វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត ជា​អ្វី​?
ជាតិ
សុខភាព
វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត ជា​អ្វី​?
16, Jan 2020 , 5:55 pm        
រូបភាព
រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សព្វថ្ងៃ​ប្រទេស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​តាមដាន​ជុំវិញ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូ​រូ​ណា​ថ្មី​។ វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​លេចឡើង​ដំបូង​គេ​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន នៅ​ដើមខែ​មករា​ឆ្នាំនេះ​។ មកទល់​ថ្ងៃនេះ​គេ​បាន​រកឃើញ​ការឆ្លង​វីរុស​ថ្មី​នេះ​ទៅលើ​មនុស្ស​ចំនួន ៤៣​ករណី ក្នុងនោះ​ប្រទេស​ចិន​មាន ៤១​ករណី​(​ស្លាប់​ម្នាក់​) នៅ​ថៃ​១​ករណី និង​ជប៉ុន​១​ករណី​។ វីរុស​កូ​រ៉ូ​ណា​ថ្មី ជា​វីរុស​ប្រភេទ​ថ្មី​មួយ​នៃ​វីរុស​កូ​រ៉ូ​ណា​។​


 
​ខាងក្រោម​នេះ​ជា​សំណួរ​-​ចម្លើយ​ជុំវិញ​វីរុស​កូ​រ៉ូ​ណា ដែល​ដកស្រង់​ចេញពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ៖
 
​វីរុស​កូ​រ៉ូ​ណា​ជា​អ្វី​?

​វីរុស​កូ​រ៉ូ​ណា គឺជា​ក្រុមគ្រួសារ​វីរុស​ដ៏​ធំ​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូតដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា​(MERS) និង​សាសន៍​(SARS) ។​
 
​តើ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ជា​អ្វី​?
 
​វីរុស​កូ​រ៉ូ​ណា​ថ្មី ជា​វីរុស​កូ​រ៉ូ​ណា​ថ្មី​មួយ​ដែល​ពីមុន​មិនមាន​នៅលើ​មនុស្ស​។​
 
​តើ​មនុស្ស​អាច​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ពី​ប្រភព​សត្វ​ដែរឬទេ​?
 
​ការស៊ើបអង្កេត​លម្អិត​បាន​រកឃើញថា​វីរុស​សាសន៍​(SARS) ដែលជា​សមាជិកគ្រួសារ​វីរុស​កូ​រ៉ូ​ណា​ឆ្លង​ពីស​ត្វ​សំពោច​មក​មនុស្ស​ក្នុងប្រទេស​ចិន​ឆ្នាំ​២០០២ និង​វីរុស​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា​(MERS) ឆ្លង​ពីស​ត្វ​អូដ្ឋ​មក​មនុស្ស​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ក្នុង​ឆ្នាំ​២០១២​។ វីរុស​កូ​រ៉ូ​ណាមួយ​ចំនួន​ត្រូវបាន​គេ​ដឹងថា​មាន​ចរាចរ​លើស​ត្វ ប៉ុន្តែ​មិនទាន់​ឆ្លង​មក​មនុស្ស​នៅឡើយ​។ ដោយសារ​តែមាន​ភាពប្រសើ​រ​ឡើង​នៃ​ប្រព័ន្ធ​តាមដាន​នៅលើ​ពិភពលោក​វីរុស​កូ​រ៉ូ​ណា​មួយចំនួនធំ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន​។​
 
​នៅពេល មនុស្ស​ម្នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា តើ​មាន​រោគសញ្ញា​អ្វីខ្លះ​?
 
​វា​អាស្រ័យ​លើ​វីរុស ប៉ុន្តែ​សញ្ញា​ទូទៅ​រោគសញ្ញា រួមមាន រោគសញ្ញា​ផ្លូវដង្ហើម គ្រុនក្ដៅ ក្អក ដង្ហើម​ខ្លី​និង​ពិបាក​ដកដង្ហើម​។ បើ​ករណី​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​សួត ជំងឺ​សាសន៍ ជំងឺ​ខ្សោយតម្រងនោម និង​រហូតដល់​ស្លាប់​។​
 
​តើ​វីរុស​កូ​រ៉ូ​ណា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដែរ ឬទេ​?
 
​វីរុស​កូ​រ៉ូ​ណាខ្លះ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ បន្ទាប់ពី​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ ឧទាហរណ៍​នៅ​កន្លែងធ្វើការ ក្នុង​គ្រួសារ មន្ទីរពេទ្យ​។​
 
​តើ​មាន​វ៉ាក់សាំង​សម្រាប់​វីរុស​កូ​រ៉​ណា​ថ្មី​នេះ ឬទេ​?
 
​ដោយសារ​ជំងឺ​នេះ​ជា​ជំងឺ​ថ្មី វា​មិនទាន់មាន​វ៉ាក់សាំង​នៅឡើយ​ទេ​។ គេ​អាច​ត្រូវការ​ចំណាយពេល​វា​លា​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​វ៉ាក់សាំង​ថ្មី​នេះ​។​
 
​តើ​មានការ​ព្យាបាល​នៅពេល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះដែរ ឬទេ​?
 
​មិនមាន​ការព្យាបាល​ជាក់លាក់​សម្រាប់​ជំងឺ ដែល​បណ្ដាលមកពី​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ទេ​។ ទោះយ៉ាងណា រោគសញ្ញា​ជាច្រើន​អាច​ព្យាបាល​បាន ដូច្នេះហើយ​ការព្យាបាល​ផ្អែកទៅលើ​ស្ថានភាព​គ្លីនិក​របស់​អ្នកជំងឺ​។ លើសពីនេះទៅទៀត​ការព្យាបាល​គាំទ្រ អាចមាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
​តើ​ខ្ញុំ​ត្រូវធ្វើ​ដូចម្ដេច ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​នេះ​?
 
​អនុសាសន៍​ជា​ស្ដង់ដារ ដើម្បី​កាត់បន្ថយ​ការ​ប្រឈម និង​ការឆ្លង​ជំងឺ​មួយចំនួន រួមមាន​ការរក្សា​អនាម័យ​ដៃ​និង​ផ្លូវដង្ហើម​ឲ្យ​ស្អាត និង​សុវត្ថិភាព​ចំណីរ​អាហារ និង​ចៀសវាង​ការប៉ះពាល់​ជិតស្និទ​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម​ដូចជា​ក្អក​និង​កណ្ដាស់​។​
 
​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ឲ្យ​សាធារណជន​ទាក់ទង​ទៅ​លេខ ១១៥​បើ​មាន​រោគសញ្ញា​ផ្លូវដង្ហើម​កើត​ច្រើន​គ្នា​ក្នុង​សហគម​ន៏​ឬ​កន្លែងធ្វើការ​នានា ឬ​ច​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម​៕

Tag:
 ជំងឺ​រលាក​សួត​
  វីរុស​កូ​រ៉ូ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com