អន្តរជាតិ
លោក ស៊ី ជិន​ពីង ទៅ​ទស្សនកិច្ច​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ប្រធានាធិបតី​ចិន​ដំបូង ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​
19, Jan 2020 , 12:59 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នៅ​ថ្ងៃ​១៧ មករា បាន​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​មី​យ៉ាន់​ម៉ា តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក វិ​ន មិ​ន្ត​។ ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹក​កំពូល​ចិន​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការផ្តល់​តម្លៃ​ដល់​មិត្ត​ជិតខាង​ផង និង​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​ផង​។​

 
​វត្តមាន​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ក្នុង​រដ្ឋធានី​ណៃ​ពិដោរ រយៈពេល​២​ថ្ងៃ គឺ​១៧-១៨ មករា​នេះ គឺជា​របត់​ប្រវត្តិសាស្ត្រ​មួយ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។ នោះ​ក៏​ព្រោះតែ នេះ គឺជា​លើកដំបូង​ហើយ​ដែល​ប្រមុខរដ្ឋ​ចិន បាន​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល​១៩​ឆ្នាំ​មកនេះ​។ 
 
​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកទីមួយ​ផងដែរ របស់លោក​ប្រធានាធិបតី ស៊ី ជិន​ពីង សម្រាប់​ឆ្នាំ​២០២០​។ នេះ​គឺជា​យុទ្ធសាស្ត្រ​ការទូត​មួយ​របស់​ក្រុង​ប៉េកាំង ក្នុង​ការចូល​កាន់តែ​កៀក​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែលជា​អ្នកជិតខាង​ស្រាប់​ផង​នោះ​។​
 
​តាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ចូលជួប​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា​រួមមាន លោក​ប្រធានាធិបតី វិ​ន មិ​ន្ត លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី និង​មេបញ្ជាការ​កងទ័ព​លោក​ឧ​ត្ត​ម មិន អ៊ុង​ឡាំង​ផង​។​
 
​ជាមួយគ្នានេះ តាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​បរ​ទស​ចិន ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន ដើម្បី​កែសម្រួល និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ដូចជា នយោបាយ ការតភ្ជាប់  និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាដើម​។ ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ និង​ខ្សែក្រវាត់​មួយ ក៏​ស្ថិតនៅក្នុង​កិច្ចពិភាក្សា​មេដឹកនាំ​ប្រទេស​ទាំងពីរ​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ចិន និង​មី​យ៉ាន់​ម៉ា បាន​មាន​ចំណង​ការទូត​ជាមួយនឹង​គ្នា​អស់​រយៈពេល​ប្រាំពីរ​ទសវត្សរ៍​មកហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​ស្រប​ពេលដែល​មី​យ៉ាន់​ម៉ា បាន​មាន​វិបត្តិ​នៅក្នុង​ប្រទេស ហើយ​ទទួលរង​សម្ពាធ​ពី​អន្តរជាតិ​ផង ចិន​បានចេញ​មុខការ​ពារ​រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​ជា​បន្តបន្ទាប់​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com