អន្តរជាតិ
បាតុករ​ហុងកុង​៖ ថ្ងៃនេះ​តៃវ៉ាន់​ឈ្នះ​ចិន ស្អែក​នឹង​ដល់​វេន​ហុងកុង​ម្តង​
13, Jan 2020 , 10:19 pm        
រូបភាព
ប្រជាជនហុងកុង ក្នុងជំនួបសាទរជ័យជម្នះរបស់លោកស្រី Tsai Ing-wen នាទីក្រុងតៃប៉ិ។ រូបភាព៖ Reuters
ប្រជាជនហុងកុង ក្នុងជំនួបសាទរជ័យជម្នះរបស់លោកស្រី Tsai Ing-wen នាទីក្រុងតៃប៉ិ។ រូបភាព៖ Reuters
​ប្រជាជន​ហុងកុង​ជាច្រើន​នាក់ ដែល​បានគេច​ខ្លួន​មក​កោះ​តៃវ៉ាន់ បានចេញ​មកជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​១១ ខែមករា ដើម្បី​សាទរ​ការការពារ​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​របស់លោក​ស្រី Tsai Ing-wen​។ ក្នុងឱកាស​នេះ ក្រុមបាតុករ មាន​លើកឡើងថា ថ្ងៃនេះ​តៃវ៉ាន់​ឈ្នះ ចំណែក​ថ្ងៃស្អែក​នឹង​ដល់ពេល​ហុងកុង​។


 
​បន្ទាប់ពី​ជ័យជម្នះ​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ប្រជាជន​ហុងកុង​ជាច្រើន​ដែល​បាន​រត់គេចខ្លួន​ចេញពី​ហុងកុង​ក្នុងអំឡុងពេល​បាតុកម្ម​រយៈពេល​ជិត ៧​ខែ​កន្លងមកនេះ បាន​សាទរ​លទ្ធផល​បោះឆ្នោត​។​
 
​ដោយមាន​វត្តមាន​ក្នុងអំឡុងពេល​ជួបប្រជុំ​នៅក្នុង​ទីក្រុង​តៃប៉ិ លោក Ventus Lau អតីត​អ្នករៀបចំ​កម្មវិធី​ការជួបជុំ​មនុស្ស​១​ពាន់​នាក់ កាល​នៅ​ទឹកដី​ហុងកុង បាន​អះអាងថា​៖ «​ខ្ញុំ​សង្ឃឹមថា ហុងកុង​នឹង​ដូច​តៃវ៉ាន់​។ នៅក្នុង​ជំនាន់​កូនចៅ​របស់​យើង ហុងកុង នឹង​ក្លាយ​មាន​ប្រជាធិបតេយ្យ និង​សេរីភាព​»​។ ក្នុងន័យ​នេះហើយ ទើប​ប្រជាជន​ហុងកុង​ទាំងអស់ ត្រូវតែ​ខិតខំ​ប្រឆាំង​ឥទ្ធិពល​បក្សកុម្មុយនិស្ត​ចិន ជាមួយ​សហគមន៍​អន្តរជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្នុងជំនួប​សាទរ​លោក​ស្រី​Tsai នេះ ប្រជាជន​ហុងកុង​ជាច្រើន បាន​កាន់​ទង់ជាតិ និង​បដា​ជាច្រើន ហើយ​ភាគច្រើន​គឺ​ឌឺដង​ដាក់​ចិន​។ ក្នុង​បដា​ទាំងនោះ មាន​ពាក្យស្លោក​មួយ​សរសេរថា «​តៃវ៉ាន់​ថ្ងៃនេះ ហុងកុង​ថ្ងៃស្អែក​»​។ ប្រជាជន​ហុងកុង​ទាំងនោះ​ទំនងជា​ចង់​សំដៅថា ថ្ងៃនេះ​លោកស្រី​Tsai គឺជា​អ្នកឈ្នះឆ្នោត​លើ​លោក Han Kuo-yu បេក្ខជន​បក្ស​គូ​មិញ​តាង ដែល​ចង់​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ឡើងវិញ ដែល​ប្រៀបដូចជា​តៃវ៉ាន់​ឈ្នះ​ចិន​ផងដែរ ហើយ​នៅ​ថ្ងៃ​ខាងមុខ​វា នឹង​ដល់​វេន​ហុងកុង​ម្តង​ដែល​ត្រូវ​ឈ្នះ​ទីក្រុង​ប៉េកាំង​។ 
 
​ជាការ​ពិត ប្រជាជន​ហុងកុង ចង់​ឲ្យ​លោកស្រី Tsai ឈ្នះ​លើ​លោក Han​។ ប្រសិនបើ​លោក Han ឈ្នះ​ក្នុង​កាបោះឆ្នោត​លើក​នេះ បាតុករ​ភៀសខ្លួន​ទាំងនេះ បារម្ភ​ថា រដ្ឋបាល​តៃវ៉ាន់​ថ្មី អាច​ចាប់បញ្ជូន​ប្រជាជន​ហុងកុង​ត្រលប់​ទៅ​ទឹកដី​កំ​ណើ​រ​របស់ខ្លួន​វិញ ស្របពេល​អាជ្ញាធរ​ហុងកុង បាន​ចាប់ខ្លួន​ក្រុមបាតុករ ជាង​៧​ពាន់​នាក់​រួចមកហើយ ក្នុង​រយៈពេល​ជិត​៧​ខែ​កន្លងមកនេះ​។ 
 
​សូមបញ្ជាក់ថា តាមរយៈ​លទ្ធផល​បោះឆ្នោត​នា​ល្ងាច​ថ្ងៃទី ១១ ខែមករា លោកស្រី Tsai បានឈ្នះ​ឆ្នោត​យ៉ាងច្រើន​លើសលប់ ពោលគឺ​បានទទួល​សម្លេងគាំទ្ររ​ហូត​ដល់ ៥៧​ភាគរយ​ឯណោះ ដែល​ស្មើនឹង​សន្លឹកឆ្នោត​ដល់​ជាង ៨​លាន​សន្លឹក​។ បើ​ធៀប​ទៅនឹង​ការបោះឆ្នោត​ឆ្នាំ ២០១៦ ការបោះឆ្នោត​លើក​នេះ លោកស្រី​Tsai បានទទួល​សន្លឹកឆ្នោត​លើស ១,៣​លាន​សន្លឹក​។ ចំណែក​លោក Han បានទទួល​សម្លេងគាំទ្រ​ត្រឹមតែ ៣៩ ភាគរយ​ប៉ុណ្ណោះ ហើយ​លោក​ក៏បាន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះដែរ ៕

Tag:
 ហុងកុង​
  តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com