ជាតិ
សេដ្ឋកិច្ច
ក្រសួង​សាធារណការ រកចំណូលបាន ជិត​១២​លាន​ដុ​លា្ល​រ ក្នុង​ឆ្នាំ​២០១៩
09, Jan 2020 , 7:59 am        
រូបភាព
សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅទីស្តីការក្រសួង នាថ្ងៃទី៨មករា។
សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅទីស្តីការក្រសួង នាថ្ងៃទី៨មករា។
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រកប្រាក់​ចំណូល​សម្រាប់​រដ្ឋ​បាន​ជាង​៤៨,៥​ពាន់​លាន​រៀល​(​ប្រមាណ​១១,៨៩​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​២០១៩ ។  នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

 
​ក្នុង​របាយការណ៍​ដដែល​នេះ ក៏​រៀបរាប់​ពី​ប្រភព​ចំណូល​ផ្សេងទៀតៗ​របស់​ក្រសួង​សាធារណការ​ផងដែរ​។​ក្រសួង បា​នរក​ចំណូល​ច្រើនជាងគេ គឺ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត មាន​ប្រមាណ​១,៥​លាន​ដុល្លារ និង​ការពិន័យ ការដាក់ទណ្ឌកម្ម​ពិន័យ មាន​ជាង​១,៣​លាន​ដុ​លា្ល​រ​។  ក្រៅពីនេះ ក៏មាន​ប្រភព​ចំណូល​ពី​ប្រាក់ចំណេញ​របស់​សហគ្រាស​សាធារណៈ មាន​១,១​លាន​ដុ​លា្ល​រ​, ចំណូល​ពី​ការត្រួតពិនិត្យ​គុណភាព​ផលិតផល និង​ការគោរព​បទដ្ឋាន មាន​ជាង​៣៥​ម៉ឺន​ដុ​លា្ល​រ​, ចំណូល​ពី​ការចុះ​យានយន្ត និង​ជលយាន មាន​១០​ម៉ឺន​ដុល្លារ​, ចំណូល​ពី​ការផ្តល់​ប័ណ្ណបើកបរ​គ្រប់​ប្រភេទ មាន​ជាង​៨​ម៉ឺន​ដុល្លារ និង​ចំណូល​បាន​ពី​ការជួល​សម្ភារ​បរិក្ខារ ម​ធ្យា​បាយ​ដឹកជញ្ជូន និង​គ្រឿងចក្រ​មាន​៤,៨​ម៉ឺន​ដុល្លារ​។ 
 
​ក្រសួង​សាធារណការ ក៏​ទទួលបាន​ចំណូល​ប្រចាំឆ្នាំ​២០១៩​កន្លងមកនេះ ពី​ផល​ពី​ការបង្កើត​សហគ្រាស​ជិត​៤២​ម៉ឺន​ដុល្លារ​, ចំណូល​ពី​ការជួល​ដី និង​អាគារ ជាង​២០​ម៉ឺន​ដុល្លារ​, ចំណូល​ពី​ផល​ផ្សេងៗ និង​ផល​ពិសេស​មាន​ជាង​៦,២​លាន​ដុល្លារ  និង​ប្រាក់ចំណូល​បាន​ពី​បដិភាគ​ក្នុង​និង​ក្រៅប្រទេស​មាន ២​លាន​ដុល្លារ ផងដែរ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​៕ 

Tag:
 ចំណូល​ជាតិ​
  ដឹកជញ្ជូន​
© រក្សាសិទ្ធិដោយ thmeythmey.com