លោក វង្ស ពិ​សេន មេទ័ព​ខ្មែរ​ដំបូង​ដែល​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​ប្រវត្តិសាស្ត្រ​៦៥​ឆ្នាំ​
ជាតិ
លោក វង្ស ពិ​សេន មេទ័ព​ខ្មែរ​ដំបូង​ដែល​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​ប្រវត្តិសាស្ត្រ​៦៥​ឆ្នាំ​
16, Jan 2020 , 2:57 pm        
រូបភាព
លោក វង្ស ពិសេន នាជំនួប​ជាមួយ​លោក​ស្រី អោង សាន ស៊ូជី នៅ​ក្រុងណៃពិដោរ។ រូបថត ក្រសួងការពារជាតិ
លោក វង្ស ពិសេន នាជំនួប​ជាមួយ​លោក​ស្រី អោង សាន ស៊ូជី នៅ​ក្រុងណៃពិដោរ។ រូបថត ក្រសួងការពារជាតិ
​ភ្នំពេញ​៖ លោក វង្ស ពិ​សេន មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទៅ​ទស្សនកិច្ច ក្រុង​ណៃ​ពិដោរ ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៤​មករា ឆ្នាំ​២០២០​។ ទស្សនកិច្ច​បានធ្វើ​ឡើង ក្នុង​គោលបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កងទ័ព​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​។ បើតាម​ក្រសួងការពារជាតិ នេះ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​ក្នុង​រយៈកាល​៦៥​ឆ្នាំ ដែល​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ទៅកាន់​ប្រទេស​មី​យ៉ាន​ម៉ា​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ លោក វង្ស ពិ​សេន បាន​ជួប​ជាមួយ​លោក Min Aung Hlaing អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​ការពារជាតិ​មី​យ៉ាន់​ម៉ា នៅ​ទីក្រុង​ណៃ​ពិដោរ ដើម្បី​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា លើ​ការផ្លាស់ប្តូរ​ព័ត៌មាន​ការងារ​សន្តិសុខ​។ ក្នុងនោះ​មាន ភាគ​រី​ទាំងពីរ បានលើកឡើង​ពី​ការ​រួមគ្នា​បង្ក្រាប​បទល្មើស​ឆ្លងដែន ភេរវកម្ម ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន ការជួញដូរ​អាវុធ និង​បន្ត​បន្ថែម​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​។ 

 
​ក្រៅពី​ជួប​ជាមួយ​អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​ការពារជាតិ​មី​យ៉ាន់​ម៉ា មេទ័ព​កម្ពុជា​បាន​បន្ត​ចូលជួប និង​សម្តែង​ការគួរសម​ជាមួយ  លោកស្រី អោ​ង សាន ស៊ូ​ជី ជាទី​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​មី​យ៉ាន់​ម៉ា  ផងដែរ​។​
 
​សម្រាប់​ជំនួប​នោះដែរ លោកស្រី អោ​ង សាន ស៊ូ​ជី បាន​អះអាង​ពី​វត្តមាន​របស់លោក​ស្រី នា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​២០២០ នេះ​៕
 



Tag:
 កងទ័ព​
  ខេមរភូមិន្ទ​
  លោក វង្ស ពិ​សេន
© រក្សាសិទ្ធិដោយ thmeythmey.com