ជាតិ
នយោបាយជាតិ
អាមេរិក បន្តបញ្ចេញសារគាំទ្រពលរដ្ឋកម្ពុជា និងការផ្សះផ្សាជាតិ ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង ឯកអគ្គរដ្ឋទូតអាមេរិកនាពេលកន្លងមក (រូបពីស្ថានទូតអាមេរិក)
× ក្នុងទិវារម្លឹកខួបលើកទី៤១នៃជ័យជម្នះ៧មករា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុក បង្ហាញពីការចូលរួមចងចាំជាមួយប្រជាជាពលរដ្ឋកម្ពុជា ចំពោះការបាត់បង់ជីវិតមនុស្ស និងផលប៉ះពាល់ជាច្រើនក្នុងរបបខ្មែរក្រហម។ ស្ថានទូតអាមេរិក គត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញពីភាពរឹងមាំអស់ជាច្រើនទសវត្សរ៍មកហើយ និងបានប្តេជ្ញាចិត្ត នាំកម្ពុជា មកដល់សព្វថ្ងៃនេះ។
ស្ថានទូតអាមេរិក សរសេរដូច្នេះថា៖«សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ការផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព ដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងវិញ»។
នៅថ្ងៃទី៨ ខែមករា ស្ថានទូតអាមេរិក បានប្រាព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចូលរួមពិធីរម្លឹកខួបនេះ។
កន្លងមក ស្ថានទូតអាមេរិក ធ្លាប់ស្នើឲ្យរដ្ឋាភិបាល បើកចំហបរិកាសយនយោបាយ ដូចជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញសំឡេងអ្នកប្រឆាំង និង ទម្លាក់បទចោទចេញពីលោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំង ជាដើម។ ស្ថានទូតអាមរិក ក៏ធ្លាប់ជំរុញឲ្យមានកិច្ចសន្ទនារវាងអ្នកប្រឆាំងនិងរដ្ឋាភិបាលផងដែរ។
ស្ថានទូតអាមេរិក យល់ថា ឥរិយាបថទាំងនេះ គឺជាចំណុចនៃការផ្សះផ្សាជាតិ។ តែ រដ្ឋាភិបាលកម្ពុជា មិនបានធ្វើតាមសំណើទាំងនេះឡើយ ហើយមន្ត្រីរដ្ឋាភិបាល បកស្រាយថា កម្ពុជា គ្មានការបែកបាក់ជាតិនោះទេ។
ប៉ុន្មានខែមុន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើសារជូនគ្នាទៅវិញទៅមក។ មេដឹកនាំទាំងពីរ បង្ហាញបំណងរៀងខ្លួន ក្នុងការបង្កើតក្រុមការងារផ្នែកការទូត ដើម្បីជជែកពីការពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងអាមេរិក។ យ៉ាងណា មកដល់ពេលនេះ គេ មិនទាន់បានឃើញលទ្ធផល និងបានឮព័ត៌មាននៃការបង្កើតក្រុមការងារនេះឡើយ៕
Tag:
កម្ពុជា-អាមេរិក
ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com