ហ៊ាន​វាយបកនឹងការវាយប្រហារ​នេះ​។ មន្ត្រី​យោធា​អាមេរិក អះអាងថា ខ្លួន​បាន​រំពឹង​ពី​ការវាយប្រហារ​នេះ​រាប់​ថ្ងៃ​មកហើយ​។ បើតាម​សេត​វិមាន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​តាមដាន​ព្រឹ​ត្ត​ការណ៍​នេះ​យ៉ាង​ជាប់​។

 
​ផ្សែង​ខ្មួលខ្មាញ់ បាន​ផុស​ចេញពី​បន្ទាយទ័ព​អ៊ីរ៉ាក់ Ain al-Asad ជាទី​ដែល​ទ័ព​អាមេរិក​ឈរជើង បន្ទាប់ពី​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​នៅ​ថ្ងៃទី​៨ ខែមករា​។ អ៊ីរ៉ង់ បាន​ចេញមុខ​ទទួលស្គាល់​ពី​ប្រតិបត្តិការ​ផ្លូវការ​អាកាស​របស់ខ្លួន​ភ្លាមៗ​ផងដែរ ដោយ​ប្រកាសថា នេះ​ជាការ​សងសឹក​នឹង​ការធ្វើឃាត​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani ក្នុងការ​វាយប្រហារ​ដែ​ន​អាកាស​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​៣ ខែមករា​កន្លងទៅ​។ 
 
​ប្រភព​សន្តិសុខ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា រ៉ុក្កែត​៩​គ្រាប់ បាន​ធ្លាក់ចូល​បន្ទាយ Ain al-Asad ដែលជា​បន្ទាយទ័ព​ធំជាងគេ​របស់​អ៊ីរ៉ាក់​។ ប្រភព​ដដែល​បន្តថា ការវាយប្រហារ​នេះ ធ្វើឡើង​ចំនួន​បី​ជុំ​ឯណោះ​។ ប៉ុន្តែ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ អះអាងថា អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ដល់​ទៅ​១០​គ្រាប់​ឯណោះ​ដាក់​បន្ទាយ​នេះ ហើយក៏​គំរាម​បាញ់​បន្ថែមទៀត ប្រសិន​អាមេរិក​បើក​ប្រតិបត្តិការ​វាយបក​វិញ​នោះ​។ 
 
​យ៉ាងណាមិញ ចំនួន​មី​ស៊ី​ល​ដែល​បាញ់​នេះ អាចមាន​ច្រើនជាង​នេះ​។ មន្ទីរ​បញ្ច​កោណ​អះអាងថា អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើនជាង​១០​គ្រាប់​ចេញពី​ទឹកដី​របស់ខ្លួន សំដៅ​បន្ទាយ Ain al-Asad និង​ទីតាំង​ឈរជើង​មួយទៀត​របស់​សម្ព័ន្ធមិត្ត​ចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។ ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​ទទួលបន្ទុក​កិច្ចការ​សាធារណៈ Jonathan Hoffman និយាយថា ក្រៅពី​មូលដ្ឋាន al-Asad បន្ទាយ​មួយទៀត​នៅ Irbil ក៏ត្រូវ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ដែរ​។​
 
​ក្រោយ​ការវាយប្រហារ​របស់​អ៊ីរ៉ង់ សេត​វិមាន​ក៏​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​បញ្ជាក់ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​តាមដាន​សភាពការណ៍ និង​ពិភាក្សា​ជាមួយ​មន្ត្រី​សន្តិសុខ​ជាតិ​របស់លោក​។ បន្ទាយ al-Asad ជាទី​ដែល​លោក ត្រាំ ចុះសួរសុខទុក្ខ​កងទ័ព​អាមេរិក​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០១៨ ។ 
 
​ការវាយប្រហារ​នេះ ជា​រឿង​ដែល​អាមេរិក​គិតទុក​មុន​ទៅហើយ​ក្រោយ​ការស្លាប់​របស់​មេបញ្ជាកា​រ​កម្លាំង Qud ដ៏​មានអំណាច​នោះ​។ នៅ​ថ្ងៃទី​៧ ខែមករា រដ្ឋមន្ត្រី​ការពារជាតិ​អាម​រិ​ក ម៉ាក អេ​ស្ពើ និយាយថា អាមេរិក បាន​ត្រៀម​ផែនការ​ទុកជា​ស្រេច​ទៅនឹង​ការ​សងសឹក​ណាមួយ​រប​ស់​អ៊ីរ៉ង់ ហើយក៏​ត្រៀម​ឆ្លើយតប​ឲ្យ​បាន​សមស្រប​នឹង​សកម្មភាព​ទាំងឡាយ​របស់​ទីក្រុង​តេ​ហេ​រ៉ង់​ផងដែរ​៕ 

Tag:
 អ៊ីរ៉ង់​
  អ៊ីរ៉ាក់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com