ONE Championship
កីឡាអន្តរជាតិ
អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ Sangmanee Sathian MuayThai ក្លាយជា​កីឡាករ​យុវជន​គំរូ​?
11, Jan 2020 , 11:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Sangmanee Sathian MuayThai ឬ ឈ្មោះ​ហៅ​ក្រៅ «The Million Dollar Baby» មាន​សុបិន​ចង់​កែប្រែ​ជីវភាព​គ្រួសារ តាមរយៈ​ការឡើង​សង្វៀន​ប្រកួត​តាំងពី​អាយុ​៦​ឆ្នាំ​។ មកទល់​សព្វថ្ងៃ​Sangmanee បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ស្រុកកំណើត និង រួមចំណែក​ធ្វើ​ឲ្យ​គ្រួសារ​កាន់តែ​ល្អប្រសើរ​ឡើង​។


 
Sangmanee ដែលមាន​វ័យ​ត្រឹម​២២​ឆ្នាំ មានកំណត់​ត្រា​ប្រកួត​រហូតដល់​ជាង​១៨០​ដង និង​បន្តដំណើរ​ទៅមុខទៀត​ឆ្ពោះទៅរក​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ជាពិសេស ONE Super Series World Title​។ គេ​ចង់បាន​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ដើម្បី​កិត្តិយស​គ្រួសារ និង ដើម្បី​មនុស្ស​ជាទី​ស្រឡាញ់​។ 
 
 
​ការធ្វើដំណើរ​ទៅ​បាងកក​ពី​ខេត្ត Khon Kaen ជា​ដំណើរ​មួយ​ស្វែងរក​ការប្រកួត​កាន់តែខ្លាំង​ខាង​ក្បាច់គុន​ថៃ និង​ជួប​វីរបុរស​ក្បាច់គុន​ជាច្រើន​នៅ​ទីនោះ​។ នៅពេល​មាន​អាយុ​១៤​ឆ្នាំ Sangmanee មានឱកាស​ហក់​ចូល​សង្វៀន​លំដាប់​ខ្ពស់ Lumpinee Stadium នៅ​ក្រុង​បាងកក​ជាទី​ដែល​អាច​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំងក្លា បន្ទាប់ពី​រូបគេ​ធ្លាប់​ប្រកួត​នៅ​តំបន់ Isaan​។ 


 
​ដ្បិត​មាន​សម្ពាធ​ច្រើន​កាល​នៅ​ពី​ក្មេង​វ័យ ប៉ុន្តែ កីឡាករ​រូបនេះ​បាន​ឆក់យក​ឱកាស​ដើម្បី​ក្រសោប​យក​ភាពល្បីល្បាញ​។  «​ខ្ញុំ​ពិតជា​ស្រេកឃ្លាន​នឹង​ការប្រកួត​ណាស់​។ មាន​មនុស្ស​ជាច្រើន​នៅ​ទីនោះ​នៅ​សង្វៀន Lumpinee ដែលជា​សង្វៀន​ចំ​កណ្ដាល​ក្រុង​បាងកក​។ កាលនោះ​ខ្ញុំ​ឈ្នះ​ដោយ​ពិន្ទុ​នាពេលនោះ​។ គ្រានោះ ខ្ញុំ​នៅ​ប្រកួត​ទាំង​នៅ​បាងកក និង តំបន់ Isaan»​។ Sangmanee រៀបរាប់​បែបនេះ​។ 
 
​ការប្រកួត​នោះបាន​កម្រៃ​ច្រើន​សម្រាប់​រូបគេ​ទោះ​លំបាក​បន្តិច​ក្ដី ហើយ «The Million Dollar Baby» បន្ត​រះ​ឡើង​ក្នុង​វិស័យ​ប្រដាល់ និង ជម្នះ​ឧបសគ្គ​ជាច្រើន​នៅ​នឹង​មុខ​។ កីឡាករ​វ័យក្មេង ២២​ឆ្នាំ​រូបនេះ​ឈ្នះ​ខ្សែក្រវាត់ 105-pound Lumpinee Stadium Muay Thai World Title ត្រឹមតែ​១​ឆ្នាំ​បន្ទាប់​ប៉ុណ្ណោះ​ក្រោយពេល​បង្ហាញខ្លួន​ដំបូង​លើស​ង្វៀន​នេះ​លំដាប់​ខ្ពស់​នៅ​ថៃ​នេះ និង បានឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ​ហៅថា Sports Writers of Thailand Fighter នៅ​ប្រទេស​ថៃ ឬ ជា​ពាន​កីឡាករ​មួយ​ថៃ​ល្អ​បំផុត​ប្រចាំ​ប្រទេស​។ 


Sangmanee ពន្យល់​ទៀត​៖«​ពិតណាស់ វា​ពិតជា​លំបាក​មែន ការហ្វឹកហាត់​ខ្លាំងក្លា​, ការសិក្សា​, និង ការ​សម្រក​គីឡូ​ជាដើម ប៉ុន្តែ យើង​ត្រូវតែមាន​ទំនួល​ខុសត្រូវ​ខ្លួនឯង​នាពេលនោះ​។ ក្នុងនោះ​ខ្ញុំ​គិត​ច្រើន​អំពី​វិន័យ​ផងដែរ​។ រឿង​លំបាក​មួយទៀត គឺ ការ​ទៅ​សាលា និង ការធ្វើ​កិច្ចការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ​»​។ 
​ទោះ​បែបណា​ក្ដី ជើង​ខ្លាំង​វ័យក្មេង​រូបនេះ​បាន​រក្សា​លំនឹង​យ៉ាង​ល្អ​ទាំង​ប្រដាល់ និង ការសិក្សា​។ Sangmanee គូសបញ្ជាក់ថា​៖«​ខ្ញុំ​ជា​មនុស្ស​ម្នាក់​មិន​ចង់​ដើរលេង​ច្រើន​។ វា​មិនមែនជា​រឿង​ល្អ​នោះឡើយ​។ ខ្ញុំ​មិន​ខ្ជិលច្រអូស​។ ខ្ញុំ​តែងតែ​ធ្វើ​ការងារ​របស់ខ្ញុំ​យ៉ាង​ម៉ត់ចត់​»​។ 
 
​ការគោរពវិន័យ​នេះ បាន​នាំ​ឲ្យ Sangmanee ឈ្នះ​ខ្សែក្រវាត់ Rajadamnern Stadium Muay Thai World Title ចំនួន ៣ សម័យកាល និង​ឈ្នះ​ខ្សែក្រវាត់ S-1 World Title ទៀតផង​មុនពេល​រូបគេ​រៀន​ចប់​វិទ្យាល័យ​។ Sangmanee ល្បីឈ្មោះ​មិនធម្មតា​រហូតដល់ ONE Championship ចុះកិច្ចសន្យា​ដើម្បី​នាំយក​រូបគេ​មក​ប្រកួត​ក្នុង​កម្មវិធី ONE Super Series នាពេល​បច្ចុប្បន្ន​។ 
 
«The Million Dollar Baby» បានទទួល​ជ័យជម្នះ​លើកដំបូង​ក្នុងការ​ប្រកួត ONE Super Series នាពេល​កន្លងមក​នៅ​ហ្វីលីពីន និង​ឡើង​ប្រកួត​ជាថ្មី​ប៉ះ​កីឡាករ​ជប៉ុន Kenta Yamada ក្នុង​កម្មវិធី ONE: A NEW TOMORROW​។ 
 
«​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​ក្នុងការ​ប្រកួត​កម្រិត​ពិភពលោក​។ វា​ជា​កម្រិត​ថ្មី​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹង​បន្ត​បេសកកម្ម​ដើម្បី​ទទួល​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​»​។ «The Million Dollar Baby» សង្កត់ធ្ងន់​ដូច្នេះ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com