អន្តរជាតិ
សវនាការ​លោក ត្រាំ នៅ​ព្រឹទ្ធសភា បើក​ដំណើរការ​ដោយ​ប៉ះទង្គិច​រឿង​ហៅ​សាក្សី​
22, Jan 2020 , 12:09 pm        
រូបភាព
ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ការជំនុំជម្រះ​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ឈានដល់​ការដកហូត​តំណែង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បើក​ដំណើរការ កាលពី​រសៀល​ថ្ងៃ​អង្គារ ២១ ខែមករា ខណៈ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​សមាជិក​បក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​ទាំង​កំហឹង​ថា ព្យាយាម​បិទបាំង​សំណុំរឿង​លោក​ត្រាំ ដោយ​រារាំង​ការកោះហៅ​សាក្សី​សំខាន់ ឬ​បង្ហាញ​ភស្តុតាង​ថ្មី​បន្ថែម​។

 
​ខណៈ​មេដឹកនាំ​អាមេរិក​ប្រឈម​នឹង​បណ្ដេញ​ពី​តំណែង​សម្រាប់​ការបំពាន​អំណាច សម្ព័ន្ធមិត្ត​របស់លោក គឺ​លោក Mitch McConnell ដែលជា​ប្រធាន​មតិ​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា បាន​ដាក់ចេញ​នីតិវិធី​ដែល​នឹង​រារាំង​ការកោះហៅ​សាក្សី​សំខាន់ ឬ​បង្ហាញ​ឯកសារ​។ 
 
​ដោយមាន​សំឡេង​បក្ស​សាធារណរដ្ឋ ៥៣​ទល់នឹង​បក្ស​ប្រជាធិបតេយ្យ​៤៧  លោក McConnell ក៏បាន​បញ្ជាក់​ច្បាស់​ដែរ​ថា លោក​នឹងរាំងខ្ទប់​រាល់​ការប៉ុនប៉ង​ពី​សំណាក់​បក្ស​ប្រជាធិបតេយ្យ​ក្នុងការ​កែប្រែ​នីតិវិធី​ដែល​លោក​បាន​ដាក់ចេញ​នេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​និយាយ​ដូច្នេះ​ថា​៖ «​រចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ដែល​យើង​កំពុង​ដាក់​ស្នើ​នេះ​គឺមាន​លក្ខណៈ​យុត្តិធម៌ និង​ស្មើភាព​»​។ 
 
​ដោយ​គាំទ្រ​ពី​សំណាក់​មេធាវី​របស់​ប្រធានាធិបតី លោក McConnell ដំបូង​ឡើយ​មានបំណង​កាត់បន្ថយ​ពេលវេលា​លើក​អំ​ណេះ​អំ​ណា​ង​ពី ៣ ថ្ងៃ មកកាន់ ២ ថ្ងៃ ។ ក៏ប៉ុន្តែ ក្រោយ​ជំនួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា រួមមាន​ខ្លះ​ជា​សមាជិក​បក្ស​សាធារណរដ្ឋ​ផង​នោះ លោក ក៏បាន​យល់ព្រម​សម្រេច​ប្រើពេល​៣​ថ្ងៃ​សម្រាប់​លើក​អំ​ណេះ​អំ​ណា​ង​ពី​សំណាក់​ភាគី​ទាំងសងខាង ដូច្នេះ​គឺ​ប្រើ​រយៈពេល ៦​ថ្ងៃ​ជាប់ៗ​គ្នា​។ មែនទែនទៅ កាលបរិច្ឆេទ​ដំបូង​ឡើយ​គឺ ប្រើពេល ១២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ដើម្បី​លើក​អំ​ណេះ​អំ​ណា​ង​។​
 
​លោក Adam Schiff ប្រធាន​ក្រុម​អ្នកចាត់ការ​ទទួលបន្ទុក​កាត់ទោស​លោក ត្រាំ នៃ​សភា​តំណាង​អាមេរិក បាន​រិះគន់​លើ​សំណើ​នីតិវិធី​នេះ ដោយ​ចាត់ទុកថា មិន​សម​ហេតុផល សម្រាប់​សវនាការ​នេះឡើយ​។ លោក សង្កត់ធ្ងន់ថា វា​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​ថា ភស្តុតាង ឬ​សាក្សី​ដែល​ប្រឆាំង​លោក​ត្រាំ នឹងមិន​ត្រូវបាន​លើក​យកមក​ពិភាក្សា​ក្នុងការ​ជំនុំជម្រះ​នេះឡើយ​។ 
 
​នីតិវិធី​របស់លោក McConnell មាន​គោលដៅ​ធ្វើ​ឲ្យ​សំណុំ​រឿងនេះ​ដំណើរការ​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​បិទបាំង​ទង្វើ​ឆ្គាំឆ្គង​របស់លោក​។ លោក Schiff លើកឡើង​បែបនេះ​ដោយ​បន្ថែមថា នេះ​ជា​ការដើរថយក្រោយ​ទាំងស្រុង​តែម្តង ដោយ​បើក​ការជំនុំជម្រះ​មុននឹង​បង្ហាញ​ភស្តុតាង​។ លោក​បន្តថា «​ប្រជាជន​អាមេរិក​ភាគច្រើន មិន​ជឿថា នេះ​គឺជា​សវនាការ​យុត្តិធម៌​មួយ​នោះឡើយ​»​។ 
 
​បក្ស​ប្រជាធិបតេយ្យ ចង់​ស្តាប់​ការឆ្លើយបំភ្លឺ​ពី​ទីប្រឹក្សា​ផ្ទាល់​បច្ចុប្បន្ន ក៏ដូចជា​អតីត​ទីប្រឹក្សា​ចំនួន​៤​របស់លោក ត្រាំ រួមមាន ប្រធាន​ខុទ្ទកាល័យ​សេត​វិមាន​អាមេរិក​លោក Mick Mulvaney និង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក John Bolton ជាដើម​។ អំឡុង​ការស៊ើបអង្កេត​ក្នុង​សភា​តំណាង លោ ត្រាំ បានលើកឡើង​ពី​អភ័យឯកសិទ្ធិ​ផ្តាច់មុខ និង​បាន​រារាំង​ការឆ្លើយបំភ្លឺ ក៏ដូចជា​បញ្ចេញ​ឯកសារ​ស្នើសុំ​ដោយ​សភា​ផងដែរ​។ 
 
​លោក ត្រាំ ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​កាលពី​ថ្ងៃ ១៨ ធ្នូ ឆ្នាំ​២០១៩ ដោយ​សភា​តំណាង ហើយ​បាន​លើក​សំណុំ​រឿងនេះ​មក​កាត់ក្តី​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន ក្រោម​បទ​ចោទ​ចំនួន​២​។ ការចោទប្រកាន់​ទី​១​គឺ លោក ត្រាំ បាន​អនុវត្ត​អំណាច​ប្រធានាធិបតី​ដើម្បី​បាន​ផលចំណេញ​ផ្ទាល់ខ្លួន ខណៈ​មិន​ខ្វាយខ្វល់ ឬ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ដោយ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ឲ្យ​ជ្រៀតជ្រែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​២០២០​។ ការចោទប្រកាន់​ទី​២​គឺ នៅពេល​ត្រូវបាន​ចាប់កំហុស​បាន​, នៅពេល​សភា​តំណាង​បាន​បើក​ការស៊ើបអង្កេត និង​ស៊ើបសួរ​ក្នុង​នីតិវិធី​ដកតំណែង​ប្រធានាធិបតី​នោះ លោក ត្រាំ បាន​ព្យាយាម​រារាំង​ដំណើរការ​របស់​សភា​នេះ​។​
 
​នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​ប្រធានាធិបតី​អាមេរិក បាន​ឆ្លងកាត់​ការជំនុំជម្រះ​ឈានដល់​ដកហូត​តំណែង​ប្រធានាធិបតី បន្ទាប់ពី Bill Clinton ក្នុង​ឆ្នាំ ១៩៩៩ និង Andrew Johnson ក្នុង​ឆ្នាំ ១៨៦៨​។ ដូច​អ្នក​មុន​លោក​ទាំងពីរ​នេះដែរ លោក ដូ​ណា​ល់ ត្រាំ មើលទៅ​ស្ទើរតែ​ច្បាស់លាស់​ថា នឹង​សម្រេច​ឲ្យ​រួចខ្លួន​ពី​ការចោទប្រកាន់​ដោយ​សំឡេង​ភាគច្រើន​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​ក្នុង​សវនាការ ដែល​អាចមាន​ពេល​តិចជាង​២​សប្ដាហ៍​។ 
 
​ពី​ទីក្រុង Davos នៃ​ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក លោក​ប្រធានាធិបតី បាន​បន្ត​ចាត់ទុក​ការ​ការចោទប្រកាន់​ឈានដល់​ដកហូត​តំណែង​លោក​នេះ​ថា ជា​ការបោក​បញ្ឆោត គ្មាន​ខ្លឹមសារ​៕

Tag:
 សហរដ្ឋអាមេរិក​
  ព្រឹទ្ធសភា​
  ដូ​ណា​ល់ ត្រាំ​
  impeachment
  សវនាការ​
© រក្សាសិទ្ធិដោយ thmeythmey.com