កីឡាជាតិ
ជាតិ
តេ​ក្វាន់​ដូ ITF ជួយ​ឲ្យ ប៉ាល់ ជីវ័ន មាន​ភាពល្បីល្បាញ និង​អាច​សម្រេច​បំណង​ធំ​របស់​ម្តាយ​
20, Jan 2020 , 8:39 pm        
រូបភាព
កីឡាករ ប៉ាល់ ជីវ័ន លើកបង្ហាញមេដាយមាសពិភពលោក ដែលដណ្តើមបាននៅប្រទេសប៊ុលហ្គារី កាលពីឆ្នាំ២០១៩
កីឡាករ ប៉ាល់ ជីវ័ន លើកបង្ហាញមេដាយមាសពិភពលោក ដែលដណ្តើមបាននៅប្រទេសប៊ុលហ្គារី កាលពីឆ្នាំ២០១៩
ដោយ:
​កីឡាករ ប៉ាល់ ជីវ័ន ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់ ITF នៅ​វ័យ​១៤​ឆ្នាំ ហើយ​រូបគេ​បាន​សាង​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​នៅលើ​ឆាក​អន្តរជាតិ​។ សមិទ្ធផល​ទាំងនេះ មិនត្រឹមតែ​ជួយ​ឲ្យ​រូបគេ​មានកេរ្តិ៍ឈ្មោះ​ល្បី​នោះទេ ជីវ័ន​ក៏​ទទួលបាន​ការងារ​នៅ​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ និង​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​ឲ្យ​ប្រសើរ​ទៀតផង​។ អ្វីដែល​កាន់តែ​ពិសេស រូបគេ អាចធ្វើ​ឲ្យ​បំណង​របស់​ម្តាយ ដែល​ចង់បាន​ផ្ទះមួយ​ធំ​ទូលាយ​បានសម្រេច​ទៀតផង​។

 
​ស្ថិតក្នុង​វ័យ​៣៥​ឆ្នាំ​កីឡាករ ប៉ាល់ ជីវ័ន ហាក់​ជោគជ័យ​ខ្លាំង​ក្នុង​វិថី​កីឡា​តេ​ក្វាន់​ដូ ITF​។ រូបគេ​មិន​គ្រាន់តែ​ជា​កីឡាករ​ឆ្នើម​ប៉ុណ្ណោះ​ទេ តែ​ជា​គ្រូបង្វឹក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រួប​នៅ​កម្ពុជា​។ ជីវ័ន សម្រេចបាន​សមិទ្ធផល និង​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​។ ជាក់ស្តែង​កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៩ រូបគេ​បានធ្វើ​ឲ្យ​ទង់ជាតិ និង​ភ្លេងជាតិ​កម្ពុជា ត្រូវបាន​បង្ហូត​និង​បន្លឺឡើង​មុខ​បណ្តា​ប្រទេស​ជាច្រើន បន្ទាប់ពី​កីឡាករ​ឆ្នើម​រូបនេះ ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​។​
 
​មេដាយមាស​នេះ​ជួយ​ឲ្យ ប៉ាល់ ជីវ័ន ទទួលបាន​កិត្តិយស​ដ៏​អស្ចារ្យ តាមរយៈ​ការ​ជិះ​រថយន្ត​ក្បួន​ដង្ហែ​មាន​ម៉ូតូ​សអម ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ពី​អា​កាយ​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅកាន់​ទីស្នាក់ការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ ក្រោយ​បាន​ជិះ​រថយន្ត​ក្បួន​នេះ ជីវ័ន អះអាងថា រូបគេ​មាន​អារម្មណ៍​ក្តុកក្តួល និង​រំភើប​យ៉ាងខ្លាំង ព្រោះ​វា​បាន​បំពេញ​ក្តី​ស្រមៃ​ដែល​ខ្លួន​បាន​ប៉ង​ជា​យូរ​មកហើយ​។  


 
​តាមរយៈ​ស្នាដៃ​និង​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ ប៉ាល់ ជីវ័ន កាន់តែ​មាន​ភាព​ល្បី​ល្បាយ និង​ល្បី​រន្ទឺ​ទាំង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ លើសពីនេះ បាន​ជួយ​ឲ្យ រូបគេ ទទួលបាន​ក្របខណ្ឌ​ក្នុង​ក្រសួងមហាផ្ទៃ​ទៀតផង​។ ជីវ័ន បានក្លាយ​ជាមួយ​មន្ត្រីនគរបាល​នៅ​ឆ្នាំ​២០១៩ ដោយ​បច្ចុប្បន្ន​រូបគេ​កំពុង​ពាក់​ស័ក្តិ​ពីរ​។ 
 
​អ្វីដែល​កាន់តែ​អស្ចារ្យ​តាមរយៈ​កីឡា​តេ​ក្វាន់​ដូ ITF បានធ្វើ​ឲ្យ​កូន​ទី​៥​ក្នុង​គ្រួសារ​មាន​បងប្អូន​៦​នាក់​រូបនេះ មានលទ្ធភាព​ទិញ​ផ្ទះ​នៅក្នុង​បុរី​ពិភពថ្មី​មួយកន្លែង ដើម្បី​សម្រេច​បំណង​របស់​ម្តាយ ដែល​ប៉ង​ចង់បាន​ផ្ទះមួយ​ដ៏​ធំ​ទូលាយ​។ តែ​យ៉ាងណា ជីវ័ន អះអាងថា សមិទ្ធផល​ប៉ុន​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ក្នុងការ​តបស្នង​អ្នកមានគុណ​របស់ខ្លួន​។  
 
​ថវិកា​ទិញ​ផ្ទះ​ទាំងនេះ និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​លើ​មុខជំនាញ​គ្រប់គ្រង​អាជីវកម្ម​រូបនេះ​អះអាងថា មួយចំនួនធំ​បានមកពី​ការ​ឈ្នះ​មេដាយ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ឆ្នាំ​២០១៨ និង​មួយចំនួនទៀត​បានមក​ពី​ការ​សន្សំ ដែលជា​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​ការ​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​។ ជារួម​ថវិកា​ទាំងនេះ គឺ​បាន​តាមរយៈ​កីឡា​តេ​ក្វាន់​ដូ ITF​។ 
 
«​រឿង​ដែល​ខ្ញុំ​រំភើប​ចងចាំ​មិន​ភ្លេច គឺ​នៅពេល​ឈ្នះ​មេដាយមាស​នៅ​ម៉ុង​ហ្គោ​លី ទោះ​វា​ជា​កម្រិត​អាស៊ី​ក៏ដោយ​។ កាន់តែ​រំភើប​ទៀត​នោះ​នៅពេល​ឈ្នះ​មេដាយមាស​ពិភពលោក​(​នៅ​ប៊ុលហ្គារី​) ហើយ​មាន​គេ​បង្ហោះ​អបអរ​តាម​ហ្វេ​ស​ប៊ុ​ក ជាពិសេស​សម្តេច​តេ​ជោ គាត់​បាន​សរសេរ​អបអរ និង​ឈ្មោះ​យើង​នៅ​ហ្វេ​ស​ប៊ុ​ក ដែល​នេះ​ជា​មោទកភាព​សម្រាប់​គ្រួសារ​ផង និង​ខ្លួនឯង​ផង​»​។ នេះ​ជាការ​រៀបរាប់​របស់​កីឡាករ ប៉ាល់ ជីវ័ន​។ 


កីឡាករ ប៉ាល់ ជីវ័ន (លើគេ)លោតធាក់មិត្តរួមក្រុមពេលសម្តែងក្នុងពិធីបិទការប្រកួតថ្នាក់ជាតិឆ្នាំ២០១៩
 
​រូបគេ​បាន​បន្ថែមថា​៖«​លុយ​ទិញ​ផ្ទះ​នៅក្នុង​បុរី ក៏បាន​ដោយសារ​កីឡា​ដែរ គឺ​បន្ទាប់ពី​ឈ្នះ​មេដាយមាស​នៅ​ម៉ុង​ហ្គោ​លី ក៏មាន​ការឧបត្ថម្ភ​ផ្សេងៗ ពិសេស​ថវិកា​របស់​ស​ម្តេច​តេ​ជោ ដែល​ប្រ​មួល​ទៅបាន​ប្រហែល​២​ទៅ​៣​ម៉ឹ​ន​ដុល្លារ បូករួម​ជាមួយ​ថវិកា​ដែល​ខ្ញុំ​សន្សំ​ទៅ ក៏​អាច​ទិញ​ផ្ទះ​នៅ​បុរី​នឹង​ទៅ ហើយក៏​ធ្វើ​ឲ្យ​ម៉ាក់​គាត់​សប្បាយចិត្ត ព្រោះ​គាត់​ចង់បាន​ផ្ទះ​ធំ​ទូលាយ​ងាយស្រួល​រស់នៅ​»​។​
 
​កីឡាករ ប៉ាល់ ជីវ័ន ពី​អ្នក​ហាត់​ដើម្បី​ការពារ​ខ្លួន​ក្លាយជា​កីឡាករ​ល្បី​
 
​ស្ថិតក្នុង​វ័យ​១៤​ឆ្នាំ យុវជន ប៉ាល់ ជីវ័ន ដែល​កំពុង​រៀន​នៅ​អនុវិទ្យាល័យ​វត្ត​កោះ ត្រូវបាន​ឪពុកម្តាយ​នាំ​ដើរ​មើល​ស្ទើរ​គ្រប់​ប្រភេទ​កីឡា ដើម្បី​ស្វែងរក​កីឡា​ដែល​ខ្លួន​ចូលចិត្ត​។ យុវជន​រូបនេះ​បាន​ដើរ​មើល​កីឡា​អស់​ជាច្រើន​ប្រភេទ តែ​មក​ពេញចិត្ត​កីឡា​តេ​ក្វាន់​ដូ ITF ក្រោយ​ឃើញ​លោក បួន​ហ៊ីង សុធី​យ៉ា កំពុង​បង្ហាត់​សិស្ស​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ពេល​ចូល​ហ្វឹកហាត់​ដំបូង ជីវ័ន គិតថា ហាត់​សាកល្បង​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ តែ​ត្រូវ​ឪពុកម្តាយ​ដាក់​ខសន្យា​ធ្វើយ៉ាងណា​ហាត់​ឲ្យ​បាន​មួយឆ្នាំ​។ កិច្ចសន្យា​នេះហើយ ដែល​ជំរុញ​ឲ្យ រូបគេ អាច​បន្ត​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ទោះ​ជួប​បញ្ហាលំបាក​ចង់​ឈប់​ម្តងម្កាល​ក៏ដោយ​។ 
 
​ក្រោយ​ហ្វឹកហាត់​បាន​ប្រមាណ​បី​ខែ យុវជន​មាន​ទីលំនៅ​នៅ​រាជធានី​ភ្នំពេញ​រូបនេះ ត្រូវបាន​លោក បួន​ហ៊ីង សុធី​យ៉ា ដាក់​ឲ្យ​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជា​លើកដំបូង ដោយ​កាលណោះ​រូបគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ ទោះ​ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ តែ​វា​ជា​ជោគជ័យ​ដ៏​ធំធេង​លើ​ឆាក​ជាតិ​ជា​លើកដំបូង​របស់គេ​។ ភាពជោគជ័យ​នេះហើយ ដែល​ជួយ​ជំរុញ និង​លើកទឹកចិត្ត ជីវ័ន មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ក្នុងការ​បន្ត​ដើរ​លើ​វិថី​មួយ​នេះ​។  
 
​ម្ចាស់​មេដាយមាស​ពិភពលោក​នៅ​ប៊ុលហ្គារី​រូបនេះ​បាន​អះអាងថា ខ្លួន​ពុំដែល​មានគំនិត​ចង់​ក្លាយជា​កីឡាករ​ល្បី​នោះទេ​ពេល​ចូល​ហ្វឹកហាត់​លើកដំបូង គឺ​គ្រាន់តែ​ចង់​ចេះ​ក្បាច់គុន​ដើម្បី​ការខ្លួន​តែប៉ុណ្ណោះ​។ បុរស​សម្បុរ​សរាង​ស្តើង​រូបនេះ​រៀបរាប់ថា​៖«​កាលពីមុន​ឡើយ​គ្រាន់តែ​ហាត់​ចង់​ចេះ​ការពារ​ខ្លួន និង​ដើម្បី​សុខភាព​ទេ ប៉ុន្តែ​បន្ទាប់ពី​ឆ្លងកាត់​ការហ្វឹកហាត់​និង​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ជា​បន្ត​បន្ទាប់មក ទើប​មាន​គោលបំណង​មួយ​ចង់​ធ្វើ​ឲ្យ​បានល្អ និង​ចង់បាន​មេដាយ​នៅក្រៅ​ស្រុក​ឲ្យ​បាន​ម្តង​»​។ 
 
​ក្រោយ​ហ្វឹកហាត់​បាន​ប្រមាណ​៥​ឆ្នាំ រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បញ្ចូនទៅ​ប្រកួត​ជើងឯក​ពិភពលោក​លើកដំបូង​នៅ​ប្រទេស​ក្រិ​កនៅ​ឆ្នាំ​២០០៣​។ កាលណោះ រូបគេ ទទួលបាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦៣​គីឡូក្រាម​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ពីរ​ដាន់​។ ជោគជ័យ​លើ​ឆាក​អន្តរជាតិ​លើកដំបូង​នេះ បាន​ក្លាយជា​អន្ទាក់​ទាក់ចិត្ត​រូបគេ​ឲ្យ​មានចិត្ត​ស្រលាញ់​កីឡា​តេ​ក្វាន់​ដូ ITF កាន់តែខ្លាំង ជាមួយ​មហិច្ឆតា​ចង់​ឈ្នះ​មេដាយប្រាក់ និង​មាស​ជូន​ជាតិ​មាតុភូមិ​បន្ថែមទៀត​។​


 
​មេដាយ​សំរឹទ្ធ​នេះដែរ​បាន​ក្លាយជា​ចលករ​ជួយ​ជំរុញ​និង​លើកទឹកចិត្ត ជីវ័ន ឲ្យ​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​កាន់តែខ្លាំង​។ ការប្រឹងប្រែង​បាន​ជួយ​ឲ្យ​រូបគេ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​តាមរយៈ​ការដណ្តើម​បាន​មេដាយប្រាក់​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ណេ​ប៉ាល់ និង​កា​ហ្សា​ក់ស្ត​ង់​។ នៅ​ឆ្នាំ​២០១៧ រូបគេ ត្រូវបាន​សហព័ន្ធ​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងជើង ដោយ​ដណ្តើមបាន​មេដាយប្រាក់​។ 
 
​ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ជីវ័ន ចាត់ទុក​ឆ្នាំ​២០១៨ និង​២០១៩ ជា​ឆ្នាំ​ដ៏​ជោគជ័យ​សម្រាប់​ខ្លួន បន្ទាប់ពី​រូបគេ​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី និង​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​។ សមិទ្ធផល​ទាំងនេះ​មិនទាន់​អាចបំពេញ​មហិច្ឆតា​កីឡាករ​រូបនេះ​បាន​នៅឡើយ​ទេ ដោយ​រូបគេ​ចង់​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​កីឡា​តេ​ក្វាន់​ដូ ITF មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ ប៉ាល់ ជីវ័ន មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​គ្រួសារ និង​សង្គម​ប៉ុណ្ណោះ​ទេ ថែមទាំង​ល្បី​សុះសាយ​លើ​ឆាក​អន្តរជាតិ​ទៀតផង​។ លើសពីនេះ វា​ជួយ​ឲ្យ​រូបគេ​អាចបំពេញ​បំណង​ធំ​មួយ​របស់​ម្តាយ និង​ជួយ​លើកតម្កើង​ជីវភាព​គ្រួសារ​របស់គេ​ឲ្យ​មាន​ភាពល្អប្រសើរ​ផងដែរ​។ 
 
​ឆ្លើយ​នឹង​សំនួរ​របស់​សារព័ត៌មាន​ថ្មីៗ​ដែល​សួរ​ពី​ស្ថានភាព​ជីវភាព​គ្រួសារ​មុន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF កូន​ទី​៥​ក្នុង​គ្រួសារ​មាន​បងប្អូន​៦​នាក់​រូបនេះ​បាន​រំលឹក​ដូច្នេះ​ថា​៖«​មុន​ចូលប្រឡូក​ក្នុង​វិស័យនេះ​កាល​ណុង​ក្រ​មែនទែន​ខ្ញុំ​ដើរ​ពី​អូ​ឬ​ស្សី​មក​ស្តា​តទៅ​មកៗ គឺ​យើង​អត់​មាន​ម៉ូតូ​ជិះ​នោះទេ មានតែ​កង់​មួយ​ឌុប​គ្នា​បីនាក់​បងប្អូន​ជាមួយ ប៉ាល់ ឆរ​ស្ម៊ី និង លី បូរ​មី ដល់​ម៉ោង​ហាត់​លី​កង់​ចុះ​ពី​ជា​ន់ទី​៣ ពេល​ណុង​ផ្ទះ​ខ្ញុំ​នៅ​ជា​ន់ទី​៣ ក្រោយ​ហាត់​ចប់​យើង​លី​ពី​ជាន់​ក្រោម​ឡើងទៅ​ទុក​នៅ​ជាន់​ទី​៣​វិញ​ចុះឡើងៗ​។ ព្រោះ​យើង​អត់​មាន​លុយ​សូម្បី​ផ្ញើ​កង់​នៅ​ជាន់​ក្រោម​»​។​
 
​ពេល​ចូល​ហ្វឹកហាត់​ដំបូង ម្ចាស់​មេដាយមាស​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​រូបនេះ ត្រូវ​បង់​ថវិកា​៥​ពាន់​រៀល​ក្នុង​មួយខែ​ឲ្យ​លោក បួន​ហ៊ីង សុធី​យ៉ា ជា​ថ្នូរ​នឹង​ការហ្វឹកហាត់​ប្រចាំខែ​។ ប៉ុន្តែ​រូបគេ​បង់​បានតែ​ពីរ​ខែ​ប៉ុណ្ណោះ លោក សុធី​យ៉ា ក៏​ឈប់​យកលុយ បន្ទាប់ពី​លោក​មើលឃើញ​សមត្ថភាព​និង​ទេពកោសល្យ​របស់​កីឡាករ​រូបនេះ​។    
 

កីឡាករ ប៉ាល់ ជិវ័ន ចាត់ទុកលោក បួនហ៊ីង សុធីយ៉ា (រូបក្នុងរង្វង់) ប្រៀបដូចឪពុកទី២

កីឡាករ ប៉ាល់ ជិវ័ន ចាត់ទុកលោក បួងហុីង សុធីយ៉ា (រូបក្នុងរង្វង់) ប្រៀបដូចឪពុកទី២
 
​កីឡាករ ប៉ាល់ ជីវ័ន បានចាត់ទុក​លោក បួន​ហ៊ីង សុធី​យ៉ា ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ប្រៀប​ដូច​ឪពុក​ទី​២​។ ព្រោះ​បុរស​ម្នាក់​ហើយ ដែល​តែងតែ​ជួយ​ទំនុកបម្រុង និង​ផ្តល់​ថវិកា​ឲ្យ​រូបគេ​រៀន​ភាសា​អង់គ្លេស និង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​។ ជីវ័ន បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​នៅ​ឆ្នាំ​២០០៩ និង​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​នៅ​ឆ្នាំ​២០១០​។ 
 
​លោក បួន​ហ៊ីង សុធី​យ៉ា ក៏​ជា​អ្នកមានគុណ​ម្នាក់ ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ភាពជោគជ័យ​របស់​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF ផងដែរ​។ ជីវ័ន បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​ដំបូង​នៅ​ឆ្នាំ​១៩៩៨ ក្រោម​ការបណ្តុះបណ្តាល និង​បង្វឹក​ដោយផ្ទាល់​ពី​សំណាក់​លោក សុធី​យ៉ា​។ ក្រោម​ការបណ្តុះបណ្តាល​យ៉ាង​យកចិត្តទុកដាក់ និង​ការផ្តល់​ដំបូន្មាន​ល្អៗ​របស់​អគ្គលេខាធិការ​រូបនេះ បាន​ជួយ​ឲ្យ ជីវ័ន ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទាំង​លើ​ថ្នាក់ជាតិ​និង​អន្តរជាតិ ជាពិសេស​រូបគេ​បានឈ្នះ មេដាយមាស​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​ឆ្នាំ​២០១៨ និង​មេដាយមាស​ពិភពលោក​នៅ​ប៊ុលហ្គារី​ឆ្នាំ​២០១៩​។​
 
​ក្រៅពី​ទទួលបាន​ការលើកទឹកចិត្ត​ពី​ឪពុកម្តាយ បុរស​សម្បុរ​ស​កម្ពស់​ខ្ពស់​រាង​ចម្បង​រូបនេះ​ហើយ ដែលជា​កម្លាំងចិត្ត​ជួយ​ឲ្យ​កីឡាករ ប៉ាល់ ជីវ័ន ខិតខំ​ជម្នះ​ឧបសគ្គ​ផ្សេងៗ បន្ត​ដើរ​លើ​វិថី​កីឡា​តេ​ក្វាន់​ដូ ITF រហូត​ទទួលបាន​ជោគជ័យ​ដូច​ពេលបច្ចុប្បន្ន​។ «​ទី​១.​ការលើកទឹកចិត្ត​ពី​ឳ​ពុក​ម្តាយ ទី​២.​អាណិត​ស្រលាញ់​គ្រូ ជាពិសេស​លោកគ្រូ​យ៉ា​(​បួន​ហ៊ីង សុធី​យ៉ា​) ព្រោះ​អី​គាត់​បាន​ជួយ​ទំនុកបម្រុង​លើ​ការសិក្សា​រហូតដល់​ថ្នាក់​បរិញ្ញាបត្រ ហើយ​គាត់​ជួយ​បង់លុយ​រៀន​ភាសា​អង់គ្លេស​។ ដូច្នេះ​ខ្ញុំ​គិតថា គ្មានអ្វី​តបស្នង​សងគុណ​ក្រៅពី​ការខិតខំ​ហ្វឹកហាត់​នោះទេ អ៊ីចឹង​ខ្ញុំ​ហ្វឹកហាត់​និង​ដើរ​តាម​គាត់​តាំងពី​អាយុ​១៤​ឆ្នាំ​រហូតដល់​បច្ចុប្បន្ន​។ បើ​រៀបរាប់​ទៅ​គាត់​ដូចជា​ឪពុក​ទី​២ ព្រោះ​គាត់​មើលថែ​តាំងពី​តូច​រហូតដល់​ឥឡូវ​»​។ នេះ​ជាការ​រៀបរាប់​របស់​កីឡាករ ប៉ាល់ ជីវ័ន ឆ្លើយ​នឹង​សំនួរ ដែល​សួរថា តើ​កត្តា​អ្វី ដែល​ជួយ​ជំរុញ​ឲ្យ​រូបគេ​អាច​ជម្នះ​ឧបសគ្គ ហើយ​បន្ត​ប្រឡូក​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF?
 
​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពីរ​សាកលវិទ្យាល័យ​រូបនេះ មិន​ត្រឹមតែ​ជា​កីឡាករ​ដ៏​ល្បីល្បាញ​មួយរូប​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​គ្រូបង្វឹក​ដ៏​មាន​ប្រជាប្រិយ​ថែម​ទៀតផង​។ ក្រៅពី​បង្វឹក​ក្រុមយុវជន​ថ្នាល​នៅ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា រូបគេ គឺជា​ស្ថាបនិក និង​ជា​ម្ចាស់​ក្លិប​យុវជន ដែលមាន​សិស្ស​ប្រមាណ​ជិត​១០០​នាក់​កំពុង​ហ្វឹកហាត់​។ ក្រៅពី​កីឡាករ ប៉ាល់ ជីវ័ន ក៏មាន​ប្អូនស្រី​របស់គេ​មួយរូប​ផងដែរ គឺ​កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី ដែល​ប្រឡូក​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​កីឡាការិនី​កូនពៅ​រូបនេះ បាន​ផ្លាស់​ទៅលេង​កីឡា​វ៉ូ​វី​ណា​ម​៕    

Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជីវ័ន​
© រក្សាសិទ្ធិដោយ thmeythmey.com