អ្នកឈ្នះ​នៅ ONE: A NEW TOMORROW ៥​រូប អាច​ឡើងទៅ​ប៉ះ​នរណា​ទៀត​?
ONE Championship
កីឡាជាតិ
ជាតិ
អ្នកឈ្នះ​នៅ ONE: A NEW TOMORROW ៥​រូប អាច​ឡើងទៅ​ប៉ះ​នរណា​ទៀត​?
16, Jan 2020 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាករ​កីឡាការិនី​ចំនួន ៥ រូប​ដែល​ទើប​ឈ្នះ​ក្នុង​កម្មវិធី ONE: A NEW TOMORROW នៅ​ថ្ងៃទី​១០ ខែមករា នៅ​សង្វៀន Impact Arena ក្រុង​បាងកក ប្រទេស​ថៃ​អាច​នឹង​ឡើងទៅ​ជួប​ជើង​ខ្លាំង​បន្តទៀត​នាពេលខាងមុខ​។ តើ​ពួកគេ​ទំនង​នឹង​ជួប​កីឡាករ​-​កីឡាការិនី​រូប​ណា​ទៅ​?

 
1# Rodtang Jitmuangnon
 


​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ  Rodtang “The Iron Man” Jitmuangnon បានបង្ហាញ​ការប្រកួត​ដ៏​អស្ចារ្យ​ពេល​បញ្ចប់ Jonathan “The General” Haggerty ត្រឹម​ទឹក​ទី​៣​ក្នុងជំនួប​សងសឹក និង ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ កីឡាករ​រហស្សនាម មនុស្ស​ដែក​អាច​នឹង​ជួប  Elias “The Sniper” Mahmoudi ដែលជា​ជើង​ខ្លាំង​មួយរូប​អាច​តតាំង​គ្នា​បាន​។ 
 
Mahmoudi ទើបតែ​ផ្ដួល​វីរបុរស​ថៃ Lerdsila Phuket Top Team នាពេល​ថ្មីៗ​នេះ​ដើម្បី​បង្ហាញ​ចង្កូម​ដ៏​មុត​ស្រួច​ក្នុង​កម្រិត​ខ្ពស់​មួយ​។ “The Sniper” នឹង​ផ្ដល់​មេរៀន​ដ៏​ល្អ​បើសិន​ប៉ះ “The Iron Man”​។ ការប្រកួត​ច្បាស់​ជា​កក្រើក​បើសិន “The Sniper” ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​ថៃ​នាពេល​ដ៏​ខ្លី​ខាងមុខ​។ 
 
2# Stamp Fairtex
 


​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន ONE World Champion កីឡាការិនី Stamp Fairtex បានបង្ហាញ​ជំនាញ​ក្បាច់គុន​ដ៏​រីកចម្រើន​នៅពេល​បញ្ចប់ កីឡាការិនី​ឥណ្ឌា Puja “The Cyclone” Tomar ត្រឹម​ទឹក​ទី​១ ប៉ុណ្ណោះ​លើ​ការប្រកួត​ក្បាច់គុន​ចម្រុះ​។ 
 
​កីឡាការិនី​ថៃ​រូបនេះ​កាន់តែ​ល្អ​ឡើងៗ​ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។ កីឡាការិនី​ជើងចាស់​ឥណ្ឌូណេស៊ី  Priscilla Hertati Lumban Gaol មានកំណត់​ត្រា​រហូតដល់ ១១ លើក​ក្នុង​ការប្រកួត​អាជីព បើ​ប្រៀបធៀប Stamp ទើប​ប្រកួត​៤​លើក​ប៉ុណ្ណោះ​។ ប៉ុន្តែ កីឡាការិនី​ថៃ ឈ្នះ ២ លើក​ជាប់​គ្នា​ពី​ការប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន​អន្តរជាតិ ONE គួរ​ឲ្យ​កត់សម្គាល់​។ 
 
​កីឡាការិនី​ជំនាញ​វូ​ស៊ូ​របស់​ឥណ្ឌូណេស៊ី មាន​សមត្ថភាព​ខាង​ចំបាប់ និង​បញ្ចប់​គូប្រកួត​យ៉ាង​មាន​ប្រសិទ្ធភាព​នាពេល​កន្លងទៅ​។ ដូច្នេះ កីឡាការិនី​វ័យ ២២ ឆ្នាំ របស់​ថៃ​អាច​នឹង​ប៉ះ​វីរ​កីឡាការិនី​មកពី​ឥណ្ឌូណេស៊ី ដើម្បី​ល្បង​សមត្ថភាព និង អភិវឌ្ឍ​ខ្លួន​។ 
 
​បើ Stamp អាច​ឈ្នះ​ស៊ុប​ពើ​ស្ដារ​របស់​ឥណ្ឌូណេស៊ី នោះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ក្នុង​កំណត់ត្រា​របស់ខ្លួន​។ 
 
3# Thanh Le
 


Thanh Le ប្រើ​កម្លាំង​មហាសាល​ដើម្បី​ផ្ដួល​គូប្រកួត Ryogo “Kaitai” Takahashi ឲ្យ​សន្លប់​លែង​ដឹងខ្លួន​នៅ​បាងកក​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូបគេ​ឈ្នះ​៣​លើក​ជាប់​គ្នា​ក្នុងការ​បង្ហាញខ្លួន​ទាំង​៣​លើក​នៅ​សង្វៀន​អន្តរជាតិ ONE​។ 
 
​កូនកាត់​វៀតណាម​អាមេរិក​បាន​ថ្លែងថា​រូបគេ​មាន​ឆន្ទៈ​ប៉ះ​នរណា​ក៏បាន​ឲ្យ​តែ​ស្ថិតក្នុង​ទម្ងន់​របស់ខ្លួន​។ កីឡាករ​ដែល​ត្រូវ​ប្រឈម​បន្ត​គឺ​កូនកាត់​វៀតណាម​អូស្ត្រាលី  Martin “The Situ-Asian” Nguyen ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Championship​។ 
 
Nguyen មាន​ក្បាច់​សម្លាប់​ស្រដៀង​គ្នា និង បាន​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ដើម្បី​ការពារ​ខ្សែក្រវាត់​ពីរលើក​រួចមកហើយ​។ អ្នកគាំទ្រ​ច្បាស់​ជា​ធ្វើ​ភ្នែក​ស្លឺ​មិន​ខាន​បើសិន​ជើង​ខ្លាំង​ទាំងពីរ​ដែលជា​កូនកាត់​វៀតណាម ដូចគ្នា​ប៉ះគ្នា​ដណ្ដើម​ខ្សែក្រវាត់​មែន​នោះ​។ 
 
4# Liam Harrison



​ជើង​ខ្លាំង​សញ្ជាតិ​អង់គ្លេស  Liam “Hitman” Harrison ទទួល​ជ័យជម្នះ​លើកដំបូង​នៅ ONE Super Series ដោយ​យកឈ្នះ Mohammed “Jordan Boy” Bin Mahmoud​។ នេះ​ជា​បទពិសោធន៍​មួយ​ពី​កីឡាករ​សញ្ជាតិ​អង់គ្លេស និង​បាន​បង្កើត​ភាព​រំភើប​ញាប់​ញ័រ​ដល់​អ្នកគាំទ្រ​។ បែបណា​ក្ដី រូបគេ​ស័ក្ដិសម​នឹង​ប៉ះ​ជើង​ខ្លាំង “Elbow Zombie” Muangthai PK.Saenchaimuaythaigym  ដែល​ទើប​យកឈ្នះ Brice Delval ដោយ​ពិន្ទុ​កាល​ថ្ងៃទី ១០ មករា កន្លងទៅនេះ​។ វារឹតតែ​ល្អមើល​បើសិន​អ្នក​ទាំងពីរ​ជួបគ្នា​។ 
 
​កីឡាករ​ទាំងពីរ​នេះ​មាន​ក្បាច់​ប្រយុទ្ធ​ល្អៗ​គួរ​ឲ្យ​ទាក់ទាញ និង សុទ្ធតែ​ចង់បាន​ប្រជាប្រិយភាព​រៀងៗ​ខ្លួន​។ ការទន្ទឹងរង់ចាំ​ច្បាស់​ជា​មិន​ខកបំណង​របស់​អ្នកគាំទ្រ​ឡើយ ប្រសិន​ពួកគេ​ជួបគ្នា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ 
 
#5 Raimond Magomedaliev

​អ្នកលេង​ក្បាច់គុន​មកពី​រុស្សី  Raimond Magomedaliev ទទួលបាន​ជ័យជម្នះ​លើកដំបូង ក្នុងការ​បង្ហាញខ្លួន​ពីរលើក​នៅ ONE ដោយ​ផ្ដួល Joey “Mama’s Boy” Pierotti ត្រឹម​ទឹក​ទី​១ ប៉ុណ្ណោះ​។ ស្ថិតក្នុង​ទម្ងន់ welterweight កីឡាករ​រូបនេះ​ជា​បេក្ខភាព​ដែល​អាច​ប៉ះ Yushin “Thunder” Okami  ក្នុង​ប្រភេទ​ទម្ងន់​របស់ខ្លួន​។ 
 
​អ្នកលេង​គុន​ចម្រុះ​របស់​ជប៉ុន រូបនេះ​មាន​ក្បាច់​សម្លាប់​គ្រប់គ្រឿង​។  តែ Thunder ជា​គូប្រកួត​ល្អ​បំផុត​មួយ​ដែល Magomedaliev មិន​ធ្លាប់​ជួប​ពីមុន​។ បើសិន​អ្នកណា​ទទួល​ជ័យជម្នះ នោះគេ​នឹង​អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​មិន​ខាន​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com