ភ្នំពេញ៖ អ្នកទេសចរជាច្រើន និងសមាគមមគ្គុទេសក៍ បានបង្ហាញការខកចិត្ត ដែលអាជ្ញាធរបណ្តោយឲ្យស្មៅក្នុងទីធ្លាប្រាសាទអង្គរវត្ត មានសភាពក្រៀមស្វិត និងកន្លែងខ្លះងាប់អស់សល់តែឫស និងធ្វើឲ្យបាត់សោភ័ណភាពប្រាសាទ។ ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល ប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរ កំពុងរៀបចំគម្រោងធ្វើប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅក្នុងទីធ្លាប្រាសាទអង្គរវត្តហើយ។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី អ្នកយកព័ត៌មាននៃគេហទំព័រថ្មីៗដូចតទៅ៖
ប្រាសាទអង្គរវត្ត គឺជាគោលដៅទេសចរណ៍ទី១ សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប។ ប៉ុន្តែអ្នកទេសចរ ហាក់ខកចិត្ត នៅពេលដែលទីធ្លាប្រាសាទបុរាណអាយុជាង១ពាន់ឆ្នាំ ដ៏មហិមារបស់ខ្មែរមួយនេះ ហាក់មិនសូវទទួលបានថែទាំល្អនៅឡើយ។
ជាទូទៅអ្នកទេសចរក៏អាចគយគន់ តួប្រាសាទអង្គរវត្តដ៏ស្គឹមស្គៃអស្ចារ្យបានពីចម្ងាយ។ ហើយ បើសិនជាត្រូវដើរចូលទៅឲ្យដល់ប្រាសាទតែម្តង អ្នកទស្សនាក៏មិនអាចរំលងបាននូវទស្សនីយភាពវាលស្មៅ និងដើមឈើច្រើនប្រភេទ ដែលនៅឈរលំអបរិវេណប្រាសាទដ៏ល្អឯកនេះ។
ក៏ប៉ុន្តែអ្វីដែលធ្វើគេហាក់ស្រងាកចិត្តនោះ គឺក្នុងទីធ្លាប្រាសាទមានសភាពក្រៀមស្វិតហើយស្មៅកន្លែងខ្លះក៏ងាប់អស់ នៅសល់តែឫស និងដីហុយទ្រលោម ពេលមានខ្យល់បក់មកម្តងៗ នៅក្នុងរដូវប្រាំងនេះ។
កំពុងដើរជាមួយមិត្តភក្តិក្នុងទីធ្លាប្រាសាទអង្គរវត្ត លោក ច កុសល អាយុ២៧ឆ្នាំ គឺជាភ្ញៀវទេសចរម្នាក់មកពីភ្នំពេញ។ កុសល បានសម្តែងការខកចិត្ត ចំពោះអាជ្ញាធរមិនសូវខ្វល់ខ្វាយថែទាំស្មៅនៅក្នុងទីធ្លាប្រាសាទអង្គរវត្ត។ មានសម្បុរស ភ្នែកពាក់វែនតាផង លោក ច កុសល ដែលមានចរិតស្ងប់ស្ងាត់ បាននិយាយយ៉ាងដូច្នេះថា៖ «នៅពេលដើរចូលមក ខ្ញុំឃើញស្មៅក្រៀម និងមានដីហុយ មើលទៅមានលក្ខណៈក្រៀមក្រោះ។ អ្នកខ្លះ គាត់មកមើល គាត់មើលតែប្រាសាទ តែនៅជុំវិញប្រាសាទ មានលក្ខណៈមិនសូវស្រស់បំព្រង បើគាត់ចេះរៀបចំបាញ់ទឹកឲ្យស្មៅដុះស្រស់បំព្រងថែមទៀត យើងមើលទៅកាន់តែស្អាត កាន់តែទាក់ទាញ។ ខ្ញុំគិតថា មិនលំបាកទេ តែខ្ញុំអត់ដឹងថា ពួកគាត់អត់គិតគូររឿងហ្នឹង ឬក៏យ៉ាងម៉េច? ខ្ញុំអត់យល់ដែរ?»។
ខណៈដែលមានភ្ញៀវទេសចរទាំងខ្មែរ និងបរទេស ដើរទស្សនាប្រាសាទអង្គរវត្ត អ្នកស្រី លឹម ផល្លា បែរជាឈរជាមួយសមាជិកគ្រួសារជជែកគ្នាយ៉ាងរីករាយ។ អ្នកស្រី លឹម ផល្លា ដែលជាអ្នកខេត្តបាត់ដំបង តែងតែចូលទស្សនាប្រាសាទអង្គរវត្ត នៅពេលអ្នកស្រីបានឈានជើងចូលលេងខេត្តសៀមរាប។ និយាយបណ្តើរ ភ្នែកក្រឡេកមើលស្មៅក្នុងទីធ្លាដែលមានដីហុយបាចសាចបណ្តើរ ស្ត្រីវ័យ៣៧ឆ្នាំរូបនេះរៀបរាប់ដូច្នេះ៖ «អារម្មណ៍ខ្ញុំ បើមានភាពបៃតង វាលេចជាង និងស្អាតជាង ហើយមានអារម្មណ៍ស្រស់ស្រាយជាងទៀត។ តែនេះវាស្អាត គ្រាន់តែស្ងួតបន្តិច» ។
នៅមិនឆ្ងាយប៉ុន្មានពីអ្នកស្រី លឹម ផល្លា ភ្ញៀវទេសចររូបសង្ហាម្នាក់ទៀត ក៏លើកឡើងស្រដៀងគ្នានេះដែរ។ លោក ឃាង សុខៀង អាយុ២៥ឆ្នាំ ដែលកំពុងថតរូបឲ្យមិត្តភក្តិ បានឆ្លៀតរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា លោកចង់ឃើញប្រាសាទអង្គរវត្ត មានភាពបៃតង ដើម្បីឲ្យរូបថតរបស់លោកកាន់តែមានភាពស្រស់ស្អាតថែមទៀត។ មានរាងខ្ពង់ស្រឡះ ដៃកាន់ទូរស័ព្ទទំនើប អ្នកភ្នំពេញរូបនេះ បានបរិយាយថា៖ «និយាយរួម គេផ្តោតសំខាន់មកលេងប្រាសាទអង្គរវត្ត ទីមួយ គេចង់ស្គាល់ប្រាសាទអង្គរវត្ត។ ទីពីរ គេចង់ថតរូបផ្តិតយកទេសភាពរូបឲ្យស្អាតជាមួយនឹងប្រាសាទអង្គរវត្ត។ ដូច្នេះ បើទីធ្លាយើងស្អាត អាហ្នឹងរឹតតែទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត»។
លោក សុខ អេង ភ្ញៀវទេសចរម្នាក់ដែលមកពីរាជធានីភ្នំពេញ។ អ្នកទេសចររូបនេះ មិនត្រឹមតែជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះ ការដាំ និងថែទាំស្មៅនៅបរិវេណប្រាសាទប៉ុណ្ណោះទេ លោកក៏លើកឡើងពីចំណតយាន្តយន្តនៅមុខប្រាសាទ ដែលមានដីហុយ ជង្ហុកក្រហេកក្រហូង ប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរផងដែរ។ ក្នុងទឹកមុខមាំបុរសវ័យ៥៦ឆ្នាំរូបនេះ ដែលកំពុងដើរកម្សាន្តជាមួយភរិយាផងនោះ បានរៀបរាប់ថា៖ «ខែវស្សាមកលេងអង្គរល្អជាង ព្រោះមើលទៅ វាមានទេសភាពបៃតង។ តែខែវស្សា មានការលំបាកនៅខាងមុខប្រាសាទ គឺលំបាកចតឡាន។ ឡានចូលទៅ មានគ្រហុក កល់ពោះឡាន។ខ្ញុំចង់ប្រាប់ថា អង្គរវត្តលក់សំបុត្របានច្រើនណាស់ គួរតែឈូសអាហ្នឹង ចាក់សាប ធ្វើយ៉ាងម៉េចឲ្យអ្នកទេសចរមកលេងឈប់បានស្រួល។ ហើយមកលើកទីមួយឃើញគ្រហុកហ្នឹង ខានមកយូរហើយមកទល់ឥឡូវ៥ទៅ៦ឆ្នាំ មកដល់គ្រហុកហ្នឹងនៅដដែល បើកទៅកល់ពោះឡាន ដាច់បំពង់ស៊ីម៉ាំងអស់។ ដូច្នេះ ភ្ញៀវមិនសប្បាយចិត្តទេ។ យើងលក់សំបុត្របានច្រើន គួរយកមកកែច្នៃទីលានហ្នឹងឲ្យស្អាតទៅ គ្នាមកលេងចតបានស្រួល»។
មិនមែនតែអ្នកទេសចរនោះទេ ដែលមិនសូវពេញចិត្តដែលឃើញស្មៅក្នុងបរិវេណងាប់ក្រៀមស្វិត លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍អង្គរ ក៏មានអារម្មណ៍ដូចគ្នា។ លោក ខៀវ ធីប្រាប់សារព័ត៌មានថ្មីៗថា ភ្ញៀវទេសចរបរទេស បានកោតសរសើរមិនដាច់ពីមាត់ចំពោះប្រាសាទបុរាណរបស់ខ្មែរ គ្រាន់តែខ្វះការរៀបចំសណ្តាប់ធ្នាប់ និងសួនច្បារនៅក្នុងទីធ្លាប្រាសាទប៉ុណ្ណោះ។ លោក លោក ខៀវ ធី បន្ត៖ «ប្រាសាទបុរាណរបស់យើង គឺអស្ចារ្យណាស់ ដែលភ្ញៀវគេមក គេកោតសរសើរស្ងប់ស្ងែង និងគោរព។ ប៉ុន្តែ យើងចង់ឲ្យអាជ្ញាធរអប្សរា រៀបចំការបាញ់ទឹកឲ្យវាខៀវគ្រប់រដូវ ដើម្បីទាក់ទាញភ្ញៀវ។ សំខាន់ ប្រាសាទបុរាណរបស់យើង យើងត្រូវរៀបចំសួនស្មៅនៅតាមបរិវេណប្រាសាទខួបប្រាំខួបវស្សា កាត់ស្មៅឲ្យមានរបៀបរបប បោសធូលីចេញពីកំរាលថ្មប្រាសាទ។ ហើយផ្លូវចូលទៅកាន់ប្រាសាទបុរាណ យើងធ្វើឲ្យស្អាត កុំឲ្យមានគ្រលុក ហើយដាក់ស្លាកសញ្ញាសម្គាល់តាមស្តង់ដារ»។
តបនឹងការរិះគន់របស់អ្នកទេសចរ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានអះអាងថា អាជ្ញាធរអប្សរា បានធ្វើសួនច្បារដោយមានដាំស្មៅនៅមុខទីធ្លាប្រាសាទអង្គរវត្ត និងសួនច្បារមួយនៅចំនួននៅទីធ្លាខាងត្បូងប្រាសាទអង្គរវត្តរួចហើយ។ បើតាមអ្នកនាំពាក្យដដែល នៅឆ្នាំ ២០២០នេះ អាជ្ញាធរអប្សរា នឹងរៀបចំការស្រោចស្រពស្វ័យប្រវត្តិនៅទីធ្លាក្នុងប្រាសាទអង្គរវត្ត ដើម្បីធ្វើឲ្យអង្គរវត្តមានសោភ័ណភាពស្រស់បំព្រងគ្រប់រដូវ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ឆ្នាំហ្នឹង ឆ្នាំ២០២០ហ្នឹង យើងនឹងរៀបចំឲ្យមានប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដែលប្រព័ន្ធស្រោចស្រពនេះ ធ្វើឲ្យបរិវេណប្រាសាទអង្គរវត្ត នឹងមានភាពបៃតងខួបប្រាំងខួបវស្សា អត់មានបញ្ហាស្មៅខ្លោច ឬបាត់សម្រស់នៅខែប្រាំងទៀតទេ»។
យ៉ាងណាក៏ដោយ ភ្ញៀវទេសចរ បានស្នើរឲ្យអាជ្ញាធរពន្លឿនធ្វើកិច្ចការនេះ ព្រោះបើនៅបណ្តោយឲ្យស្មៅងាប់ និងដីហុយទ្រលោមបែបនេះ វានឹងប៉ះពាល់ខ្លាំងដល់អារម្មណ៍អ្នកទេសចរ ដែលបានបង់លុយចូលមើលប្រាសាទ ព្រមទាំងខូចមុខមាត់វិស័យទេសចរណ៍នៅកម្ពុជាទៀតផង។ ពួកគេ សង្កត់ធ្ងន់ថា ការងារនេះ មិនមែនជាការងារលំបាក ដែលទាមទារនូវបច្ចេកទេសស្មុគស្មាញ និងត្រូវប្រើពេលវេលារាប់ឆ្នាំនោះទេ៕