អត្ថបទពាណិជ្ជកម្ម
ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​កិច្ចការនារី និង​ក្រុមហ៊ុន វី​សា ដំណើរការ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​
17, Jan 2020 , 2:13 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​, ១៦ មករា ២០២០ - ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​កិច្ចការនារី និង​ក្រុមហ៊ុន វី​សា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុងការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ចាប់ផ្តើម​ដំណើរការ​គម្រោង​រយៈពេល​មួយឆ្នាំ ដែលមាន​គោលបំណង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់ ស្ត្រី​នៅ កម្ពុជា ដោយ​ផ្តោតលើ​ការប្រើប្រាស់​ទម្រង់​ឌីជីថល​។​
 
​គម្រោង​នេះ​មាន​ឈ្មោះថា “​ការលើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​និង​សហគ្រិន​ស្ត្រី​” នឹង រួមចំណែក​ក្នុងការ​ជំរុញ​ការចូលរួម​ពី​យុវតី​និង​សហគ្រិន​ស្ត្រី ជាពិសេស​ប្រជាជន​នៅតាម​ជនបទ រួមបញ្ចូល​ទាំង​សិស្ស​និង​និស្សិត​ស្រី ដែល​កំពុង​ប្រកប​អាជីវកម្ម​ខ្នាតតូច ឬ​មានបំណង​ចង់​បង្កើត​អាជីវកម្ម​។ ជាមួយគ្នា​ផងដែរ គម្រោង​នេះ​មាន​គោលបំណង​បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​មន្ត្រី​ក្រសួង​កិច្ចការនារី និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ស្ត្រី​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។​
 
​ការចាប់ផ្តើម​កម្មវិធី​ក្នុងថ្ងៃនេះ រួមបញ្ចូល​នូវ​សិក្ខាសាលា​មួយចំនួន​ដែល​ទាក់ទង​នឹង​បញ្ហា​ជុំវិញ​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​អនុសាសន៍​សម្រាប់​ការអភិវឌ្ឍ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជា​លើកកម្ពស់​សហគ្រិន​ស្ត្រី​។ 


 
​គម្រោង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្តព្រះវិហារ សៀមរាប ក្រចេះ និង​ស្ទឹងត្រែង ក្រោម​ប្រធានបទ​ដូចជា​៖ “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​សហគ្រិនភាព​” និង “​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព​”​។ នៅតាម​បណ្តា​ខេត្ត​នីមួយៗ​ខាងលើ កម្មវិធី​នេះ​នឹងត្រូវ​ដំណើរការ​យ៉ាង​ទូលំទូលាយ​តាមរយៈ​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​ស្ត្រី ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​កិច្ចការនារី​។​
 
​លោកជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​យើង​ត្រូវការ​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដូចជា​លទ្ធភាព​ក្នុង​ការទទួល​ហិរញ្ញវត្ថុ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ  បរិយាកាស​គាំទ្រ និង​ស្ថាប័ន​គាំទ្រ ដែល​ទាំងអស់នេះ គឺជា​កាលានុវត្តភាព សម្រាប់​សក្តានុពល​នៃ​កំណើន ការអភិវឌ្ឍ​ផលិតភាព ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ នៅក្នុង​បរិបទ​ប្រកួតប្រជែង​របស់​សាកល​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​លឿន​។ សំខាន់​ជាងនេះទៅទៀត សហគ្រិន និង​អ្នកធ្វើអាជីវកម្ម​ស្ត្រី​កម្ពុជា​នៅមាន​ច្រើន​នៅក្នុង ប្រភេទ​អាជីវកម្ម​ខ្នាត​មីក្រូ និង​ខ្នាតតូច និង​ក្រៅផ្លូវការ ហើយ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏​នៅមានកម្រិត​។ កត្តា​ទាំងអស់នេះ​បាន​នាំឱ្យ​ពួកគាត់​អាច​មើលឃើញ​បាន​ទូលំទូលាយ​ពី​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​នៅក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​អាជីវកម្ម ធៀប​ទៅនឹង​បុរស​ដែលជា​អ្នកគ្រប់គ្រង​អាជីវកម្ម​។ ការរៀបចំ​ប្រកាស​ឱ្យ​ដំណើរការ​គម្រោង នា​ព្រឹត្តិការណ៍​នៅថ្ងៃនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី ក៏ដូចជា​បង្កើន​សមត្ថ​ភាព​របស់​ពួកគេ​ក្នុង​ការដើរ​ចេញពី​ភាព​ងាយ​រងគ្រោះ ក្នុង​ដំណើរការ​អាជីវកម្ម​ខ្នាត​មីក្រូ និង​ក្រៅផ្លូវការ​»​។​


 
​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា «​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលស្គាល់ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ លើក កម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​រួមចំណែក​សម្រេចបាន​នូវ​គោលដៅ​កំណត់​ក្នុង យុទ្ធសាស្ត្រ ជាតិ​ស្តីពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​។ ក្នុងន័យនេះ ធនាគារជាតិ​នៃ​កម្ពុជា សហការ ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា បានធ្វើ​យុទ្ធនាការ​លើកកម្ពស់​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ ដោយ​ផ្តោតលើ​អតិថិជន​ដែលមាន​លទ្ធភាព​ស្រូបយក​ចំណេះដឹង​ដើម្បី​ធានា​នូវ​ការ យល់ដឹង ការរក្សា និង​ការប្រើប្រាស់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ សម្រាប់​ទទួលបាន​សេវា ហិរញ្ញវត្ថុ​ផ្លូវការ​»​។​
 
​លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា “​ការបង្កើន ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​មិនមែន​ផ្តល់​ផលប្រយោជន៍​ចំពោះ​ស្ត្រី​តែប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ឥទ្ធិពល​ជា វិជ្ជមាន​និង​ទូលំទូលាយ​ដល់​ក្រុមគ្រួសារ សហគមន៍ និង​ម៉ាក្រូសេដ្ឋកិច្ច​។ ខណៈដែល​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​និង​អភិវឌ្ឍន៍​ខ្លាំង យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ ការលើកស្ទួយ​ក្រុម​ងាយ​រងគ្រោះ ហើយ​កម្មវិធី​នេះ​គឺជា​យន្តការ​គាំទ្រ​ដល់​គោលដៅ​ខាងលើ​។​” 


 
​លោកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង ក្រុមហ៊ុន វី​សា ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​ក្រុមហ៊ុន វី​សាបាន​រៀបចំ​កម្មវិធី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក ហើយ​សង្កេតឃើញថា​កម្ម​វិធី​នេះ​មាន​ផលប្រយោជន៍​ជាច្រើន​ទៅលើ​ប្រជាជន និង​សហគមន៍​។ នេះ​ជា ឆ្នាំ​ទី​បី​ហើយ​ដែល​ក្រុមហ៊ុន វី​សាបាន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ហើយ​យើង​រំពឹងថា​កិច្ចការ​នេះ​នឹង​បន្ត​លើកកម្ពស់​ភាព​អង់អាច​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាជន ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​។​”
 
​ជាង​ពីរ​ទស្សវត្សរ៍​មកហើយ​ដែល ក្រុមហ៊ុន វី​សា បាននិងកំពុង​បន្ត​រៀបចំ​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក ដោយ​រៀបចំ​កម្មវិធី​ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ និង​ទៅដល់​ប្រជាជន គ្រប់​កម្រិត​ចាប់ពី​កុមារ ដល់​និស្សិត និង​ប្រជាជន​ពេញវ័យ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​គម្រោង “​ការលើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​និង​សហគ្រិន​ស្ត្រី​” សូម​ចូល​មើល​គេហទំព័រ https://www.mowa.gov.kh/ និង https://www.facebook.com/mowa.gov.kh.














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Visa
© រក្សាសិទ្ធិដោយ thmeythmey.com