អន្តរជាតិ
ចិន សន្យា​បន្ត​ការពារ​អធិបតេយ្យ និង​មុខមាត់​ឡាវ​ដោយ​មិន​ប្រែប្រួល​
13, Jan 2020 , 9:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីឡាវ និងប្រធានាធិបតីចិន។ រូបភាព Laotian Times
នាយករដ្ឋមន្រ្តីឡាវ និងប្រធានាធិបតីចិន។ រូបភាព Laotian Times
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ថ្លែង​សរសើរ​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ ដែល​បាន​បន្ត​ធ្វើជា​អ្នកជិតខាង និង​ដៃគូ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​។ ក្រុង​ប៉េកាំង រំពឹងថា រដ្ឋាភិបាល​ទាំងពីរ នឹង​នៅតែ​រក្សាបាន​ទំនាក់ទំនង​ល្អ​បែបនេះ ដើម្បី​ជា​ផ្នែក​មួយ​កសាង​អនាគត​រួមគ្នា និង​ជាពិសេស​នោះ​រក្សា​នយោបាយ​កុម្មុយនីស្ត​ឲ្យ​កាន់តែ​រឹងមាំ​ផងដែរ​។​

 
​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​សប្តាហ៍​មុន ក្នុង​រដ្ឋធានី​ប៉េកាំង បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត ។ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ បាន​សន្យា​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​ថ្នាក់​តំបន់ និង​អន្តរជាតិ និង​ពិសេស​នោះ​បន្ត​គាំទ្រ​គ្នា​លើ​ការកសាង​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​បែប​កុម្មុយនីស្ត​ឲ្យ​កាន់តែ​រឹងមាំ​។​
 
​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បានកើត​សរសើរ និង​ពណ៌នា​ឡាវ ជា​អ្នកជិតខាង​ល្អ​, មិត្ត​ល្អ និង​ជា​ដៃគូ​ល្អ ដែល​ចំណុច​នេះ លោក​ប្រធានាធិបតី នៅតែ​ជឿជាក់ថា​ប្រទេស​ទាំងពីរ នឹង​បន្ត​ទៅមុខ​ក្រោម​អនាគត​តែមួយ​បាន​។​
 
​លោក​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា ភាគី​ទាំងពីរ គួរ​ធ្វើការ​ជាមួយគ្នា​កាន់តែ​ស្និទ្ធ​, រក្សា​ទំនៀមទម្លាប់​នៃ​ការផ្លាស់ប្តូរ​មន្ត្រីជាន់ខ្ពស់​, ពង្រីក​ការធ្វើទំនាក់ទំនង​ស្តីពី​រដ្ឋបាល និង​អភិបាលកិច្ច​រដ្ឋ និង​ពង្រឹង​គោលនយោបាយ​សន្តិ​សុខន​យោ​បាយ ដែលជា​ផលប្រយោជន៍​រួម​រវាង​ប្រទេស​ទាំងពីរ និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងទៀត​។​
 
​ដូច​ជំនួប​សព្វមួយដង ប្រមុខ​ដឹកនាំ​កំពូល​ចិន​រូបនេះ មិន​ឲ្យ​រដ្ឋាភិបាល​ឡាវ​មានការ​ព្រួយបារម្ភ​ពី​ការគំរាមកំហែង និង​ជ្រៀតជ្រែក​ពី​ខាងក្រៅ​នោះទេ​។ លោក ស៊ី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​« ភាគី​ចិន នឹង​បន្ត​គាំទ្រ​ភាគី​ឡាវ​ក្នុងការ​ការពារ​អធិបតេយ្យ និង​កិត្យានុភាព​របស់ខ្លួន​ជានិច្ច​»​។​
 
​តប​ជាមួយនឹង​ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​ចិន លោកនាយក​រដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត បានបង្ហាញ​ពី​ការជឿជាក់​ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន ដែលមាន​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ជា​អ្នក​កាច់​ច​ង្កូ​ច​។ លោកនាយក​រដ្ឋមន្ត្រី គូសបញ្ជាក់ថា បទពិសោធ​ពង្រឹង និង​អភិវឌ្ឍ​ប្រព័ន្ធ​សង្គមនិយម​ជាមួយនឹង​ច​រិ​ក​លក្ខណៈ​ចិន គឺជា​មេរៀន​ដ៏​សំខាន់​ដើម្បី​រៀនសូត្រ​បន្ត​។ 
 
​ឆ្លៀតឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្តតាម​ផែនការ​សកម្មភាព ស្តីពី​ការកសាង​សហគមន៍ ឡាវ​-​ចិន ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ប្រមុខរដ្ឋ​ប្រទាំង​ពីរ​។ លោក ក៏បាន​សន្យា ធ្វើ​សហប្រតិបត្តិការ​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គម្រោង ខ្សែក្រវ៉ាត់ និង​ផ្លូវ​ផងដែរ​៕ 

Tag:
 ចិន​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com