ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ គ្រោងពិន័យអ្នកបើកបរខុសច្បាប់ញឹកញយ ដោយដកសិទ្ធិបើកបរ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង គ្រោងដាក់ចេញវិធានការថ្មី ដោយដកសិទ្ធិបើកបររបស់អ្នកដែលប្រព្រឹត្តខុសច្បាប់ចរាចរណ៍ញឹកញយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ។
សម្ដេច ស ខេង បានពិនិត្យឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងកើនឡើង ដល់ចំណុចប្រកាសអាសន្នហើយ ដែលត្រូវការរឹតបន្តឹងច្បាប់ឱ្យបានហ្មត់ចត់ នៅឆ្នាំ២០២០នេះ។ រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ ក៏បានបញ្ជាឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តវិធានការទប់ស្កាត់ និងបង្ការកុំឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង កាន់តែធ្ងន់ធ្ងរថែមទៀត។
និយាយពីរឿងវិធានការទប់ស្កាត់នេះ សម្ដេច ស ខេង ក៏បានលើកពីការពិន័យអ្នកបើកបរខុសច្បាប់ច្រើនដង តាមរយៈការដកសិទ្ធិបើកបរ ឬបញ្ឈប់សកម្មភាពបើកបររបស់ពួកគេតែម្ដង។
ថ្លែងបែបនេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២០ មករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖« ឧបមាការផាកពិន័យ ឬដាក់ឱ្យម៉ាត់(ធ្វើឱ្យប្រាកដ)តែម្ដង គឺ(ធ្វើខុសច្បាប់ចរាចរណ៍) លើកទី១ ចោះបណ្ណបើកបរ (ដើម្បីឱ្យចំណាំថា បុគ្គលម្នាក់ហ្នឹង ធ្លាប់ប្រព្រឹត្តខុសច្បាប់ម្ដងហើយ)។ លើកទី២ ចោះបណ្ណបើកបរ ហើយលើកទី៣ មិនបាច់ចោះទៀតទេ រឺបអូសយកតែម្ដង ។បានន័យថា អ្នកហ្នឹង លែងមានសិទ្ធិបើកបរ(កំណត់)ក្នុងរយៈពេលប៉ុន្មានឆ្នាំ លែងមានសិទ្ធិបើកបរទៀត ចុះក្នុងបញ្ជីខ្មៅតែម្ដង ទាំងការបើកលឿនក៏ដោយ បើកបរស្រវឹងក៏ដោយ (ប្រើប្រាស់)គ្រឿងញៀនក៏ដោយ។ ហើយបើ(ប្រើប្រាស់)គ្រឿងញៀន គឺថា មិនឱ្យបើកបរមួយជីវិតតែម្ដង ព្រោះគ្រឿងញៀនវាមិនងាយជា(បន្សាបបាន)»។
ក្រៅពីគ្រោងដាក់ចេញវិធានការនេះ សម្ដេច ស ខេង ក៏ចង់ឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម សហគ្រាស ដែលទទួលយកអ្នកបើកបររថយន្ត ផ្ទុកសារធាតុញៀន និងប្រើប្រាស់គ្រឿងញៀន បំពេញការងារនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ នៅពេលដែលអ្នកបើកបរខ្លួន បង្កគ្រោះថ្នាក់ចរាចរណ៍ ឬបើកបរខុសច្បាប់។
«ក្រុមហ៊ុន តែកាលណាយកអ្នក(ប្រើប្រាស់គ្រឿងញៀន)ហ្នឹង មកបើកបរ គឺក្រុមហ៊ុនត្រូវមានបន្ទុកទទួលខុសត្រូវ។ ត្រូវសិក្សាចំណុចហ្នឹងទៀត»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ដែលបានស្នើឱ្យម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រួតពិនិត្យ និងតាមដានរកសារធាតុញៀន លើបុគ្គលិកបើកបរខ្លួន ដើម្បីបញ្ចៀសការប្រឈមមុខនឹងច្បាប់ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com