ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់មេទ័ពសិង្ហបុរី ថា ការប្រើកម្លាំងទ័ពមិនអាចដោះស្រាយបញ្ហាទេ គឺមានតែការចរចា
× ភ្នំពេញ៖ ការប្រើកម្លាំងយោធា ពុំអាចដោះស្រាយបញ្ហានោះទេ គឺមានតែការចរចា ទើបមានការអភិវឌ្ឍ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរី កាលពីថ្ងៃទី២១ មករា។
ថ្លែងក្នុងជំនួបពិភាក្សាគ្នានេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយប្រាប់មេទ័ពសិង្ហបុរីថា សម្ដេចពុំមានការជឿជាក់លើការប្រើកម្លាំងដោះស្រាយបញ្ហាបានទេ តែផ្ទុយទៅវិញការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។ សម្ដេច ហ៊ុន សែន និយាយបែបនេះ ស្របពេលដែលមេទ័ពសិង្ហបុរី និយាយពីរឿងសន្តិភាព។
ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានរម្លឹកពីការបញ្ចៀសការប្រើកម្លាំង មកការអភិវឌ្ឍវិញ ប្រាប់លោក Goh Si Hou យ៉ាងដូច្នេះថា៖«កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំប្រទល់កម្ពុជាជាមួយនឹងប្រទេសជិតខាងអាចក្លាយជាព្រំប្រទល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើសពីនោះទៅទៀតគឺការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអន្តរាយ និងការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិជាដើម។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរី ក៏បានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ ថ្លែងប្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Goh Si Hou បានប្ដេជ្ញាសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ រួមទាំងអាស៊ានផងដែរ។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជំរុញឱ្យកងទ័ពទាំងពីរ ចែករំលែកបទពិសោធន៍រវាងគ្នា ទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាជាដើម។ « នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕
Tag:
ហ៊ុន សែន
យោធា
នយោបាយ
កាទូត
© រក្សាសិទ្ធិដោយ thmeythmey.com