ជាតិ
សង្គមជាតិ
សមត្ថកិច្ច មិនឲ្យដុតផាវ-កាំជ្រួច និង បង្កសំឡេងផ្ទុះផ្សេងៗ នៅថ្ងៃបុណ្យចូលឆ្នាំចិន
× នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ណែនាំមន្ត្រីថ្នាក់ក្រោមរបស់លោក ឲ្យសហការជាមួយអាជ្ញាធរដែនដី ដើម្បីដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀន-ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬ បង្កសំឡេងផ្ទុះផ្សេងៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
ជាមួយគ្នានេះ លោក នេត សាវឿន ប្រាប់ឲ្យស្ថាប័នពាក់ព័ន្ធ ប្រមូលកម្លាំងនិងធម្យោបាយប្រចាំការ ដើម្បីត្រៀមចេញធ្វើអន្តរាគមន៍ពន្លត់និងសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើងក្នុងពិធីបុណ្យចូលឆ្នាំចិន។ តាមរយៈសេចក្តីណែនាំនៅថ្ងៃទី១៦ ខែមករា លោក បានប្រាប់ឲ្យការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារាម ព្រះវិហារចិន-វៀតណាម-កូរ៉េ ក៏ដូចជាកន្លែងទីសក្ការបូជា និងរមណីយដ្ឋាននានា ដែលប្រារព្ធពិធីបុណ្យនេះ។
លើសពីនេះ លោកអគ្គស្នងការ បានជំរុញឲ្យកងកម្លាំង យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com