ONE Championship
កីឡាជាតិ
ជាតិ
Rodtang នៅតែ​ការពារ​ខ្សែក្រវាត់​បាន ក្រោយ​ផ្តួល Haggerty ក្នុងជំនួប​សងសឹក
13, Jan 2020 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
Rodtang Jitmuangnon បាន​ផ្ដួល​គូប្រជែង Jonathan Haggerty ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ នា​ជំនួប​សងសឹក ក្នុង​កម្មវិធី ONE: A NEW TOMORROW នៅ​ក្រុង​បាងកក​ប្រទេស​ថៃ នា​ថ្ងៃទី​១០ មករា​។  ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ Rodtang នៅតែ​អាច​ការពារ​ខ្សែក្រវាត់  ONE Flyweight Muay Thai World Champion របស់ខ្លួន​ដដែល​។ ដោយឡែក ម្ចាស់​ខ្សែក្រវាត់ ONE Super Series Muay Thai និង Kickboxing Atomweight World Champion បាន​វ៉ៃ កីឡា​កា​រា​រិ​នី​ឥណ្ឌា Puja Tomar ឲ្យ​សន្លប់​ទឹក​ទី​១ ក្នុងការ​ប្រកួត​គុន​ចម្រុះ​ទម្ងន់ Atomweight​។


 
1- Rodtang Jitmuangnon ផ្ដួល Jonathan Haggerty ឲ្យ​សន្លប់​ដើម្បី​ការពារ​ខ្សែក្រវាត់​
 
​ពិត​ជាត​អស្ចារ្យ​ដូច​ការតាំង​ចិត្ត​មែន  Rodtang Jitmuangnon ឬ ឈ្មោះ​ក្រៅ The Iron Man បាន​ផ្ដួល​Jonathan Haggerty ឬ The General ឲ្យ​សន្លប់​ត្រឹម​ទឹក​៣​មិនអាច​តដៃ​រួច​ឡើយ​ដើម្បី​ការពារ​ខ្សែក្រវាត់  ONE Flyweight Muay Thai World Champion ជា​លើក​ទី​២​របស់ខ្លួន​។ នេះ​ជាការ​តាំងចិត្ត​របស់ The Iron តាំងពី​មិនទាន់​ប្រកួត​ម្ល៉េះ​ថា​ដើម្បី​កុំ​ឲ្យ​ចៅក្រម​ដាក់ពិន្ទុ​រញ៉េរញ៉ៃ​។ គ្រាន់តែ​ចូល​ទឹក​បើកឆាក Rodtang ដើរចូល​គ្មាន​ខ្លាចក្រែង និង​ម៉ាត់​ឆ្វេង​ស្ដាំ​បូក​ទាំង​ការ​ទាត់​មួយ​ទំហឹងៗ​។ ក្នុង​ទឹក​នេះ The Iron Man ក៏​ម៉ាត់​ឆ្វេង​ស្ដាំ​ចំពោះ​ទឹក​ធ្វើ​ឲ្យ​កីឡាករ​អង់គ្លេស​រមួល​ដេក​ក្ដារ​រេញ​មួយ​ភ្លែត​ផងដែរ​។ យ៉ាងណាក្ដី Haggerty បាន​ព្យាយាម​ទាត់​កាត់​សង​វិញ​ចំ​គោលដៅ​ខ្លះៗ​ដែរ​។  រឹតតែ​ក្ដៅ ម៉ាស៊ីន​ម្ចាស់​ខ្សែក្រវាត់​បាន​ដើរចូល​រហូត​។ អ្វី​គួរកត់សម្គាល់ ពេល​កីឡាករ​មកពី​អង់គ្លេស​ចាប់ជើង​បាន តែ The Iron Man បាន​លោត​ឡើង​ផុត​ផុត ដូច​ក្បាច់​កុង​ហ្វូ​មិន​ឲ្យ​គេច​ផុតពី​ការ​ប៉ែង​ជើង​ផ្ដួល ប៉ុន្តែ អាច​ឆ្លង​ដល់​ទឹក​ទី​៣​។  គ្រាន់តែ​ចូលដល់​ទឹក​ទី​៣ ម្ចាស់​ខ្សែក្រវាត់​បាន​ដើរ​ស​ន្ទា​ប់​កាន់តែខ្លាំង និង វ៉ៃ​ឆ្វេង​ស្ដាំ​ថែមទាំង​ច្រឡោត​កុំ​ឲ្យ Haggerty រត់​ទៀតផង​។ មិនយូរប៉ុន្មាន​ចុង​ទឹក​ទី​៣ កីឡាករ​តំណាង​ពី​ចក្រភព​អង់គ្លេស​ត្រូវ Rodtang ម៉ាត់​ឆ្វេង​ស្ដាំ ឲ្យ​ដួល​លើ​ក្ដារ​រេញ​មុន​ថែម​ជង្គង់​ឲ្យ​ដួល​ជាថ្មី ហើយក៏​អាជ្ញាកណ្ដាល​បញ្ឈប់​តែម្ដង​។ គួរ​ដឹង​ដែរ​ថា Rodtang បាន​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ពី Jonathan Haggerty កាល​ខែ សីហា ឆ្នាំ ២០១៩​។ ម្ចាស់​ខ្សែក្រវាត់​វ័យ ២២ ឆ្នាំ​និយាយ​ទាំង​រីករាយ​ថា​៖«​នេះ​ជា​លើក​ទី​១ ដែល​ការពារ​ខ្សែក្រវាត់​នៅ​ប្រទេស​ថៃ​នៅមុខ​អ្នកគាំទ្រ និង មុខ​គ្រួសារ​របស់ខ្ញុំ​។ Haggerty គេ​ល្អ​ណាស់ និង​ជា​កីឡាករ​មាន​ទេពកោសល្យ ប៉ុន្តែ ខ្ញុំ​បាន​ប្រឹង​ខ្លាំង​ឲ្យ​ល្អ​ជាង​គាត់​។ ដូច្នេះ​ខ្ញុំ​ស​ក្ដ័​សមជា​ម្ចាស់​ខ្សែក្រវាត់​ពិតៗ​»​។ 
 
2- Stamp Fairtex ផ្ដួល Puja Tomar ឲ្យ​សន្លប់​ទឹក​ទី​១
 
​នៅសល់​ប៉ុន្មាន​វិនាទី មុន​ចប់​ទឹក​ទី​១ ប៉ុន្តែ Stamp Fairtex អាច​ស្ថិតនៅ​ពី លើ Puja Tomar ឬ The Cyclone និង​ម៉ាត់​ពីលើ​ឆ្វេង​ស្ដាំ​រហូតដល់​រហូតដល់​អាជ្ញាកណ្ដាល​បញ្ឈប់​តែម្ដង ព្រោះ​កីឡាការិនី​ឥណ្ឌា​មិនអាច​តស៊ូ​បាន​ទៀត​ទេ​។ គ្រាន់តែ​បើក​ការប្រកួត Puja Tomar ចង់​ផ្ដួល Stamp ដើម្បី​កាច់​ឃ្លេ ប៉ុន្តែ​ត្រូវ Stamp រើរួច និង ឃ្លេ​ចុះឡើង​រហូត​វ៉ៃ​នៅ​ពីលើ​មិន​ឲ្យ​រើរួច​។  នេះ​ជា​ជ័យជម្នះ​លើក​ទី​៤ របស់  Stamp Fairtex ក្នុងការ​ប្រកួត​គុន​ចម្រុះ​។ Stamp និយាយ​ក្រោយ​ប្រកួត​៖«​ខ្ញុំ​ចង់​អភិវឌ្ឍ​ការប្រកួត MMA របស់ខ្ញុំ​។ វា​ជា​រឿង​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​យកឈ្នះ​លើ​កីឡាការិនី​ខ្លាំង​និង​ប្រើ​ក្បាច់​ឃ្លេ​មិន​ឲ្យ​គេ​រើ​បាន​។ សូម​អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​បង្ហាញ​ការគាំទ្រ​និង​មក​ទស្សនា​ផ្ទាល់​ថ្ងៃនេះ​»​។ 
 
3-Sangmanee Sathian MuayThai ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Kenta Yamada 
 
​ពិតជា​ល្អមើល​ណាស់ Sangmanee Sathian MuayThai ឬ ឈ្មោះ​ក្រៅ The Million Dollar Baby ដើរ​សម្រុកចូល​វ៉ៃ ៣ ទឹក​ពេញ​ដើម្បី​ឈ្នះ​ពិន្ទុ​ដោយ​ឯកច្ឆន្ទ​លើ កីឡាករ​ជប៉ុន Kenta Yamada ។ ចូល​ទឹក​ទី​១ Sangmanee មិន​ខ្លាចញញើត​ទាល់តែសោះ​ដោយ​ដើរចូល​ក្នុង​គោលដៅ​បំបាក់ Yamada នៅ​ទឹក​ទី​១​។ ប៉ុន្តែ​មិនជា​បញ្ហា​ទោះ​ទាត់​ចូល​ច្រើន និង​ចេញ​កណ្ដាប់ដៃ​ដូច​ព្យុះ​ក៏ដោយ​។ The Million Dollar Baby បាន​ប្រើ​កែង​ឆ្វេង​ហក់​វ៉ៃ​ឲ្យ Yamada បែក​ធំ រហូតដល់​ពេទ្យ​ពិ​និត្យនៅ​ពាក់កណ្ដាល​ទឹក​ទី​២​។ បន្ទាប់មកទៀត  Sangmanee ក៏​ដើរចូល​ដូច​ព្យុះ​ដដែល ប៉ុន្តែ កីឡាករ​ជប៉ុន​នៅមាន​ជំហរ​រឹង​អាច​ទប់​បាន​។ មិន​ខុសពី​ទឹក​ទី​១ ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ៧​សម័យកាល នៅតែ​អាច​ទាត់​ចំ​ក្បែរ​ក និង​ទាត់​របើក​ឃុំ​របស់​កីឡាករ​ជប៉ុន​ជារឿយៗ មុនពេល​ប្រកាស​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ នេះ​ជ័យជម្នះ​លើក​ទី​២​របស់ Sangmanee លើស​ង្វៀន​ពិភពលោក ONE Championship​។ Sangmanee បាន​ថ្លែង​៖«​កាល​ប្រកួត​ដំបូង​ខ្ញុំ​ភ័យៗ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ប្រសើរឡើង និង ការប្រកួត​កាន់តែ​ល្អ​។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​បានមក​លើកទឹកចិត្ត​ខ្ញុំ រួម​ក្រុម​ទាំង​គ្រួសារ​របស់ខ្ញុំ​»​។ 
 
4- Muangthai PK. Saenchaimuaythaigym ឈ្នះ​ពិន្ទុ Brice Delval
​គ្រាន់​គោះ​ជួង​ភ្លាម Muangthai ឬ ឈ្មោះ​ក្រៅ Elbow Zombie ត្រូវបាន​ស្វាគមន៍​ដោយ​ការ​ធាក់​ទប់​ពី​សំណាក់ BRICE DELVAL ឬ The Truck ហើយ​ជើង​ខ្លាំង​មកពី​អាល់​ហ្សេ​រី បាន​ប្រើ​ក្បាច់​ទាត់​ក្បែរៗ​ក កីឡាករ​ថៃ ប៉ុន្តែ​មិន​បញ្ហា​។ The Truck ប្រកួត​អាង​ជំហរ​ហើយ​ប្រើ​ក្បាច់​ឆ្មក់​មួយៗ​សង​មកវិញ​។ បែបណា​ក្ដី Elbow Zombie អាច​ប្រើ​កណ្ដាប់ដៃ​វ៉ៃ​បានល្អ​នៅ​ចុង​ទឹក​ទី​១​។ ទឹក​ទី​២ មានរឿង​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ The Truck ចាប់ជើង​របស់ Muangthai ជាប់​រហូតដល់ ៣ ដង និង បន្ថែម​កណ្ដាប់​ផងដែរ ហើយ​ក្នុងនោះ ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ៣​សម័យកាល​អាច​ទាត់​ជើង​ស្ដាំ​ចូល​ពោះ​ទឹក​របស់ The Truck ឡើង​ក្រហម​។ ទឹក​កាត់សេចក្ដី ក៏​មិន​ខុសពី​ទឹក​មុនៗ  Elbow Zombie ដើរចូល​ដោយ​មិន​ខ្លាចរអា​រហូតដល់ អាជ្ញាកណ្ដាល​ហៅ The Truck មក​ព្រមាន​អំពី​ការ​វ៉ៃ​ថយក្រោយ​ពេក​។ បែបណា​ក្ដី កណ្ដាប់ និង ជើង​របស់  Muangthai ក៏មាន​ប្រសិទ្ធ ទោះ Brice Delval អាង​កម្ពស់​ធាក់​ទប់ និង ប្រើ​ក្បាច់​វ៉ៃ​បក​ក៏ដោយ​។ ទីបំផុត​ក្រោយ​ចប់​៣​ទឹក កីឡាករ​វ័យ​២៥​ឆ្នាំ​របស់​ថៃ ឈ្នះ​ពិន្ទុ ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។ ដូច្នេះ Muangthai កើន​កំណត់ត្រា​ឈ្នះ​រហូតដល់ ២០០ លើក ចាញ់ ៤១ លើក និង ស្មើ​៤​ក្នុងការ​ប្រកួត «​មួយ​ថៃ​» កន្លងមក​។  Muangthai បាន​ថ្លែង​៖«Brice Delval ជា​គូប្រកួត​ដ៏​លំបាក​មួយ​។ ខ្ញុំ​បាន​ព្យាយាម​ខ្លាំងណាស់​ទម្រាំ​បាន​លទ្ធផល​។ ខ្ញុំ​សប្បាយរីករាយ​ចំពោះ​ជ័យជម្នះ​ថ្ងៃនេះ​»​។ 
 
​លទ្ធផល​ផ្លូវការ​ពី​ការប្រកួត ONE: A NEW TOMORROW
 
-ONE Flyweight Muay Thai World Championship: Rodtang Jitmuangnon ផ្ដួល Jonathan Haggerty ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​៣
-Mixed Martial Arts Atomweight: Stamp Fairtex ផ្ដួល Puja Tomar ត្រឹង​ចុង​ទឹក​ទី​១
-Muay Thai Bantamweight: Sangmanee Sathian Muaythai ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Kenta Yamada 
-Mixed Martial Arts Featherweight: Thanh Le ផ្ដួល Ryogo Takahashi ឲ្យ​សន្លប់​ទឹក​ទី​១ 
-Muay Thai Bantamweight: Liam Harrison ផ្ដួល Mohammed Bin Mahmoud ឲ្យ​សន្លប់​ទឹក​ទី​១
-Muay Thai Bantamweight: Muangthai PK.Saenchaimuaythaigym ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ Brice Delval 
-Mixed Martial Arts Welterweight: Raimond Magomedaliev ផ្ដួល Joey Pierotti ដោយ​ក្បាច់​ឃ្លេ​ទឹក​ទី​១
-Kickboxing Bantamweight: Adam Noi ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Victor Pinto 
-Mixed Martial Arts Featherweight: Shinechagtga Zoltsetseg ផ្ដួល Ma Jia Wen នៅ​ទឹក​ទី​១
-Muay Thai Bantamweight: Mehdi Zatout ឈ្នះ​ពិន្ទុ Han Zi Hao ដោយ​មិន​ឯកច្ឆន្ទ​
-Mixed Martial Arts Strawweight: Ayaka Miura ផ្ដួល Maira Mazar ត្រឹម​ទឹក​ទី​២
-Mixed Martial Arts Featherweight: Roel Rosauro ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Yohan Mulia Legowo 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  








 

© រក្សាសិទ្ធិដោយ thmeythmey.com