ខ្យល់​កខ្វក់​វាយ​លុយ​ទីក្រុង​បាងកក​ជាថ្មី រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ចង់​ឲ្យ​បុគ្គលិក​ឯកជន​ធ្វើការ​នៅផ្ទះ
អន្តរជាតិ
ខ្យល់​កខ្វក់​វាយ​លុយ​ទីក្រុង​បាងកក​ជាថ្មី រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ចង់​ឲ្យ​បុគ្គលិក​ឯកជន​ធ្វើការ​នៅផ្ទះ
15, Jan 2020 , 5:02 pm        
រូបភាព
រូបភាព៖ The Nation
រូបភាព៖ The Nation
​រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​ថៃ បាន​បង្ហើប​គំនិត​មួយ ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ទាំងអស់ មាន​សិទ្ធិ​ធ្វើការ​នៅផ្ទះ តាម​ថ្ងៃ​កំណត់​មួយចំនួន ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ខ្យល់​កខ្វក់​ចូលទៅក្នុង​បរិយាកាស​។ នេះ​បើតាម​សរសេរ​នៅក្នុង​បណ្តាញ​សង្គម Facebook របស់​រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​ថៃ លោក Anutin Charnvirakul នៅ​ថ្ងៃទី​១៤ ខែមករា​។


 
​ចាប់តាំងពី​បើក​ទំព័រ​ឆ្នាំ​ថ្មី​មក ខ្យល់​កខ្វក់ បាន​ចាប់​វាយលុក​ទីក្រុង​បាងកក​ជាថ្មី​។ គ្រាន់តែ​នៅ​ថ្ងៃទី​១០ ខែមករា គឺមាន​កម្រិត​ខ្យល់ពុល PM2.5 ដែល​ស្ថិតក្នុង​កម្រិត​ចាប់ពី ៤៦ ដល់ ១០៦​មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប​ឯណោះ​។ ជាធម្មតា ខ្យល់ពុល PM2.5 មិនត្រូវ​លើសពី ៥០​មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប​ទេ​។ ក្នុងន័យនេះ មាន​កន្លែង​ខ្លះ​នៅក្នុង​ទីក្រុង​បាងកក កំពុងស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​ថៃ Anutin Charnvirakul នៅ​ថ្ងៃទី​១៤ ខែមករា បាន​លើកឡើងថា ក្រុមហ៊ុន​ឯកជន គួរតែអនុញ្ញាត​ឲ្យ​បុគ្គលិក​របស់ខ្លួន ធ្វើការ​នៅផ្ទះ ជាជាង​ទៅ​ក្រុមហ៊ុន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​ចូលទៅក្នុង​បរិ​កាស​។ បើតាម​លោក Anutin ប្រសិនបើ​ក្រុមហ៊ុន​ឯកជន​ធ្វើបែបនេះ​មែន បុគ្គលិក​អាច​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​ទៀត​។ ជាពិសេស វា​ថែមទាំង​អាច​កាត់បន្ថយ​ខ្យល់ពុល​PM2.5 នៅក្នុង​ទីក្រុង​បាន​ថែមទៀត​។ 
 
​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​សុខភាព​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ការអនុញ្ញាត​ឲ្យ​បុគ្គលិក​ឯកជន​ធ្វើការ​នៅផ្ទះ គឺធ្វើឡើង​តាម​ថ្ងៃ​កំណត់​តែប៉ុណ្ណោះ​។ ជា​ឧទាហរណ៍ បុគ្គលិក​អាច​សម្រាក​ធ្វើការ​នៅផ្ទះ​បានតែ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​ជាក់លាក់​ណាមួយ​តែប៉ុណ្ណោះ មិនមែន​ធ្វើការ​នៅផ្ទះ​រាល់ថ្ងៃ​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post​។ 
 
​បន្ថែម​ពីលើ​នេះ លោក Anutin ក៏បាន​លើកឡើង​ពី​បុគ្គលិក​រដ្ឋ​ផងដែរ​។ ក្នុងនោះ​លោក បាន​អះអាង​បុគ្គលិក​រដ្ឋ មិនទាន់​អាចធ្វើ​ការ​នៅផ្ទះ​បានទេ ព្រោះ​វា​ខុសច្បាប់ ប៉ុន្តែ​វា​ទាល់​តែមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ជាមុនសិន ទើប​អាចធ្វើ​ទៅបាន​។ បើតាម​ខ្លឹមសារ​លើ​បណ្តាញ​Facebook លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​សម្ពន្ធភាព​របស់​រដ្ឋាភិបាល គាំទ្រ​វិសោធនកម្ម​ច្បាប់​សម្រាប់​បុគ្គលិក​រដ្ឋ​អាច​ធ្វើការ​នៅផ្ទះ​បាន​ផងដែរ​។​
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៩ ទីក្រុង​បាងកក បាន​រងគ្រោះ​ដោយសារតែ​ខ្យល់​កខ្វក់​ស្ទើរតែ​ពេញ​មួយឆ្នាំ​។ ដើម្បី​កាត់បន្ថយ​ជាតិពុល​នេះ រដ្ឋាភិបាល​បាន​បង្កើត​វិធានការ​ផ្សេងៗ​ដូចជា កាត់បន្ថយ​យានយន្ត​នៅក្នុង​ទីក្រុង បិទ​សាលារៀន បង្កើត​ភ្លៀង​សិប្បនិម្មិត​ជាដើម​។ ជាពិសេស​រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ផងដែរ ដើម្បី​ការពារ​សុខភាព​របស់​ខ្លួន​៕

Tag:
 ថៃ​
  ខ្យល់​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម