ជាតិ
អាជ្ញាធរ​ស្រុក​អង្គស្នួល ឲ្យ​ពលរដ្ឋ​រុះរើ​តូប​និង​សំណង់​ដែល​សង់​លើ​ចំណីផ្លូវ​ជាតិ​លេខ​៤
11, Jan 2020 , 3:46 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​ស្រុក​អង្គស្នួល ដែលជា​ស្រុក​មួយ​របស់​ខេត្តកណ្ដាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ រុះរើ​តូប​លក់ដូរ ឬ​សំណង់​របស់ខ្លួន ដែល​សង់​លើ​ចំណីផ្លូវ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​មួយ​នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​អង្គស្នួល ចុះ​ថ្ងៃទី​៨​ខែមករា​។​



​អាជ្ញាធរ​ស្រុក​អង្គស្នួល​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដូច្នេះ​ថា​៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកលក់ដូរ មេត្តា​រុះរើ​ដោយ​ខ្លួនឯង​នូវ​សំណង់ និង​តូប​លក់ដូរ​ដែល​សង់​ប៉ះពាល់ និង​សង់​លើ​ចំណីផ្លូវ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក នឹង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ចាប់ពី​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២០​តទៅ​»​។​
 
​អាជ្ញាធរ​អះអាងថា ការតម្រូវ​ឲ្យ​រុះរើ​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការកកស្ទះ​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​តាមផ្លូវ​ជាតិ​។ អាជ្ញាធរ​ព្រមាន​ថា ក្នុងករណី​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​ខាងលើនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក នឹង​ចាត់វិធានការ​រដ្ឋបាល ហើយ​ម្ចាស់​សំណង់ ឬ​តូប​លក់ដូរ ត្រូវ​ទទួលខុសត្រូវ​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះមុខ​ច្បាប់​៕
 

Tag:
 ស្រុក​អង្គស្នួល​
  ចំណីផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com