អន្តរជាតិ
តៃវ៉ាន់ រៀបចំ​ការបោះឆ្នោត ដើម្បី​សម្រេច​ជោគវាសនា​នៃ​ប្រទេស​
11, Jan 2020 , 2:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen  (ខាងឆ្វេង) និងលោកHan Kuo-yu បេក្ខជនបក្សគូមិញតាង។ រូបភាព៖ AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen (ខាងឆ្វេង) និងលោកHan Kuo-yu បេក្ខជនបក្សគូមិញតាង។ រូបភាព៖ AFP
​ថ្ងៃទី​១១ ខែមករា កោះ​តៃវ៉ាន់ រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី និង​សភា ដើម្បី​កំណត់ ថា​តើន​រណា​ឬ​បក្ស​ណា នឹង​គ្រប់​គ្រង់​ដែនដី​មួយ​នេះ ខណៈពេល​ទីក្រុង​ប៉េកាំង កំពុង​ឃ្លាំមើល​យ៉ាង​ម៉ត់ចត់​ក្នុងការ​បោះឆ្នោត​នេះ​។​



​នា​ព្រឹក​ម៉ោង ៨ (​ម៉ោង​ក្នុងស្រុក​) ថ្ងៃទី​១១ ខែមករា ពលរដ្ឋ​តៃវ៉ាន់ បាន​ឈរ​តម្រង់​ជួរ​យ៉ាងច្រើន ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តៃវ៉ាន់​។ ក្នុងការ​បោះឆ្នោត​លើក​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​Tsai Ing-wen ត្រូវការពារ​តំណែង​របស់ខ្លួន ជាមួយ​បេក្ខជន​ប្រធានាធិបតី​តៃវ៉ាន់​ពីររូប​ទៀត ក្នុងនោះ​មានដូចជា លោក Han Kuo-yu បេក្ខជន​មកពី​បក្ស​គូ​មិញ​តាង និង​លោក លោក James Soong Chu-yu ប្រធាន​បក្ស​People First Party​។ 
 
​យ៉ាងណាក៏ដោយ ក្នុងចំណោម​បេក្ខជន​ទាំងបី​រូបនេះ មានតែ​បុគ្គល​ពីររូប​តែប៉ុណ្ណោះ ដែល​លេចមុខ​ខ្លាំងជាងគេ ក្នុងនោះ​មាន លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai និង​លោក Han មកពី​បក្ស​គូ​មិញ​តាង​។ បុគ្គល​ទាំង​ពីររូប គឺមាន​គោលនយោបាយ​ផ្ទុយគ្នា​តែម្តង នៅ​ចំពោះមុខ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ 
 
​បើតាម​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai ដែល​ត្រូវការពារ​តំណែង​របស់ខ្លួន​ទៅ​អាណត្តិ​ទី​ពីរ មាន​គោលនយោបាយ​ការពារ​តៃវ៉ាន់ ការពារ​តម្លៃ​សេរីភាព​តៃវ៉ាន់ ប្រឆាំងនឹង​ចិនដីគោក ខណៈពេល​ទីក្រុង​ប៉េកាំង កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​លើ​កោះ​តៃវ៉ាន់​។ ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​បានដាក់​សន្លឹកឆ្នោត​ក្នុង​ហឹប​ឆ្នោត​រួច លោកស្រី​Tsai បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​សង្ឃឹមថា​ប្រជាជន​យើង អាចមក​បោះឆ្នោត ដើម្បី​អនុវត្ត​សិទ្ធិ និង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​កាន់តែ​រឹងមាំ​ង​ជាង​មុន​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ចំណែក​លោក​Han បេក្ខជន​បក្ស​គូ​មិញ​តាង ដែលមាន​ទំនោរ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ទីក្រុង​ប៉េកាំង​នោះ មាន​គោលនយោបាយ​ជំរុញ​ឱកាស​កោះ​តៃវ៉ាន់​ឲ្យ​កាន់តែ​ច្រើនជាង​មុន ហើយ​បេក្ខជន​រូបនេះ បាន​ចោទ​រដ្ឋបាល​កោះ​តៃវ៉ាន់​ថា គ្មាន​ហេតុផល​អ្វី​ត្រូវ​ធ្វើជា​សត្រូវ​ជាមួយ​ទីក្រុង​ប៉េកាំង​ឡើយ​។ ដោយ​បដិសេធ​មិន​ផ្តល់​បទ​ស​ម្ពា​ស​ជាមួយ​អ្នកកាសែត បន្ទាប់ពី​បាន​បោះឆ្នោត​រួច បេក្ខជន​បក្ស​គូ​មិញ​តាង​រូបនេះ បានចាត់ទុក​ការបោះឆ្នោត​នៅ​តៃវ៉ាន់​ថា គឺជា​ជម្រើស «​សន្តិភាព ឬ​វិបត្តិ​» ជាមួយ​ចិន តាមរយៈ​ពាក្យស្លោក​ថា « សុវត្ថិភាព​តៃវ៉ាន់ និង​ជីវភាព​ធូរធារ​របស់​ប្រជាជន​តៃវ៉ាន់​»​។ 
 
​បើតាម​ការបោះឆ្នោត​លើក​នេះ ទីក្រុង​ប៉េកាំង​មិន​ចង់ឃើញ​វត្តមាន​របស់លោក​ស្រី Tsai ជា​ប្រធានាធិបតី​តៃវ៉ាន់​ទៀត​ទេ ព្រោះ​ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៦​មក លោកស្រី​Tsai បានធ្វើ​ឲ្យ​ទំនាក់ទំនង​តៃវ៉ាន់ និង​ចិន រង​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង​។ ជាពិសេស​គឺ ការ​គំរាម​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់ ដែល​ធ្វើ​ឲ្យ​ចិន​ព្រមាន​ប្រើ​កម្លាំងយោធា​វាយប្រហារ​តៃវ៉ាន់​ជាច្រើនលើក​។ 
 
​បើ​គ្មាន​ការប្រែប្រួល​ទេ លទ្ធផល​បោះឆ្នោត​បឋម​នៃ​កោះ​តៃវ៉ាន់ នឹងត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃនេះ​។ សូមបញ្ជាក់ថា កោះ​តៃវ៉ាន់ បាន​ផ្តាច់​ចេញពី​ចិន​នៅក្នុង​ឆ្នាំ ១៩៤៩ និង​បានដាក់​ឈ្មោះ​ជា​ផ្លូវការ​ថា «​សាធារណរដ្ឋ​ចិន​» ។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង នៅតែ​ចាត់ទុក​តៃវ៉ាន់ នៅតែ​ជា​ផ្នែក​មួយ​របស់ខ្លួន​ដដែល តាមរយៈ​គោលនយោបាយ «​ចិន​តែមួយ​»​។ 

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com