សម្តេច ស ខេង​៖ ធ្វើ​វេទិកាសាធារណៈ​មិនត្រូវ​ស្តាប់​តែ​បញ្ហា​ឡើយ ត្រូវធ្វើ​បច្ចុប្បន្នភាព​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង​៖ ធ្វើ​វេទិកាសាធារណៈ​មិនត្រូវ​ស្តាប់​តែ​បញ្ហា​ឡើយ ត្រូវធ្វើ​បច្ចុប្បន្នភាព​
10, Jan 2020 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​បញ្ហា​របស់​ពលរដ្ឋ​ដែល​បានលើកឡើង​ក្នុង​វេទិកាសាធារណៈ​។ សម្តេច​បាន​លើកឡើងថា ការ​ទុក​បញ្ហា​មិន​ដោះស្រាយ អាចធ្វើ​ឲ្យ​ពិបាក​ដល់​ថ្ងៃក្រោយ​។​

 
«​ធ្វើ​វេទិកាសាធារណៈ មិនត្រូវ​ប្រមូលយក​ប​ញ្ហា​មក​ទុកចោល​នោះឡើយ​»​។ នេះ​ជាការ​ក្រើនរំលឹក​របស់​សម្តេច ស ខេង ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែមករា ឆ្នាំ​២០២០​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ធ្វើ​បច្ចុប្បន្ន​យ៉ាងហោចណាស់​៦​ខែម្តង ទាក់ទង​នឹង​បញ្ហា​របស់​ពលរដ្ឋ​ដែល​បានលើកឡើង​ក្នុង​វេទិកាសាធារណៈ ដើម្បី​រក​វិធានការ​ដោះស្រាយ និង​លើក​ទៅកាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​។​
 
​សម្តេច​បាន​គូសបញ្ជាក់ថា ប្រសិនបើ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ទាន់ពេលវេលា ឬ​ធ្វើ​បច្ចុប្បន្នភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ បញ្ហា​នឹង​ផ្ទុះឡើង ហើយនឹង​កាន់តែ​ពិបាក​រក​ដំណោះស្រាយ​នាពេលខាងមុខ​។​
 
​គួរ​បញ្ជាក់ថា លោក លី ធុជ ប្រធាន​ការងារ​ថ្នាក់ជាតិ​ខេត្តរតនគិរី ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅធ្វើជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំខេត្ត​ស្វាយរៀង​វិញ ហើយ​តំណែង​នេះ ត្រូវ​ជំនួស​ដោយ លោក ជៀង អំ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។​
 
​សម្តេច ស ខេង បាន​អះអាងថា ការដោះដូរ​នេះ ជា​រឿង​ធម្មតា ពោលគឺ​លោក លី ធុជ មិនមាន​កំហុស​អ្វី​ឡើយ ដោយ​លោក​ត្រូវ​ទៅធ្វើ​អនុប្រធាន​ក្រុមការងារ​ខេត្តស្វាយរៀង​ដែល​ធំ​ជាង​រតនគិរី​៕

Tag:
 ស ខេង​
  វេទិកាសាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com