អាជ្ញាធរ មិន​ឲ្យ​យក​ដប​ប្រភេទ​អំបែង​កែវ ចូល​គ្រប់​រមណីយដ្ឋាន​ក្នុង​ខេត្តក្រចេះ
ជាតិ
សង្គមជាតិ
អាជ្ញាធរ មិន​ឲ្យ​យក​ដប​ប្រភេទ​អំបែង​កែវ ចូល​គ្រប់​រមណីយដ្ឋាន​ក្នុង​ខេត្តក្រចេះ
10, Jan 2020 , 9:39 pm        
រូបភាព
មន្ទីរទេសចរណ៍ខេត្ត​ក្រចេះ បាន​បិទស្លាកសញ្ញាហាម​យក​ដបស្រាចូលក្នុង​បរិវេណរមណីយដ្ឋាន​កន្លង់ផ្សោតកាំពី ដែលស្ថិតនៅ​ក្នុង​ខេត្តក្រចេះ រូបភាពពី​លោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ
មន្ទីរទេសចរណ៍ខេត្ត​ក្រចេះ បាន​បិទស្លាកសញ្ញាហាម​យក​ដបស្រាចូលក្នុង​បរិវេណរមណីយដ្ឋាន​កន្លង់ផ្សោតកាំពី ដែលស្ថិតនៅ​ក្នុង​ខេត្តក្រចេះ រូបភាពពី​លោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ
​ភ្នំពេញ​៖ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បានចេញ​គោលការណ៍​ហាម​មិន​ឲ្យ​មាន​ដប​ស្រា និង​ដប​ភេសជ្ជៈ ដែល​ចាត់ទុកជា​ប្រភេទ​អំបែង​កែវ នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តក្រចេះ​។ បំរាម​នេះ ត្រូវបាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ផ្សព្វផ្សាយ និង​ដាក់​បិទ​ជា​ស្លាក​សញ្ញា​នៅតាម​គ្រប់​រមណីយដ្ឋាន ដើម្បី​បង្ការ​ហានិភ័យ ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តក្រចេះ​។ 


 
​លោក ចាន់ សុគ​ន្ធី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា នៅ​ថ្ងៃទី​១០ ខែមករា ថា មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ មាន​គោលបំណង​ហាម​មិន​ឲ្យ​មាន​ដប​ស្រា និង​ដប​ភេសជ្ជៈ​នានា នៅ​គ្រប់​រមណីយដ្ឋាន ជាពិសេស​រមណីយដ្ឋាន​ណា​ដែល​អាច​លេង​ទឹកបាន​។ រមណីយដ្ឋាន​ទាំងនោះ រួមមាន រមណីយដ្ឋាន​កន្លង់​ផ្សោត​កាំ​ពី រមណីយដ្ឋាន​កោះ​សោម​សិប សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់ និង ឆ្នេរ​ផ្តើម​ស្នេហ៍ ជាដើម​។ 
 
​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ប្រាប់ថា ក្រៅពី​ប្រើ​គោលការណ៍​ហាម​មិន​ឲ្យ​មាន​ដប​ស្រា នៅតាម​រមណីយដ្ឋាន មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ក៏បាន​ណែនាំ​ដល់​អាជីវករ​ដែល​ប្រកបមុខរបរ​លក់​ភេសជ្ជៈ​នានា ដោយ​មិនត្រូវ​ឲ្យ​មានការ​ដាក់លក់​ដប​ស្រា ឬ​របស់​ដែលជា​អំបែង​កែវ​ឡើយ​។ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បាន​បិទ​ស្លាក​សញ្ញា «​ហាម​យក​ដប​ស្រា​ចូលក្នុង​រមណីយដ្ឋាន ដែល​អាច​បែក បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​» និង​ស្លាក​សញ្ញា​ណែនាំ​អំពី​ការ​វេច​ខ្ចប់​សំរាម​ផងដែរ​។ 
 
​លោក មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​នឹងធ្វើ​នៅ​គ្រប់​រមណីយដ្ឋាន​ទាំងអស់​ក្នុង​ខេត្តក្រចេះ ដែល​យើង​ពិនិត្យឃើញថា នឹង​អាចមាន​ហានិភ័យ​នាំ​ឲ្យ​មុត​ដៃ មុត​ជើង ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​លេង​»​។ 


មន្ទីរទេសចរណ៍ខេត្ត​ក្រចេះ បាន​បិទស្លាកសញ្ញាហាម​យក​ដបស្រាចូលក្នុង​បរិវេណរមណីយដ្ឋាន​កន្លង់ផ្សោតកាំពី ដែលស្ថិតនៅ​ក្នុង​ខេត្តក្រចេះ រូបភាពពី​លោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ
 
​ក្នុងករណី​មាន​ឧបទ្ទវហេតុ​កើតឡើង​លើ​ភ្ញៀវទេសចរ មន្ទីរ​ទេសចរណ៍​ខេត្ត មានការ​សហការ​ជាមួយនឹង​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។ លោក ចាន់ សុគ​ន្ធី បានបញ្ជាក់​ដូច្នេះ​ថា​៖«​រាល់ពេល​មាន​ពិធីបុណ្យ​ជាតិ​ដែលមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង យើង​តែងតែមាន​ការប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង​ជា​ហូរហែ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​មានការ​ប្រុងប្រយ័ត្ន និង​មាន​ក្រុមគ្រូពេទ្យ​ចាំ​ជួយសង្គ្រោះ​បឋម​ផងដែរ​»​។​
 
​បើតាម​លោក ចាន់ សុគ​ន្ធី ខេត្តក្រចេះ​មាន​រមណីយដ្ឋាន​១៨​កន្លែង​។ សម្រាប់​កន្លែង​ដែល​ពិសេសៗ មានដូចជា រមណីយដ្ឋាន​កន្លង់​ផ្សោត​កាំ​ពី ជា​កន្លែង​ទស្សនា​សត្វ​ផ្សោត អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍ ចន្លោះ​ពី​៣០០​នាក់​ទៅ​៥០០​នាក់ សម្រាប់​ថ្ងៃបុណ្យ​ជាតិ ចន្លោះ​ពី ៣​ពាន់​នាក់​ទៅ ៦​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។ 
 
​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ ជា​កន្លែង​អាច​ដើរ​ទស្សនា​ដើម​ក្រូចថ្លុង និង​អាច​ជិះសេះ​កម្សាន្ត​លេង​។ សហគមន៍​ទេសចរ​កោះ​ផ្តៅ និង​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សោម​សិប ដែល​ភ្ញៀវ​ទេសចរណ៍​អាច​ជិះទូក​លេង មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ គយគន់​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប ជាពិសេស​អាច​ស្នាក់នៅ​ដោយ​បោះតង់ និង​ស្រ​បយក​ខ្យល់អាកាស​ផងដែរ​។ 
 
​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ក៏​កំពុងតែ​រៀបចំ​រមណីយដ្ឋាន​ថ្មីៗ​បន្ថែមទៀត ដែល​រមណីយដ្ឋាន​ទាំងនោះ​មានការ​កែច្នៃ​ពី​រមណីយដ្ឋាន​ដែលមាន​ស្រាប់​នៅក្នុង​ខេត្តក្រចេះ​។ មន្ទីរ​ទេសចរណ៍​ខេត្ត​កំពុង​រៀបចំ​បង្កើត ជា​ឆ្នេរ​វត្ត​សសរ​មួយរយ ដែល​ស្ថិត​នៅក្បែរ​វត្ត​សសរ​មួយរយ​។ ឆ្នេរ​នេះ​ជា​កន្លែង​សម្រាប់​លំហែកាយ លេង​កីឡា ជា​កន្លែង​បរិភោគ​អាហារ និង​គយគន់​ថ្ងៃ​រៀប​លិច​ផងដែរ​៕

សកម្មភាព មន្ទីរទេសចរណ៍ខេត្តក្រចេះ ចុះ​ណែនាំដល់​អាជីវករដែល​លក់​ដូរ​ម្ហូបអាហារ​នៅ​ក្នុង​រមណីយដ្ឋាន​កន្លង់​ផ្សោតកាំពី អំពីការ​ហាម​លក់​ដប​ស្រា រូបភាពពីលោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ


សកម្មភាព មន្ទីរទេសចរណ៍ខេត្តក្រចេះ ចុះ​ណែនាំដល់​អាជីវករដែល​លក់​ដូរ​ម្ហូបអាហារ​នៅ​ក្នុង​រមណីយដ្ឋាន​កន្លង់​ផ្សោតកាំពី អំពីការ​ហាម​លក់​ដប​ស្រា រូបភាពពីលោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ


Tag:
 មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​
 ​ដប​ស្រា​
  រមណីយដ្ឋាន​
 ​ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com