សុខភាព
អន្តរជាតិ
ឆ្នាំ ២០១៩ គឺជា​ឆ្នាំ​ដែលមាន​ជំងឺ​ក​ញ្ជ្រិ​ល​រីក​រាលដាល​ខ្លាំង​បំផុត​មួយ​
13, Jan 2020 , 1:39 pm        
រូបភាព
ក្មេង​ម្នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​​នៅ​ឯ​គ្លីនិក​មួយ Apia កោះ​ Samoa កាល​ពី​ខែ​វិច្ឆិកា ២០១៩។
ក្មេង​ម្នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​​នៅ​ឯ​គ្លីនិក​មួយ Apia កោះ​ Samoa កាល​ពី​ខែ​វិច្ឆិកា ២០១៩។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ​នៅក្នុង​ឆ្នាំ​២០១៩ ជំងឺ​ដែល​អាច​ការពារ​បាន បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​១​សែន ៤​ម៉ឺន​នាក់ ដែល​អ្នកស្លាប់​ទាំងនោះ​ភាគច្រើន​ជា​កុមារ និង​ទារក​។ សោកនាដកម្ម​ទាំងនេះ​កើតឡើង​ដោយសារតែ​ពួកគេ​ខកខាន​មិនបាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល​ចំនួន​ពីរដង​តាម​ការកំណត់​។​

 
​ឳ​ពុក​ម្តាយ​ដែល​រស់​នៅលើ​កោះ Samoa មិន​ធ្លាប់​គិតថា នឹង​ជួបប្រទះ​រឿង​សោកសង្រេង​បែបនេះ​ទេ​។​
 
​អ្នកស្រី Emite Talaalevea ជា​ម្តាយ​ម្នាក់​អ្នករស់នៅ​លើ​កោះ Samoa​។ អ្នកស្រី​ថ្លែងថា​៖ «​វា​ជា​រឿង​ដ៏​រន្ធត់​ណាស់​។ វា​មានការ​លំបាក​ខ្លាំងណាស់​ក្នុងការ​ទទួលយក​អ្វីដែល​បានកើត​នេះ​»​។​
 
​អ្នកស្រី Elsei Lolesio ជា​ម្តាយ​ដែល​បាន​បាត់បង់​កូន​ម្នាក់ទៀត ថ្លែងថា​៖ «​វា​ជា​រឿង​ដ៏​សោកសៅ​ណាស់​ក្នុងការ​បាត់បង់​កូន​។ ខ្ញុំ​សោកស្តាយ​ណាស់​។ នាង​ទៅ​បាត់​ហើយ តែ​ខ្ញុំ​គ្មាន​ថ្ងៃ​បំភ្លេច​នាង​ឡើយ ដូចជា របៀប​ដែល​ខ្ញុំ​បាន​ព្យាយាម​បង្រៀន​នាង​ឲ្យ​ចេះ និយាយ​ជាដើម​»​។​
 
​ជំងឺ​ក​ញ្ជ្រិ​ល​បាន​ឆក់យក​ជីវិត​មនុស្ស​រស់នៅ​លើ​កោះ Samoa ជាង​៨០​នាក់ ដែល​អ្នកស្លាប់​ទាំងនោះ​ភាគច្រើន​ជា​កុមារ​និង​ទារក​។ លោក Robert Linkins ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​និង​តាមដាន​ជំងឺ​ដែល​អាច​ការពារ​បាន​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​ហៅ​កាត់​ថា CDC ដែលជា​ទីភ្នាក់ងារ​មួយ​របស់​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​។ លោក​ថ្លែងថា​៖ «​ការទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល​ចំនួន​ពីរដង​តាម​ការកំណត់ អាច​សង្គ្រោះ​ជីវិត​កុមារ​ទាំងនោះ​»​។​
 
​អត្រា​ចាក់​វ៉ាក់សាំង​នៅលើ​កោះ Samoa បាន​ធ្លាក់ចុះ​ប្រហែល ៣០% បន្ទាប់ពី​កុមារ ២​នាក់​បាន​ស្លាប់​ដោយសារ​ថ្នាំ​វ៉ាក់សាំង​ក​ញ្ជ្រិ​ល​ដែល​ត្រូវបាន​លាយ​ជាមួយ​ថ្នាំ​បន្ធូរ​សាច់ដុំ​ជំនួស​ឱ្យ​ទឹក​។ ឪពុកម្តាយ​ភ័យ​ស្លន់ស្លោ​អំពី​រឿងនេះ ហើយ​សកម្មជន​ប្រឆាំងនឹង​ការចាក់​ថ្នាំ​បង្ការ​នេះ​បាន​បញ្ចុះបញ្ចូល​ពួកគេ​មិន​ឲ្យ​ចាក់​វ៉ាក់សាំង​។ បន្ទាប់មក​ជំងឺ​ក​ញ្ជ្រិ​ល​បាន​រីក​រាលដាល​នៅលើ​កោះ​នោះ​។​
 
​លោក Robert Linkins ថ្លែងបន្តថា​៖ «​មន្ទីរពេទ្យ និង​គ្លីនិក​សុខភាព​ពេញ​ទៅដោយ​កុមារ​ដែល​ឈឺ ហើយ​គ្មាន​អ្នកធ្វើការ​ផ្នែក​ថែទាំ​សុខភាព​គ្រប់គ្រាន់​ទេ ចំណែកឯ​គ្រែ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ក៏​មិនមាន​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​ដែរ​»​។​
 
​រដ្ឋាភិបាល​កោះ Samoa បានចាប់ផ្តើម​កិច្ចប្រឹងប្រែង​ផ្តល់​វ៉ាក់សាំង​ដ៏​ធំ​មួយ ហើយ​បាន​ទៅរក​មជ្ឈមណ្ឌល CDC ឲ្យ​ជួយ​។​
 
​លោក Robert Linkins ថ្លែង​ទៀតថា​៖ «​មជ្ឈមណ្ឌល CDC ក៏ត្រូវ​បាន​សុំ​ឲ្យ​ផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​ថែទាំ​សុខភាព​ដល់​អ្នកធ្វើការ​ដើម្បី​ធានាថា ការផ្តល់​វ៉ាក់សាំង​គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​សុវត្ថិភាព ព្រមទាំង​តាមដាន​មើល​គុណភាព​យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​រោគ​ដែល​បានធ្វើ​នាពេល​កន្លងមក​»​។​
 
​មានការ​រាយការណ៍​ថា នៅ​ឆ្នាំ ២០១៩ មាន​មនុស្ស​កើត​ជំងឺ​ក​ញ្ជ្រិ​ល​ប្រមាណ​ជាង​៤​សែន​នាក់ នៅ​ទូទាំង​ពិភពលោក​ដោយមាន​២​សែន ៥​ម៉ឺន​ករណី​បន្ថែមទៀត​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​
 
​នៅ​បី​ខែ​ដើមឆ្នាំ​២០១៩ ចំនួន​មនុស្ស​កើត​ក​ញ្ជ្រិ​ល​មាន​ចំនួន​ច្រើនជាង​បី​ដង បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។​
 
​អ្នកស្រី Kate O'Brien នៃ​អង្គការ​សុខភាព​ពិភពលោក ថ្លែងថា​៖ «​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​បរាជ័យ​ក្នុង​ការទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល​នេះ គឺ​ដោយសារ​គ្រួសារ និង​សហគមន៍ គ្មាន​មធ្យោបាយ​ដើម្បី​ទទួលយក​វ៉ាក់សាំង​នេះ​»​។​
 
​ការទទួល​វ៉ាក់សាំង​ការពារ​ចំនួន​ពីរដង​តាម​ការកំណត់ អាច​ការពារ​កុមារ​ពី​ជំងឺ​ក​ញ្ជ្រិ​ល​នេះ​បាន​។ ក៏ប៉ុន្តែ សង្គ្រាម និង​ប្រព័ន្ធ​ថែរក្សា​សុខភាព​មានគុណ​ភាព​អន់​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប បាន​រារាំង​ក្រុមគ្រួសារ​ជាច្រើន​មិន​ឲ្យ​ពួកគេ​នាំ​កូន​ទៅ​ទទួល​វ៉ាក់សាំង​បាន​។​
 
​នៅក្នុង​ប្រទេស​អ្នកមាន ការចាក់​ថ្នាំ​វ៉ាក់សាំង​ក៏​ធ្លាក់ចុះ​ដែរ​។ ឳ​ពុក​ម្តាយ​ខ្លះ​សម្រេច មិន​ឲ្យ​កូន​ចាក់​វ៉ាក់សាំង​។ សហរដ្ឋអាមេរិក​មាន ចំណាត់ថ្នាក់​ខ្ពស់​ក្នុង​បញ្ជី​មិន​ចាក់​វ៉ាក់សាំង ដោយមាន​កុមារ​២​លាន ៥​សែន​នាក់​ខកខាន​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល​លើក​ទី​១​។​
 
​នៅក្នុង​ឆ្នាំ​២០១៩ មជ្ឈមណ្ឌល CDC បាន​រាយការណ៍​ថា មាន​មនុស្ស​ជាង ១០០០​នាក់ នៅក្នុង ៣១ រដ្ឋ​នៅ​សហរដ្ឋអាមេរិក បានកើត​ជំងឺ​ក​ញ្ជ្រិ​ល​នេះ គិត​ត្រឹម​ចុងខែ​ធ្នូ​កន្លងទៅនេះ​។ ចំនួន​នេះ ជា​ចំនួន​ច្រើន​បំផុត នៅក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​។​
 
​លោក​វេជ្ជបណ្ឌិត Peter Hotez នៃ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ Baylor College ថ្លែងថា​៖ «​នៅក្នុង​សហរដ្ឋអាមេរិក​ឥឡូវនេះ ការរីក​រាលដាល​នៃ​ជំងឺ​ក​ញ្ជ្រិ​ល​បានក្លាយ​ទៅជា​បញ្ហា​ធម្មតា​ថ្មី​មួយ​នៅក្នុង​ប្រទេស​នេះ ក្រោយពី​ពួកយើង​បាន​បំបាត់​ជំងឺ​នេះ កាលពី​ឆ្នាំ​២០០០»​។​
 
​អង្គការ​សុខភាព​ពិភពលោក បាន​ដក​ប្រទេស​នៅ​អឺរ៉ុប​ចំនួន​បួន​ចេញពី​បញ្ជី​ប្រទេស​ដែល​បាន​លុបបំបាត់​ជំងឺ​ក​ញ្ជ្រិ​ល ដោយសារតែ​ការកើត​ជំងឺ​នេះ និង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ទាំងនោះ មាន​កម្រិត​ទាប​។​
 
​អ្នកស្រី Kate O'Brien បាន​ថ្លែង​បន្តទៀតថា​៖ «​និយាយ​ឲ្យ​ស្រួល​ស្តាប់ទៅ គឺ​មានន័យថា ពួកយើង​ដើរ​ថយក្រោយ ក្នុង​រឿង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល​នេះ​»​។​
 
​កោះ Samoa បានប្រកាស​បញ្ចប់​ស្ថានភាព​មាន​អាសន្ន​មុន​ដំណាច់ឆ្នាំ​២០១៩​កន្លងទៅនេះ​។ ក៏ប៉ុន្តែ ការរីក​រាលដាល​ជាថ្មី​នៃ​ជំងឺ​ក​ញ្ជ្រិ​ល​នេះ វា​មិនមែន​ត្រឹមតែ​ជា​បញ្ហា​សម្រាប់​កោះ Samoa ប៉ុណ្ណោះ​ទេ វា​ជា​បញ្ហា​សុខភាព​សម្រាប់​សាកលលោក​ទាំងមូល​។ បើសិនណា កុមារ​មិនបាន​ទទួល​វ៉ាក់សាំង​ទេនោះ នឹងមាន​កុមារ​ស្លាប់​ជា​បន្តទៀត ហើយនឹង​មានការ​រីក​រាលដាល​នៃ​ជំងឺ​នេះ នៅ​ឆ្នាំ​២០២០ នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com