កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ Tien Linh ថាជោគជ័យរបស់វៀតណាម នឹងជំរុញក្រុមនៅប្រទេសជិតខាង
× Nguyen Tien Linh ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ហ៊ានអះអាងថាភាពជោគជ័យរបស់ក្រុមខ្លួនសព្វថ្ងៃ នឹងជំរុញទឹកចិត្តប្រទេសជិតខាងឲ្យកាន់តែប្រឹងប្រែងឡើង ដើម្បីភាពរីកចម្រើនវិស័យកីឡាបាល់ទាត់របស់ពួកគេ។ Tien Linh និយាយដូច្នេះ អំឡុងរូបគេទៅដល់ប្រទេសថៃ ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ AFC U23 Championship ឆ្នាំ២០២០។
កាលពី២ឆ្នាំមុន ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់វៀតណាម ទទួលបានរងជើងឯក ពាន AFC U23 ដែលរៀបចំនៅប្រទេសចិន ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ពីរឆ្នាំក្រោយ ពោលគឺនៅឆ្នាំ ២០២០នេះ វៀតណាមទទួលបានកៅអីទៅប្រជែងពានប្រចាំតំបន់អាស៊ីនេះជាថ្មី។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Tien Linh ដែលទើបជួយវៀតណាមឈ្នះមេដាយមាសវិញ្ញាសាបាល់ទាត់បុរស ពីព្រឹត្តិការណ៍ស៊ីហ្គេមនៅហ្វីលីពីន ឆ្នាំ២០១៩ បានបង្ហាញការជឿជាក់លើក្រុមរបស់ខ្លួនយ៉ាងខ្លាំងក្នុងការប្រជែងយកពាន AFF Cup នេះ។
សមិទ្ធផល និងភាពខ្លាំងរបស់ក្រុមផ្កាយមាសក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលរួមមានការឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ AFC Asian Cup 2019 និងការឈ្នះមេដាយមាសស៊ីហ្គេមជាដើមនោះ សុទ្ធសឹងជាទុនសម្រាប់វៀតណាម។
«បាល់ទាត់វៀតណាមបានពង្រឹងស្ថានភាពរបស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំកន្លងមក ហើយក៏បានបង្ហាញពីការអភិវឌ្ឍដ៏គួរកត់សម្គាល់ផងដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះជាសញ្ញាល្អមួយសម្រាប់បាល់ទាត់វៀតណាមក៏ដូចជាបាល់ទាត់ក្នុងតំបន់ដែលកំពុងមានភាពចាស់ទុំនាពេលបច្ចុប្បន្ន។ វឌ្ឍនភាពទាំងអស់នេះ ក៏មានន័យថាបាល់ទាត់វៀតណាមនឹងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិបន្ថែមទៀតផងដែរ»។ នេះជាការលើកឡើងរបស់ Tien Linh ខ្សែប្រយុទ្ធក្រុម Becamex Binh Duong F.C នៃលីគបាល់ទាត់កំពូលវៀតណាម។
Tien Linh ដែលស៊ុតពីចម្ងាយ ដើម្បីជួយសម្រើជាតិឈុតធំវៀតណាមយកឈ្នះអេមីរ៉ាតអារ៉ាប់រូមក្នុងវគ្គជម្រុះ World Cup ២០២២ កន្លងមកបន្ថែមថា ការរីកចម្រើនរបស់បាល់ទាត់វៀតណាម នឹងជួយក្រុមនៅអាស៊ីអាគ្នេយ៍ទាំងអស់ មានកម្លាំងចិត្តថែមទៀតដើម្បីខិតខំឆ្ពោះទៅមុខដល់កម្រិតថ្មីមួយនៅក្នុងតំបន់។
«សម្រាប់ខ្ញុំ មុនពេលដែលខ្ញុំមានអាយុ៣០ឆ្នាំ ខ្ញុំចង់លេងនៅក្នុងការប្រកួតជាច្រើន។ មហិច្ឆតាធំបំផុតរបស់ខ្ញុំគឺលេង FIFA World Cup ជាមួយវៀតណាម»។
U23 វៀតណាមនឹងត្រូវបើកឆាកការប្រកួតដំបូងទល់នឹងអេមីរ៉ាតអារ៉ាប់រូម ក្នុងវគ្គសន្សំពិន្ទុពូល D នៅថ្ងៃសុក្រទី១០ ខែមករា វេលាម៉ោង៥ និង១៥នាទីល្ងាច [ម៉ោងនៅកម្ពូជា] នាកីឡដ្ឋាន Buriram។ ក្នុងពូល D មាន៤ក្រុមដូចជា ហ្សកដានី កូរ៉េខាងជើង អេមីរ៉ាតអារ៉ាប់រួម និងវៀតណាម៕
Tag:
Nguyen Tien Linh
វៀតណាម
AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com