ជាតិ
​​​ន​យោ​បាយ​ជាតិ​
បញ្ហា​ចរាចរណ៍​៖​សម្ដេច ស ខេង ប្រាប់​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ
21, Jan 2020 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​ធ្វើជា​គំរូ ដល់​ប្រជាពលរដ្ឋ ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​។ សម្ដេច ស ខេង លើកឡើង​បែបនេះ នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២០ មករា​នេះ​។​



​សម្ដេច ស ខេង បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍ មិន​អាស្រ័យ​លើ​ពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏ត្រូវ​ចូលរួម​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​ក្នុងនោះ​មាន​នគរបាល ប៉ូលិស ទាហាន កងកម្លាំង​គ្រប់​ប្រភេទ រួមទាំង​មន្ត្រីរាជការ​ផងដែរ​។ ក្នុងន័យនេះ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សង្កត់ធ្ងន់ថា មន្ត្រីរាជការ និង​កងកម្លាំង​ទាំងអស់ ដែល​ប្រព្រឹត្តិ​ខុសច្បាប់​ចរាចរណ៍ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដោយ​មិនត្រូវ​ប្រើ​តួនាទី ឬ​អំណាច​ខ្លួន ដើម្បី​គេចផុត​ពី​ផ្លូវច្បាប់​ឡើយ​។​
 
«​កុំ​បន្ទោស​ប្រជាពលរដ្ឋ យើង​ហ្នឹង​(​មន្ត្រីរាជការ និង​កងកម្លាំង​)​ត្រូវធ្វើ​គំរូ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​បាន​បន្ថែមថា ពលរដ្ឋ​បច្ចុប្បន្ន​ខ្លាច​នគរបាល និង​ប៉ូលិស​ចរាចរណ៍ ជាង​ខ្លាច​ច្បាប់ ។​
 
​នៅ​ឆ្នាំ​២០១៩​កន្លងមក គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ៤,១២១​លើក​កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំណែក​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន ១,៩៨១​នាក់ និង​រងរបួស ៦,១៤១​នាក់​។​អត្រា​អ្នកស្លាប់​នៅ​ឆ្នាំ​២០១៩​នេះ កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ ខណៈ​អ្នករងរបួស​កើន ១,៣៧១​នាក់ ស្នើ​នឹង​ប្រមាណ ២៩​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៨​។ ក្នុងនោះ​រាជធានី​ភ្នំពេញ មាន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មាន ៣៤៨​នាក់ ,​ខេត្ត​ព្រះសីហនុ ស្លាប់ ១៤៩​នាក់ និង​ខេត្តកណ្តាល​ស្លាប់ ១៤៣​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បង្ហាញ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​។​
 
​បើតាម​របាយការណ៍​ដ​ដែល មូលហេតុ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរ​រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ៣៨​ភាគរយ​, មិន​គោរព​សិទ្ធិ ២៣​ភាគរយ​, មិន​ប្រកាន់​ស្តាំ ១៣​ភាគរយ​, វ៉ា​ជែង ៩​ភាគរយ​, ស្រវឹង​៥​ភាគរយ​, កត្តា​យានយន្ត ២​ភាគរយ និង​ងងុយដេក ១​ភាគរយ​៕
 
 

Tag:
 ស ខេង​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com