សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស ទៅដល់​អាមេរិក ហ្វីលីពីន តៃវ៉ាន់ ហើយ ខណៈ​អ្នកស្លាប់​នៅ​ចិន​កើន​ដល់​៩​នាក់​
22, Jan 2020 , 10:37 am        
រូបភាព
ប្រជាជនចិន ពាក់ម៉ាស់ដើម្បីការពារវីរុសថ្មី នៃពពូជកូរ៉ូណាវីរុស។ រូបភាព៖ AFP
ប្រជាជនចិន ពាក់ម៉ាស់ដើម្បីការពារវីរុសថ្មី នៃពពូជកូរ៉ូណាវីរុស។ រូបភាព៖ AFP
​គិត​ត្រឹម​ថ្ងៃទី​២២ ខែមករា វីរុស​ពូ​ជ​កូ​រ៉ូ​ណាវី​រុស (Coronavirus) ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ម្យ៉ាង​ស្រដៀង SARS ត្រូវបាន​គេ​រកឃើញ​នៅ អាមេរិក ហ្វីលីពីន និង​តៃវ៉ាន់​។ ក្នុងនោះ​មាន​អ្នកជំងឺ​៣​នាក់ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី បន្ទាប់ពី​ត្រលប់​មកពី​ក្រុង​វូ​ហាន ប្រទេស​ចិន​។ បន្ថែម​ពីលើ​នេះ នៅ​ប្រទេស​ផ្សេងទៀត កំពុង​ចាត់វិធានការ ក្នុងការ​ទប់ស្កាត់​វីរុស​ថ្មី​នេះ ដើម្បី​កុំ​ឲ្យ​សាយភាយ​ចូលមកក្នុង​ប្រទេស​ខ្លួន​។


 
​ករណី​ឆ្លង​វីរុស​ថ្មី​ពូ​ជ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ម្យ៉ាង​ស្រដៀង SARS បាន​កើនឡើង​រហូតដល់​៤៤០​នៅក្នុង​ប្រទេស​ចិន ខណៈពេល​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ៩​នាក់​។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មការ​សុខាភិបាល​ចិន​នៅ​ថ្ងៃទី​២២ ខែមករា​។ មនុស្ស​ជាង​២០០០​នាក់ ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​តាមដាន​ជំងឺ​យ៉ាង​ម៉ត់ចត់​។ 
 
​ក្រៅពី​ទឹកដី​ចិន វីរុស​ថ្មី​នេះ ក៏ត្រូវ​បាន​គេ​រកឃើញ​នៅ​ថៃ​មាន ២​ករណី ជប៉ុន ១​ករណី និង​កូរ៉េខាងត្បូង ១​ករណី​។ នា​ថ្ងៃទី​២១ ខែមករា អាជ្ញាធរ​សុខាភិបាល​អាមេរិក តៃវ៉ាន់ និង​ហ្វីលីពីន ក៏បាន​រកឃើញ​វីរុស​ប្រភេទ​ថ្មី​នេះ នៅក្នុង​ទឹកដី​របស់ខ្លួន​ដែរ​។ 
 
​តាម​ការអះអាង​របស់​មន្ត្រី​សុខាភិបាល​អាមេរិក បុរស​ជនជាតិ​អាមេរិក​ម្នាក់​ក្នុង​វ័យ ៣០​ឆ្នាំ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​វីរុសពូ​ជ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ត្រលប់​ពី​ក្រុង​វូ​ហាន មក​ទឹកដី​អាមេរិក​វិញ​នៅ​ថ្ងៃទី​១៥ ខែមករា​។ ដោយបាន​អាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វីរុស​ថ្មី​នេះ និង​សង្ស័យថា​ខ្លួន​អាច​ផ្ទុក​វីរុស​នេះ​ផង បុរស​វ័យ​៣០​ឆ្នាំ​ដែល​រស់នៅ​ជិត​ទីក្រុង Seattle បាន​ទៅ​មន្ទី​ពេទ្យ​ដោយផ្ទាល់​។ បើតាម​អាជ្ញាធរ​សុខ​ភិ​បាល​អាមេរិក បុរស​រូបនេះ កំពុងស្នាក់នៅ​មន្ទី​ពេទ្យ និង​ត្រូវគេ​ពិនិត្យ​ព្យាបាល​យ៉ាង​ល្អ​បំផុត​។ 
 
​ចំណែក​នៅក្នុង​ទឹកដី​តៃវ៉ាន់​ឯណោះ​វិញ ស្ត្រី​វ័យ​៥០​ឆ្នាំ ក៏​ត្រូវបាន​រាយការណ៍​ថា ឆ្លង​វីរុស​ថ្មី​នេះដែរ បន្ទាប់ពី​ត្រលប់​មកពី​ទីក្រុង​វូ​ហាន​វិញ​នា​ថ្ងៃទី​២០ ខែមករា​។ ស្ត្រី​រូបនេះ ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ បន្ទាប់ពី​មកដល់​អាកាសយានដ្ឋាន នៅពេល​ក្រុម​ត្រួតពិនិត្យ​មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​តៃវ៉ាន់ បាន​រកឃើញថា លោកស្រី​មាន​រោគសញ្ញា គ្រុនក្តៅ និង​ក្អក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ក្រៅពី​អាមេរិក និង​តៃវ៉ាន់ នៅក្នុង​ប្រទេស​ហ្វីលីពីន​វិញ អាជ្ញាធរ​សុខាភិបាល​ក៏បាន​សង្ស័យថា មាន​អ្នកជំងឺ​ផ្ទុក​វីរុសពូ​ជ​កូ​រ៉ូ​ណាវី​រុស​នេះដែរ​។ ក្មេង​ម្នាក់​អាយុ​៥​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​ពី​ក្រុង​វូ​ហាន ទៅដល់​ហ្វីលីពីន​នា​ថ្ងៃទី​១២ មករា ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ផ្ទុក​វីរុស​មួយ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន មិនទាន់​ច្បាស់​នៅឡើយ​ទេ ថា​តើ​វា​ជា​វីរុស​ដែល​ដូចគ្នា​ទៅនឹង​វីរុស​អម្បូរ​កូ​រ៉ូ​ណា​វីរុស​ឬក៏​អត់​។ គំរូ​នៃ​ការធ្វើ​រោគវិនិច្ឆ័យ ត្រូវបាន​បញ្ជូនទៅ​អូស្ត្រាលី ដើម្បី​ពិនិត្យមើល​សិន ទើប​អាច​ដឹងបាន​។ 
 
​ដើម្បី​ទប់ស្កាត់​វីរុស​ប្រទេស​ថ្មី​នេះ អាជ្ញាធរ​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា​ថៃ ចិន ហុងកុង បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់ និង​ឃ្លាំមើល​អ្នកដំណើរ​ដែលមាន​ផ្ទុក​វីរុស​ថ្មី​នេះ​។ ជាក់ស្តែង​អាជ្ញាធរ​ថៃ បានដាក់​ឧបករណ៍​ស្កេ​ន​មើល​វីរុស នៅតាម​អាកាសយានដ្ឋាន​សំខាន់ៗ​មួយចំនួន​ដូចជា ទីក្រុង​បាងកក ឈៀង​ម៉ៃ ភូ​កេ​ត និង​ក្រា​ប៊ី​(Krabi) ជាដើម​។ 
 
​សម្រាប់​ចិន អាជ្ញាធរ​បានដាក់​ឧបករណ៍​ពិនិត្យ​ជំងឺ​ផ្តាសាយ គ្រុនក្តៅ នៅតាម​អាកាសយានដ្ឋាន ចំណត​រថភ្លើង និង​ឡានក្រុង​ជាដើម​។ រីឯ​ហុងកុង បានដាក់​ឧបករណ៍​ស្កេ​ន​មើល​វីរុស​ផងដែរ នៅ​អាកាសយានដ្ឋាន​របស់ខ្លួន​។ បុគ្គលិក​បម្រើការ​លើ​យន្តហោះ​របស់​អាកាសចរ​ណ៍ Cathay Pacific វិញ ក៏​ទាមទារ​ពាក់​ម៉ាស់​ការពារ​ខ្លួន​អំឡុងពេល​ហោះហើរ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា វីរុស​ថ្មីពូ​ជ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ម្យ៉ាង​ស្រដៀង SARS ត្រូវបាន​គេ​រាយការណ៍​ថា អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុ​ស្សបាន​។ ចំណែក​រោគសញ្ញា​នៃ​អ្នកមាន​ផ្ទុក​វីរុស​នេះ គឺមាន​ដូចជា​រោគសញ្ញា​ផ្លូវដង្ហើម គ្រុនក្ដៅ ក្អក ដង្ហើម​ខ្លី​និង​ពិបាក​ដកដង្ហើម​។ បើ​ករណី​ធ្ងន់ធ្ងរ វីរុស​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​សួត ជំងឺ​សាសន៍ ជំងឺ​ខ្សោយតម្រងនោម និង​រហូតដល់​ស្លាប់​ក៏មាន ៕

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com