អន្តរជាតិ
ស្តេច​អូ​ម៉​ង់ ដែល​គ្រងរាជ្យ​យូរ​ជាងគេ​ក្នុង​ពិភព​អារ៉ាប់ សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៧៩​ព្រះវស្សា​
11, Jan 2020 , 9:42 am        
រូបភាព
ស៊ុលតង់អូម៉ង់ កាប៊ូស ប៊ីន សាអ៊ីដ សោយទិវង្គតក្នុងព្រះជន្ម៧៩វស្សា។ រូបភាព AFP
ស៊ុលតង់អូម៉ង់ កាប៊ូស ប៊ីន សាអ៊ីដ សោយទិវង្គតក្នុងព្រះជន្ម៧៩វស្សា។ រូបភាព AFP
មហាក្សត្រ​អូ​ម៉​ង់ ស៊ុ​លត​ង់​កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ (Qaboos bin Said) បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៧៩​វស្សា​នៅ​ថ្ងៃទី​១០ ខែមករា​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​អូ​ម៉​ង់​។ ស៊ុ​លត​ង់​អង្គ​នេះ ជា​មហាក្សត្រ​គ្រងរាជ្យ​ស​ម្ប​តិ្ត​យូរ​ជាងគេ​ក្នុង​ពិភពលោក​អារ៉ាប់​។​

 
«​ជាមួយ​ក្ដី​ទុក្ខសោក រាជវង្ស​រដ្ឋ​អូ​ម៉​ង់ សូម​កាន់​មរណទុក្ខ​ចំពោះ​ស៊ុ​ល​តង់​កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ ដែល​ត្រូវបាន​ព្រះ​ជ្រើសរើស​ឲ្យ​ស្ថិតនៅ​ជាមួយ​ព្រះអង្គ​។​» នេះ​ជា​សេចក្ដីជូនដំណឹង​របស់​ទូរទស្សន៍​រដ្ឋ​អូ​ម៉​ង់​ពី​ការ​សោយ​ទិវង្គត​របស់​ស៊ុ​លត​ង់​កា​ប៊ូ​ស​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា​។ ការ​កាន់ទុក្ខ​បី​ថ្ងៃ ត្រូវបាន​ប្រកាស ហើយ​ទង់ជាតិ​ទាំងអស់​នឹង ត្រូវ​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដង​នៅ​ទូទាំងប្រទេស​រយៈពេល​៤០​ថ្ងៃ​ផងដែរ​។ 
 
​ស៊ុ​លត​ង់​កា​ប៊ូ​ស បាន​គ្រងរាជ្យសម្បត្តិ​តាំងពី​១៩៧០​មក ពេលដែល​ទ្រង់​បានធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ​ដើម្បី​ទម្លាក់​បិតា​របស់​ទ្រង់​ចេញពី​បល្ល័ង្ក​។ រយៈពេល​ចុងក្រោយ ព្រះ​សុខភាព​របស់​ទ្រង់ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​តែង​ធ្វើដំណើរ​ទៅកាន់​បែលហ្ស៊ិក​ដើម្បី​ព្យាបាល​ព្រះរោគ​មហារីក​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​កាតា Al Jazeera ។​
 
​តាំងពី​ដឹកនាំ​ប្រទេស​មក ស៊ុ​លត​ង់​កា​ប៊ូ​ស បានប្រែក្លាយ​អូ​ម៉​ង់​ដែលជា​រដ្ឋ​ក្រីក្រ ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់សព្វ​ទៅជា​ប្រទេស​ទំនើប​មួយ​ក្នុង​តំបន់​។ នៅ​ឆ្នាំ​២០១១ ស៊ុ​លត​ង់​កា​ប៊ូ​ស​ដែល​គ្មាន​បុត្រាបុត្រី​នោះ បាន​កែប្រែ​ច្បាប់​ស្នងរាជ្យ​សម្បត្តិ​របស់​អូ​ម៉​ង់ ប៉ុន្តែ​ទ្រង់​មិនដែល​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ឡើយ​។ ក្នុងករណី​រាជវង្ស​មិនអាច​រក​អ្នក​ស្នង​បាន​ក្នុង​រយៈពេល​៧២​ម៉ោង តំណែង​ស៊ុ​ល​តង់​នេះ នឹងត្រូវ​ប្រគល់​ឲ្យ​បុគ្គល​ដែលមាន​ឈ្មោះ​ក្នុង​សំបុត្រ​បន្សល់ទុក​ដោយ​ស៊ុ​លត​ង់​កា​ប៊ូ​ស​៕ 
 
 
 
 

Tag:
 អូ​ម៉​ង់​
  Qaboos bin Said
© រក្សាសិទ្ធិដោយ thmeythmey.com