ភ្នំពេញ៖ នារីលក់ផលិតផលតាមអនឡាញមួយចំនួន ក្នុងពេលកំពុងផ្សាយផ្ទាល់ (Live) លក់ផលិតផល ស្លៀកសម្លៀកបំពាក់ខើចលើខើចក្រោមហួសហេតុ ព្រមដោយការប្រើភាសាអាសគ្រាមផង។ បញ្ហានេះក្រសួង៣ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន សុទ្ធតែលើកឡើងដូចគ្នាថា នេះគឺជាសិទ្ធិសេរីភាពរបស់បុគ្គល។ ទោះជាយ៉ាងណាក្រសួងទាំង៣ ក៏បានមើលឃើញថា ការណ៍នេះពិតជាមិនសមមែន ដែលទាមទារឱ្យម្ដាយឪពុកត្រូវអប់រំកូនឱ្យបានល្អ។ រីឯលោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម យល់ឃើញថា សិទ្ធិបុគ្គលក៏មានដែនកំណត់ដែរ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ ដែលឆ្លើយក្នុងនាមជាបុគ្គលមិនតំណាងឱ្យក្រសួង ថាការស្លៀកពាក់ក្ដី ការប្រើភាសាក្ដី នោះគឺជាសិទ្ធិរបស់បុគ្គល ហើយក្រសួងវប្បធម៌ក៏មិនមានសមត្ថកិច្ចអ្វីទៅចាត់វិធានការដែរ។
សូមស្ដាប់សម្ដីរបស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ៖
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបពីហ្វេសប៊ុកលោក ឡុង ប៉ុណ្ណាសិរីវត្ថ)
«រឿងនេះវាប៉ះពាល់ដល់សង្គមមែន ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់សន្តិសុខសង្គម ដែលបង្ករឱ្យមានគ្រោះថាទេ។ ប៉ុន្តែយើងអំពាវនាវគ្រប់ពេល មិនមែនតែក្រសួងវប្បធម៌ទេ គឺគ្រប់ក្រសួងពាក់ព័ន្ធ គាត់តែងតែណែនាំទាំងអស់ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។ ចាំមើលមានការប្រជុំថ្នាក់អន្តរក្រសួង ខ្ញុំអាចនឹងលើកពីបញ្ហានេះ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ។
ចំណែកអ្នកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗ យ៉ាងខ្លី ដោយអ្នកស្រីបញ្ជាក់ថាជាប់រវល់ប្រជុំ៖«យើងមិនធ្វើទៅលើថ្នាក់ក្រោមផ្ទាល់អ៊ីចឹងទេ ការងារនេះគឺជាអាជីពរបស់គេ យើងមិនអាចទៅលូកលាន់ មិនអាចទៅឃាត់គេបានទេ»។
សូមស្ដាប់សំឡេងរបស់អ្នកស្រី ហ៊ូ និរមិត្តា៖
អ្នកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី( រូបពីក្រសួងកិច្ចការនារី)
មិនខុសពីក្រសួងទាំងពីរខាងលើឡើយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានលើកឡើងដែរថា បញ្ហាទាំងនេះមិនមែនកើតមានតែនៅកម្ពុជាឡើយ គឺពិភពលោកទាំងមូលកំពុងតែរកមធ្យោបបាលដោះស្រាយ ដើម្បីការពារវប្បធម៌និងទំនៀមទម្លាប់របស់ខ្លួន។ ទោះជាយ៉ាងណា លោក អ៊ុក គឹមសេង ថាមានតែដំណោះស្រាយមួយតែប៉ុណ្ណោះ ដែលអាចបង្ការបាន គឺម្ដាយឪពុកត្រូវតែអប់រំកូនកុំឱ្យមើល រាល់ការផ្សាយណាដែលមិនសមរម្យ។
សូមស្ដាប់សំឡេងរបស់លោក អ៊ុក គឹមសេង៖
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន (រូបពីហ្វេសប៊ុកលោក អ៊ុក គឹមសេង)
«លោក បានបញ្ជាក់បន្ថែមថា៖«ឱ្យតែមានការផ្សាយផ្ទាល់លក់ផលិតផល តែងមានការរិះគន់ ប៉ុន្តែខ្ញុំគិតថាលើកលែងតែគាត់ស្រាតតែម្ដង។ វាសំខាន់មកពីយើងមើល បើយើងកុំមើលទៅវាមិនឃើញទេ។ បណ្ដាយអ៊ីនធើណេតឥឡូវយើងត្រូវធ្វើយ៉ាងម៉េច? មិនមែនតែក្រសួងព័ត៌មានមួយទេដែលត្រូវគិត ពិភពលោកទាំងមូលគេកំពុងឈឺក្បាលដូចតែគ្នា ថាត្រូវធ្វើយ៉ាងម៉េចឱ្យប្រទេសនីមួយអាចមានលទ្ធភាព ការពារនូវវប្បធម៌និងទំនៀមទម្លាប់របស់ខ្លួន។
នៅលើបណ្ដាញសង្គមសពថ្ងៃនេះ យើងឃើញហើយសពបែបសពយ៉ាង ដូច្នេះមានមធ្យោបាយមួយដ៏ធំ គឺចាស់ទុំត្រូវប្រាប់ក្មេងកុំឱ្យវាមើល។ បើរូបអាសអាភាស ហ្វេសប៊ុកមិនឱ្យចេញទេ។ សពថ្ងៃនេះមានតែការអប់រំទេ។ ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ប្រើមធ្យោបាយអប់រំជាចម្បង។ ពួកគាត់មិនបានមកនិយាយជាមួយយើងឯណា គាត់និយាយជាសាធារណៈលើបណ្ដាញសង្គម ដូច្នេះនេះក៏ជាការលំបាកគ្រប់គ្រងដែរ។ ទោះជាយ៉ាងណា យើងមិនគាំទ្រទេអំពីការប្រើភាសាអសីលធម៌ទាំងឡាយ»។
យល់ឃើញខុសពីក្រសួងទាំង៣ខាងលើ លោក ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម ថាបុគ្គលគ្រប់រូបពិតជាមានសិទ្ធិពេញលេញក្នុងការស្លៀកពាក់ និងប្រើប្រាស់ភាសា ប៉ុន្តែរាល់សិទ្ធិទាំងអស់សុទ្ធតែមានព្រំដែន។ លោកបន្ថែមថា កាលណាបុគ្គលផ្សព្វផ្សាយអ្វីជាសាធារណៈ ជាពិសេសក្នុងបណ្ដាញសង្គមដែលមនុស្សទូទាំងពិភពលោកបានឃើញ នោះវាអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ក៏ដូចជាវប្បធម៌និងប្រពៃណីជាក់ជាមិនខាន។
សូមស្ដាប់សម្ដីរបស់លោក ប៉ា ចាន់រឿន៖
លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
លោក ប៉ា ចាន់រឿន ពន្យល់យ៉ាងដូច្នេះ៖«បុគ្គលគាត់ស្លៀកពាក់បែបណា គាត់និយាយភាសាបែបណា គឺជាសិទ្ធិរបស់បុគ្គលមែន ប៉ុន្តែរាល់សិទ្ធិទាំងអស់សុទ្ធតែមានព្រំដែន។ ហើយព្រំដែននៃសិទ្ធិសេរីភាពហ្នឹងគឺការគោរពអ្នកដទៃ ការមិនធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ គុណតម្លៃ ក៏ដូចជាវប្បធម៌និងប្រពៃណីរបស់ជាតិ ដែលមានចែងនៅក្នុងច្បាប់ និងក្នុងក្រមសីលធម៌សង្គម។
ហេតុនេះហើយការពោលថា ការស្លៀកពាក់ខើចលើខើចក្រោម ការប្រើសម្ដីលែបខាយគឺជាសិទ្ធិរបស់គេ ខ្ញុំគិតថាវាមិនត្រឹមត្រូវទេ។ បើសិនជាចង់សំដៅថាជាសិទ្ធិរបស់ខ្លួន គឺធ្វើនៅក្នុងជីវិតឯកជន។ បើសិនជាយើងធ្វើសកម្មភាពបែបនោះនៅក្នុងបណ្ដាញសង្គម ដែលជាពិភពសង្គមឌីជីថល មនុស្សមួយពិភពលោកបានឃើញហើយ ហ្នឹងវាមិនមែនជាសិទ្ធិរបស់យើងផ្ទាល់ខ្លួនទេ គឺវាអាចជះឥទ្ធិពលដល់សង្គម ជាពិសេសប៉ះពាល់ដល់តម្លៃស្ត្រីនៅក្នុងសង្គមយើងតែម្ដង»៕