អន្តរជាតិ
ចិន ថា វីរុសថ្មីនៅវូហានអាចឆ្លងពីមនុស្សទៅមនុស្ស ស្របពេលអត្រាអ្នកជំងឺបន្តកើនឡើង រូបភាព៖ Getty
× វីរុសថ្មី ដែលជាពពូជនៃកូរ៉ូណាវីរុស (Coronavirus) បានកើនឡើងជាច្រើនករណី ខណៈពេលមនុស្សបានបាត់បង់ជីវិតដោយសារជំងឺនេះ បានកើនឡើងដល់ ៤នាក់នៅក្នុងប្រទេសចិន។ ក្រៅពីចិន វីរុសនេះ បានទៅដល់ កូរ៉េខាងត្បូង ថៃ និងជប៉ុននាពេលថ្មីៗនេះ។ កាន់តែបារម្ភនោះ នៅថ្ងៃទី២០ ខែមករា ចិនបានប្រកាសថា វីរុសប្រភេទថ្មីនេះ គឺអាចឆ្លងពីមនុស្សទៅមនុស្សបាន។
រហូតមកដល់ពេលនេះ វីរុសថ្មី ដែលជាពពូជនៃកូរ៉ូណាវីរុស បានបន្តកើនឡើងជាច្រើនករណីនៅចិន។ គ្រាន់តែនៅខេត្តគ័ងតុង អ្នកផ្ទុកវីរុសនេះ មានជាច្រើនករណី នៅវូហានមាន១៣៦ករណី ខណៈពេលទីក្រុងប៉េកាំង មាន ៥ករណី និងសៀងហៃមានករណីមួយករណី។ មនុស្សចំនួន ៤នាក់បានស្លាប់ដោយវីរុសដែលបង្កទៅជាជំងឺរលាកសួតម្យ៉ាងស្រដៀង SARS ។ នាថ្ងៃទី២០ ខែមករានៅកូរ៉េខាងត្បូង ក៏គេរកឃើញមានអ្នកជំងឺផ្ទុកវីរុសប្រភេទថ្មី មួយករណីផងដែរ។
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍រដ្ឋចិន CCTV លោក Zhong Nanshan អ្នកវិទ្យាសាស្ត្រនៅគណៈកម្មការសុខាភិបាលជាតិ បានបញ្ជាក់ថា វីរុសប្រភេទថ្មីនេះ គឺឆ្លងពីមនុស្សទៅមនុស្សបាន បើទោះបីជា ជនរងគ្រោះមិនធ្លាប់ទៅក្រុងវូហានក៏ដោយ។ ជាក់ស្តែងនៅក្នុងខេត្តគ័ងតុង អ្នកជំងឺពីរនាក់ បានឆ្លងវីរុសថ្មីនេះពីសមាជិកគ្រួសារ ដែលធ្លាប់ទៅលេងនៅក្រុងវូហាន។ ចំណែកបុគ្គលិកពេទ្យធ្វើការនៅមន្ទីរពេទ្យមួយ នាក្រុងវូហាន ក៏បានឆ្លងជំងឺនេះដែរ ហើយមានម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២២ ខែមករា នាទីក្រុងហ្សឺណែវ ស្វ៊ីស ដើម្បីសម្រេច ថាតើការផ្ទុះវីរុសនៅក្នុងប្រទេសចិនអាចប្រកាស «ភាពអាសន្នលើសុខភាពសាធារណៈដែលជាបញ្ហាព្រួយបារម្ភអន្តរជាតិ» ឬអត់។ កន្លងមក អង្គការសុខភាពពិភពលោក យល់ថា ការឆ្លងនៃវីរុសថ្មីនេះ អាចឆ្លងតាមរយៈសត្វ ហើយការឆ្លងពីមនសុទៅមនុស្ស អាចកើតឡើង នៅពេលពួកគេជិតស្និទតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
Coronavirus។ រូបភាព៖ AFP
ជាលើកដំបូងចាប់តាំងពីផ្ទុះករណីវីរុសអម្បូរកូរ៉ូណាវីរុស ប្រធានាធិបតីស៊ី ជិនភីង នាថ្ងៃទី២០ ខែមករា បានអំពាវនាវឲ្យអាជ្ញាធរចិនការពារអាយុជីវិតរបស់ប្រជាជន ទប់ស្កាត់ការរីកសាយភាយវីរុសថ្មី និងដាក់ការជួយសង្គ្រោះជីវិតជាអាទិភាពជាទីបំផុត។ បើតាមលោកប្រធានាធិបតី ការបញ្ចេញព័ត៌មានទាក់ទងនឹងវីរុសថ្មីឲ្យទាន់ពេលវេលា គឺសំខាន់បំផុត ជាពិសេសគឺកិច្ចសហប្រតិបត្តិយ៉ាងស៊ីជម្រៅជាមួយអន្តរជាតិ។
ដើម្បីចាត់វិធានការទប់ស្កាត់ជំងឺនេះ អាជ្ញាធរចិន បានដាក់ឧបករណ៍ពិនិត្យជំងឺផ្តាសាយនៅតាមអាកាសយានដ្ឋាន ចំណតរថភ្លើង និងឡើងក្រុងជាដើម។ ចំណែកអ្នកជំងឺ ដែលកើតជំងឺគ្រុដក្តៅត្រូវចុះឈ្មោះ និងពាក់ម៉ាស់ មុនពេលបញ្ចូនទៅមន្ទីពេទ្យ។
សូមបញ្ជាក់ មកដល់ថ្ងៃនេះ វាកាន់តែកៀកថ្ងៃចូលឆ្នាំចិនមែនហើយ ខណៈពេលអាជ្ញាធរចិនកំពុងស្វះស្វែងដោះស្រាយបញ្ហានេះ។ តាមការព្រួយបារម្ភរបស់ក្រុមអ្នកជំនាញចិន វីរុសថ្មីនេះរកសាយភាយទៅច្រើនកន្លែងផ្សេងទៀត ព្រោះក្នុងពេលចូលឆ្នាំអ្នកដំណើរចិនជាច្រើននាក់ នឹងធ្វើដំណើរទៅលេងស្រុកកំណើត និងដើរលេងនៅក្រៅប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com