អន្តរជាតិ
ក្រោយ​បន្ត​ឈ្នះឆ្នោត លោកស្រី Tsai ស្នើ​ពលរដ្ឋ​តៃវ៉ាន់​រួម​សាមគ្គី​គ្នា ដើម្បី​ជម្នះ​ឧបសគ្គ​ផ្សេងៗ​
12, Jan 2020 , 11:16 am        
រូបភាព
លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai In-wen , រូបភាព AFP
លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai In-wen , រូបភាព AFP
​លទ្ធផល​ឈ្នះឆ្នោត​ដ៏​ច្រើន​លើសលប់​នា​ថ្ងៃទី​១១ ខែមករា ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai In-wen ថ្លែងប្រាប់​ទៅ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​នាក់​ថា អរគុណ​ដែល​បានការ​ពារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់​។ បន្ថែម​ពីលើ​នេះ លោកស្រី Tsai In-wen បានស្នើ​ឲ្យ​ប្រជាជន​តៃវ៉ាន់​ទាំងអស់ ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។



​តាមរយៈ​ការ​លទ្ធផល​ឆ្នោត​នា​ល្ងាច​ថ្ងៃទី​១១ ខែមករា ប្រធានាធិបតី​តៃវ៉ាន់ Tsai In-wen បានទទួល​សន្លឹកឆ្នោត​គាំទ្រ​រហូតដល់ ៥៧​ភាគរយ ពោលគឺ បានទទួល​សន្លឹកឆ្នោត​គាំទ្រ​រហូតដល់​ជាង ៨​លាន​សន្លឹក ដែល​លើសពី​សន្លឹកឆ្នោត​គាំទ្រ​រហូតដល់ ១,៣​លាន​ដុល្លារ បើ​ធៀប​ទៅនឹង​លទ្ធផល​បោះឆ្នោត​ឆ្នាំ ២០១៦​។ ខណៈពេល​ដៃគូ​ប្រកួតប្រជែង​ដ៍​ធំ​បំផុត​របស់​លោកស្រី គឺ​លោក Han Kuo-yu បេក្ខជន​មកពី​បក្ស​គូ​មិញ​តាង បានទទួល​សម្លេងគាំទ្រ​ត្រឹមតែ ៣៩​ភាគរយ​តែប៉ុណ្ណោះ ហើយ​លោក​ក៏បាន​ទទួលស្គាល់​លទ្ធផល​នេះដែរ​។ 
 
​នា​ជំនួប​ជាមួយ​អ្នកគាំទ្រ​ដ៏​ច្រើន​បន្ទាប់ពី​ឈ្នះឆ្នោត​អាណត្តិ​ទី​ពីរ លោកស្រី Tsai បាន​អះអាងថា លទ្ធផល​ឈ្នះឆ្នោត​នេះ គឺជា​សក្ខីភាព​របស់​ប្រជាជន ដែល​ការពារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី​តៃវ៉ាន់​វ័យ​៦៣​ឆ្នាំ​រូបនេះ ក៏បាន​ទទូច​ឲ្យ​ប្រជាជន​តៃវ៉ាន់ ចេះ​រួម​សាមគ្គី​គ្នា​ផងដែរ ដើម្បី​ជម្នះ​ឧបសគ្គ និង​បញ្ហា​ប្រឈម នាពេល​អនាគត​។ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​តៃវ៉ាន់​រូបនេះ មិនបាន​បញ្ជាក់ថា ឲ្យ​បាន​ច្បាស់​ទេ​ថា​បញ្ហា​ប្រឈម​នោះ​ជា​អ្វី​ទេ តែ​ការលើកឡើង​បែបនេះ ទំនងជា​ចង់​សំដៅទៅ​ដល់​ការ​គាំ​រាម​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ច្រើនជាង​។ 
 
​កន្លងមក​ចិន មិនដែល​ពេញ​ចិន​វត្តមាន​របស់លោក​ស្រី Tsai ក្នុងការ​កាន់តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​ឡើយ ព្រោះ​ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ តែងតែ​ចង់​ប្រកាស​ឯករាជ្យ​តៃវ៉ាន់ ខណៈពេល​ទីក្រុង​ប៉េកាំង គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​វាយប្រហារ​តៃវ៉ាន់​គ្រប់ពេល ប្រសិនបើ​ទីក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ឯករាជ្យ​។ ជា​ការពិត​លទ្ធផល​ឈ្នះឆ្នោត​ដ៏​ច្រើនសន្ធឹក​បែបនេះ ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​ប្រជាធិបតេយ្យ​បែប​ហុងកុង ប្រឆាំងនឹង​ការដឹកនាំ​របស់​ទីក្រុង​ប៉េកាំង​ផងដែរ​។​
 
​សូមបញ្ជាក់ថា ក្រោយ​លទ្ធផល​ឈ្នះឆ្នោត​របស់លោក​ស្រី Tsai អាមេរិក​ដែល​តែងតែ​គាំទ្រ​តៃវ៉ាន់​ពីក្រោយ​ខ្នង បានចេញ​មុខ​សាទរ​លទ្ធផល​មួយ​នេះ និង​គាំទ្រ​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី Tsai ក្នុងការ​រក្សា​ស្ថិរភាព​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ ៕

Tag:
 ​តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com