អន្តរជាតិ
សភាតំណាងអាមេរិក អនុម័តកំណត់អំណាចសង្គ្រាមលោកត្រាំប្រឆាំងអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
× សភាតំណាងអាមេរិក នៅថ្ងៃទី៩ ខែមករា បានអនុម័តសេចក្តីសម្រេចមួយ ដោយកំណត់អំណាចប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការធ្វើសង្គ្រាមជាមួយប្រទេស អ៊ីរ៉ង់។ គោលដៅនៃសេចក្តីសម្រេចនេះ គឺដើម្បីលោកប្រធានាធិបតីស្នើសុំការអនុម័តពីសភាអាមេរិក មុននឹងបង្កជម្លោះណាមួយប្រឆាំងអ៊ីរ៉ង់ ខណៈភាពតានតឹងនៃប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន។
សេចក្តីសម្រេចដែលហៅថា «អំណាចសង្គ្រាម» ត្រូវបានអនុម័តក្នុងសភាតំណាងអាមេរិកដែលគ្រប់គ្រងដោយបក្សប្រជាធិតេយ្យក្នុងសំឡេង ២២៤ ទល់នឹង១៩៤ ។ ក៏ប៉ុន្តែវាពិបាកនឹងចេញរួចក្នុងព្រឹទ្ធសភាដែលកាន់កាប់ដោយបក្សសាធារណរដ្ឋ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារ AFP សេចក្តីសម្រេចនេះ ទទូចឲ្យប្រធានាធិបតីលុបចោលការប្រើកងកម្លាំងប្រដាប់អាវុធអាមេរិកប្រឆាំងប្រទេសអ៊ីរ៉ង់ ប្រសិនមិនទទួលបានការអនុញ្ញាតពីសភា។ ការប្រើកម្លាំងយោធា អាចធ្វើទៅបាន លើកលែងតែករណីចាំបាច់ដើម្បីការពារប្រឆាំងនឹងការវាយប្រហារជាក់ស្តែង។
ប្រាប់អ្នកសារព័ត៌មានក្រោយអនុម័តសេចក្តីសម្រេចនេះ លោកស្រីប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី អះអាងថា សេចក្តីសម្រេចនេះ មានធ្មេញពិតដើម្បីត្រួតពិនិត្យ។ លោកស្រី សង្កត់ធ្ងន់ថា៖«យើង ត្រូវរក្សាសុវត្ថិភាពជូនប្រជាជនអាមេរិក»។
មែនទែនទៅភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា កើតឡើងក្រោយពីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ ហើយជាការឆ្លើយតប ក្រុងតេហេរ៉ង់ ក្នុងសប្តាហ៍នេះ បានបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ។ ជាសំណាងល្អ គ្មានទាហានអាមេរិកណាមួយស្លាប់ក្នុងហេតុការណ៍នេះឡើយ។ បើមើលតាមជំហរនៃប្រទេសទាំងពីរ គ្មានប្រទេសណាមួយ ចង់ធ្វើសកម្មភាពយោធាវែងឆ្ងាយបន្តទៀតឡើយ។
សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់សភាតំណាងនេះ គឺយកតាម «ច្បាប់អំណាចសង្គ្រាមឆ្នាំ ១៩៧៣» ដែលផ្តល់អំណាចដល់សភាអាមេរិកក្នុងការត្រួតពិនិត្យអំណាចធ្វើសង្គ្រាមរបស់ប្រធានាធិបតី។ ក៏ប៉ុន្តែសំណួរផ្នែកច្បាប់ លើកឡើងផងដែរថាតើសភាអាមេរិក អាចប្រើសេចក្តីសម្រេចនេះដើម្បីចាប់បង្ខំឲ្យប្រធានាធិបតីធ្វើតាមខ្លួន៕
Tag:
សហរដ្ឋអាមេរិក
អ៊ីរ៉ង់
សភាតំណាង
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com