ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាល និងអគារតាំងបង្ហាញរថយន្តថ្មី(showroom) របស់ខ្លួននៅកណ្តាលរាជធានីភ្នំពេញ ក្រោមវត្តមានចូលរួម ដ៏ឧត្តុងឧត្តម ពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន លោក Masahiro MIKAMI ដែលជា ឯកអគ្គរាជទូត ជប៉ុន ប្រចាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗជាច្រើនទៀតផងដែរ។ ។ ទីតាំងថ្មីសន្លាងដ៏ប្រណិត និងទំហំធំទូលាយចំកណ្តាលទីក្រុង នេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាព នៃប្រតិបត្តិការដ៏រីកចម្រើនរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា ក្រោមការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីអតិថិជន។
ការិយាល័យថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានកម្ពស់៥ជាន់ការិយាល័យថ្មីនេះ នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងសកម្ម និងល្អប្រសើរបំផុត របស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យថ្មីនេះ ក៏នឹងជួយឲ្យបុគ្គលិករបស់ក្រុមហ៊ុន អាចបម្រើ និងបំពេញតម្រូវការរអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អ និងពោរពេញទៅដោយប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នៅក្នុងរយៈពេលដ៏ខ្លីនេះ ដែលមានមនុស្សម្នា ជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅកណ្តាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានគូសបញ្ជាក់ថា ការបើកការិយាល័យ និងអគារតាំងបង្ហាញរថយន្តថ្មីនាពេលនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មីឬអាចនិយាយបានថា វាជាជំហានថ្មីមួយទៀត នៃការបម្រើសេវាកម្មរបស់យើងឲ្យបានកាន់តែល្អ និងរហ័សទាន់ចិត្តបំផុតក្នុងឆ្នាំថ្មីនេះ ហើយវាក៏បានបង្ហាញឲ្យឃើញ ពីការរីកចម្រើនឥតឈប់ឈរនៃប្រតិបត្តិការក្នុងវិស័យយានយន្ត របស់ក្រុមហ៊ុន តូយ៉ូតា នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងដែរ»។
អ្នកនាំពាក្យដដែលបន្តទៀតថា៖ «តាមរយៈការិយាល័យថ្មីរបស់យើង ដែលស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើង បានកាន់តែជិតស្និទ្ធ និងងាយស្រួល ហើយក៏អាចផ្តល់ជូនអតិថិជននូវសេវាកម្ម និងការបំពេញតម្រូវការផ្សេងៗទៀត ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្តផងដែរ។ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពបំផុតជូនដល់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏សង្ឃឹមដែរថា ទីស្នាក់ការកណ្តាលថ្មីនេះ នឹងជួយបង្កើនការលក់រថយន្ត និងជំរុញភាពរីកចម្រើនរបស់យើងផងដែរ»។
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនចែកចាយផ្តាច់មុខ នូវរថយន្តម៉ាក តូយ៉ូតាគ្រប់ប្រភេទ គ្រឿងបន្លាស់សុទ្ធល្អ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តោតជាចម្បងទៅលើសុវត្ថិភាព និងបរិស្ថានដែលមានទំនាក់ទំនងយ៉ាងខ្លាំង ទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ តូយ៉ូតា តែងតែខិតខំពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាអ្នកចែកចាយយានយន្ត ប្រកបដោយទំនុកចិត្តបំផុត នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់តាមរយៈ ការធ្វើសុខុដុមនីយកម្មមនុស្ស និងរថយន្ត ការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងការការពារបរិស្ថាន។
ភាពជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារយានយន្តប្រទេសកម្ពុជា អាចកើតមានឡើងដោយផ្អែកលើការគ្រប់គ្រងក្រុមការងារប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺ«ក្រុមការងារតែមួយ គោលដៅតែមួយ»។ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ការលក់យានយន្តរបស់ក្រុមហ៊ុនមួយដ៏ពេញនិយមនេះ បានកើនឡើងរហូតដល់ទៅជាង ៤,០០០គ្រឿងឯណោះ ដែលនេះជាលទ្ធផលសម្រេចបានគួរជាទីមោទកបំផុត របស់ក្រុមហ៊ុន។
ដូច្នេះ ដើម្បីចូលរួមអបអរសាទរឱកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូននូវ ប្រូម៉ូសិនពិសេសៗជាច្រើនទៀតរួមមាន៖
សម្រាប់ការលក់យានយន្ត៖ ការផ្តល់ជូនប្រម៉ូសិន កប់កប់ (Kop Kop Promotion) ដែលចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) សម្រាប់គ្រប់សាខាទាំងអស់៖ រាល់ការទិញរថយន្តក្នុងអំឡុងពេលនេះ អតិថិជននឹងទទួលបានកាដូភ្លាមៗទៅតាមប្រភេទរថយន្តដែលបានទិញ និងទទួលបានសន្លឹកឆ្នោតសម្រាប់មានឱកាសផ្សងសំណាងនៅក្នុងកម្មវិធីចាប់ឆ្នោត រហូតដល់ទៅ៨០ រង្វាន់ រួមមាន៖ រថយន្តចំនួន ៣គ្រឿង (១xREVO RALLY, ១xRUSH, ១xRUSH-TRD) និង ipad, iPhone ១១ pro-max, នាឡិកាម៉ាក Apple, ទូរទស្សន៍ និងទូទឹកកកជាច្រើនរង្វាន់ទៀត។
ចំពោះសេវាកម្ម ក្រោយពីការលក់៖ ក្រុមហ៊ុន ក៏មានផ្តល់ជូន Happy Hour Promotion ដែលយើងនឹងបន្តផ្តល់ជូនអតិថិជនជាពិសេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សម្រាប់តែទីតាំងទីស្នាក់ការកណ្តាលនេះតែប៉ុណ្ណោះ។ អតិថិជន នឹងទទួលបានការពិនិត្យ និងការថែទាំ រថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទ ដោយមិនគិតថ្លៃ តាមរយៈការណាត់ទុកជាមុន នៅក្នុងចន្លោះ ម៉ោង៨-៩ព្រឹក និងម៉ោង៣ -៥ រសៀល៕
(អត្ថបទពាណិជ្ជកម្ម)