វិធីសាស្ត្រ​ដាំ​ប៉េងប៉ោះ ទទួលបាន​ទិន្នផល​ច្រើន​
ពីនេះ ពីនោះ / មិនយល់...!
វិធីសាស្ត្រ​ដាំ​ប៉េងប៉ោះ ទទួលបាន​ទិន្នផល​ច្រើន​
15, Jan 2020 , 8:19 pm        
រូបភាព
រូបថត​ពី​ហ្វេសប៊ុក​លោក ពិសី
រូបថត​ពី​ហ្វេសប៊ុក​លោក ពិសី
​ភ្នំពេញ​៖ ប៉េងប៉ោះ គឺជា​ដំណាំ​ដែលមាន​ប្រយោជន៍ និង​ជា​ដំណាំ​ដែល​ទទួលបាន​ទិន្នផល​ច្រើន​ផងដែរ​។ ដើម្បី​ឲ្យ​ការដាំ​ទទួលបាន​ទិន្នផល​ល្អ កសិករ​ត្រូវ​រៀបចំ​ថ្នាល ការ​ព្រួស​គ្រាប់ ការរៀបចំ​ដី ការដាំ និង​ការថែទាំ​។


 
​ក្នុង​ការដាំ​ប៉េងប៉ោះ កសិករ​ត្រូវ រៀបចំ​ថ្នាល​ដើម្បី​ព្រួស​គ្រាប់​ដែលមាន​ទទឹង​ទំហំ ៧​តឹក និង​បណ្ដោយ ២២​ម៉ែត្រ បន្ទាប់មក​កសិករ​ត្រូវ​ប្រមូល​ដី​ជាមួយ​កម្ទេច​ស្មៅ មក​ដាក់​ក្នុង​ថ្នាល​ដែល​បានរៀបចំ​ទុក​ក្នុង​បរិមាណ ៧​អ​ម្រែ​ក ហើយ​ជ្រុំ​ឲ្យ​ម៉ដ្ឋ និង​ហាល​រយៈពេល ៧​ថ្ងៃ​។ ក្រោយពី​ហាល​ដី​រួច កសិករ​ត្រូវយក​គ្រាប់ពូជ​ប្រមាណ​២​ក្រាម មក​ព្រួស​លើ​ថ្នាល និង​យក​ដី​ដែល​លាយ​ជាមួយ​ស្មៅ​មក​រោយ​ពីលើ​ឲ្យ​ពេញ​គ្រាប់ពូជ​រួច​ដាក់​កម្ទេច​ចំបើង​គ្របពីលើ​។​
 
​បន្ទាប់ពី​ដាក់​ចំបើង​រួចមក កសិករ​ក៏ត្រូវ​គ្រប​ប្លា​ស្ទិ​ក​ពីលើ​បន្ថែម ប៉ុន្តែ​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម​ដំណាំ​ជាមុនសិន (​គ្រប​ក្នុង​រយៈពេល ២​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ​)​។ បន្ទាប់ពី​យក​ប្លា​ស្ទិ​ក​ចេញ ដំណាំ​នឹងមាន​ពន្លក ហើយ​បើ​ដាំ​នៅ​រដូវប្រាំង​កសិករ​ត្រូវ​ស្រោច​ទឹក ២​ដង​ក្នុង​១​ថ្ងៃ ពេលព្រឹក និង​ល្ងាច​។ បន្ទាប់ពី ២០​ថ្ងៃ​ក្រោយមក  កសិករ​ត្រូវ​យកទៅដាក់​ក្នុង​កន្ទោង​ផ្សាំ​រយៈពេល​៥​ថ្ងៃ​ទើប​ពេល​ដាំ​ទទួលបាន​លទ្ធផល​ល្អ​។​
 
​ក្រោយពី​ការបណ្ដុះ​រួច កសិករ​ត្រូវ​ភ្ជួរ​ដី​ឲ្យ​បាន​ច្រើនដង ដើម្បី​ឲ្យ​ដី​ម៉ដ្ឋ​ល្អ និង​ដាក់​ជីក​ប៉ុ​ស្ត​ពីលើ (​ធ្វើ​ដូច​ពេល​ព្រួស​កូន​បណ្ដុះ​)​។ បន្ទាប់ពីនោះ កសិករ​ក៏ត្រូវ​ធ្វើ​រង ដើម្បី​ដាំ និង​លើកកម្ពស់​រង​ប្រវែង ២​តឹក ត្រូវធ្វើ​ឲ្យ​ចន្លោះ​គុម្ព​មាន​ប្រវែង​ស្មើគ្នា​ត្រឹម ៤​តឹក និង​គម្លាត​ពីមួយ​ទៅមួយ​ប្រវែង ៦​តឹក (​ដាំ​មួយ​ជួរ​ក្នុង​មួយ​រង​)​។ 
 
​គិតពី​រយៈពេល​ដាំ​រហូត​បាន ១​សប្ដាហ៍​កសិករ​ត្រូវ​ថែម​ជី​នៅ​គល់​នៃ​ដើម ដូចជា​ជីលា​មក​សត្វ ជីក​ប៉ុ​ស្ត សម្អាត​ស្មៅ និង​ស្រោច​ទឹក​ឲ្យ​សើម​ជាប្រចាំ​។ កសិករ​ត្រូវ​ជម្រះ​ស្មៅ​ចាស់​ចេញ​ដើម្បី​ឲ្យ​ពន្លឺព្រះអាទិត្យ​ចូល ហើយនឹង​ទទួលបាន​ផ្លែ​ថ្លោស​ធំ​ល្អ ហើយ​កសិករ​ក៏ត្រូវ​ដាក់​ជីក​ប៉ុ​ស្ត និង​ស្រោច​ទឹក ២-៣​ថ្ងៃ​ម្ដង​៕ 
 
(​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ​នៃ​មជ្ឍមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 ប៉េងប៉ោះ
© រក្សាសិទ្ធិដោយ thmeythmey.com