ជាតិ
បទវិភាគ
អភិបាល​ដែនដី ដែល​ពលរដ្ឋ​ត្រូវការ ដែល​បក្ស​ត្រូវការ​!
23, Jan 2020 , 7:19 pm        
រូបភាព
រូបពីគេហទំព័រគណបក្សប្រជាជនកម្ពុជា
រូបពីគេហទំព័រគណបក្សប្រជាជនកម្ពុជា
​ដោយ​៖ ហេង ពិចិត្រ 
​កន្លែង​ដែល​ស៊ី​បាន និង​កន្លែង​ដែល​ស៊ី​មិនបាន​។ មិន​ត្រឹមតែ​ស៊ី​មិនបាន​នោះទេ តែ​ត្រូវការពារ​ទៀត​។ បើ​និយាយថា​កន្លែង​ដែល​អាច​ស៊ី​បាន ប្រាកដជា​សាធារណជន​មួយចំនួនធំ ទទួលយក​មិនបាន​ឡើយ ពោលគឺ​អភិបាល ទទួល​ត្រឹមតែ​ប្រាក់ខែ​បាន​ហើយ គ្មាន​លុយ​ក្រៅពីនេះទៀត​ទេ​។ បើ​បាន​អ៊ីចឹង​មែន គឺ​ល្អ​ហើយ តែ​ជាក់ស្ដែង​ទំនងជា​មិន​ដូច្នេះ​ទេ​។  អភិបាល​នៅទីនេះ សំដៅ​អភិបាលស្រុក​-​ខណ្ឌ អភិបាល​រាជធានី​-​ខេត្ត​។​


 
​ឥឡូវ​និយាយ​រឿង​កន្លែង​ដែល​ស៊ី​បាន​។ ឧបមា​ថា អភិបាលខេត្ត​ទទួលផល​ប្រយោជន៍​ក្នុង​រូបភាព​ណាមួយ​ពី​អាជីវកម្ម​សណ្ឋាគារ ក្នុង​ខេត្ត​ដែល​ខ្លួន​គ្រប់គ្រង​។ ការ​ស៊ី​នេះ​គឺ​ត្រជាក់​។ និយាយ​ត្រូវតែ​ជាមួយ​ម្ចាស់​សណ្ឋាគារ ក៏ដូចជា​អាជីវកម្ម​ធំៗ​ដ៏ទៃទៀត នោះ​ស៊ី​បាន​ហើយ មិន​រំខាន​ទៅខាង​ក្រៅ​នោះទេ គ្មាន​រឿង​ទំនាស់​លេចលឺ​ទៅខាង​ក្រៅ ដូច​រឿងរ៉ាវ​ដីធ្លី​ជាមួយ​ពលរដ្ឋ​នោះទេ​។  សួរថា​ថ្នាក់លើ​ដឹង​ទេ​? ចម្លើយ​គឺអាច​ដឹង តែបើ​ស៊ី​បែបនេះ ថ្នាក់លើ​ទំនង​មិន​ថា​អី​នោះទេ ព្រោះ​ថ្នាក់លើ​ក៏​ប្រហែលជា​ចូលចិត្ត​ស្ដាយ​បែបនេះ​ដែរ ជំនួញ​ឥ​ន្ធិ​ពល ហ៊ុន​ខ្យល់​ជាដើម​។ រឿង​បែបនេះ​គេ​មិន​និយាយ​ជា​សាធារណ​ទេ តែ​គេ​ដឹង​គ្នា​ច្បាស់​ណាស់ ថ្នាក់លើ​ថ្នាក់ក្រោម​គេ​ដឹង​គ្នា​។ ប្រទេស​ខ្លះ​ក៏​បែប​នេះដែរ ដែល​អ្នកមានអំណាច ទទួលផល​ប្រយោជន៍​ផ្ទាល់ខ្លួន ពីមុខ​ជំនួញ​ដែល​ដំណើរការ​ក្នុង​ទឹកដី​ខ្លួន​មើល​ការខុសត្រូវ​។ មិនមែន​គាំទ្រ​ឲ្យ​ស៊ី​បែប​ហ្នឹង​ទេ តែបើ​ស៊ី​អ៊ីចឹង​ដូច​មិនទាន់​ជា​ចាត់ទុកថា​អាក្រក់​អី​ពេក​ទេ​។ 
 
​ឥលូវ​ងាក​មក​និយាយ​រឿង​កន្លែង​ស៊ី​មិនបាន ហើយ​ដែល​ចាត់ទុកថា​អាក្រក់​។ រឿង​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​(​ជាអាទិ៍​ដីធ្លី​),  ស​ញ្ញ៉េ​លើ​គម្រោង​នានា​ឲ្យ​តែ​បាន​លុយ​មិន​គិត​ផលប៉ះពាល់​, ខុប​ឃិត​បំផ្លាញ​ធនធានធម្មជាតិ​រ៉ែ​ព្រៃឈើ ។​ល​។ រឿង​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ និង​សម្បត្តិ​ជាតិ មិន​ត្រឹមតែ​ស៊ី​មិនបាន​នោះទេ តែ​ត្រូវការពារ​ទៀត​។ បើ​ធ្វើ​មិនបាន គួរ​សួរ​ខ្លួនឯង​ថា​៖«​អញ​ឡើងមក​ធ្វើ​អភិបាល​ក្នុង​ទឹកដី​នេះ​ធ្វើ​អី បើ​មិនបាន​ការពារ​ផលប្រយោជន៍​សុខ​ទុក​ប្រជាពលរដ្ឋ ផលប្រយោជន៍​នៃ​ធនធាន​របស់​ជាតិ​ក្នុង​ទឹកដី​នេះ​?
 
​បើ​អភិបាល​ជា​អ្នក​បំផ្លាញ ឬ​អ្នកចូលរួម​បំផ្លាញ​ដដែល មិនចាំបាច់​ហៅថា​អភិបាល​ទេ ព្រោះថា​អភិបាល​គឺជា​អ្នកគ្រប់គ្រង​ថែរក្សា​ទឹកដី​នោះ​ហើយ​។ អភិបាល​ដូចនេះ ប្រជាពលរដ្ឋ​មិនត្រូវ​ការ ហើយ​បក្ស​ក៏​មិនត្រូវ​ការ​ដែរ​។ ជាម​នុស្ស ទម្ងន់​ដល់​បក្ស​។  មើលទៅ​ដូចជា​ខិតខំ​ណាស់ដែរ ការងារ​ក្នុង​បក្ស​របស់ខ្លួន តែ​ដល់​ទៅ​មើល​ឲ្យ​សព្វ​ទៅ​ដូច​គ្រាន់តែ​យក​បក្ស​មក​តោង​ឡើង​យក​តំណែង​តួនាទី​ក្នុង​ការងារ​រដ្ឋ ហើយ​ស្រវា​ផលប្រយោជន៍ ដែលជា​ផលប្រយោជន៍​មិនគួរ​នឹងធ្វើ​ទាល់តែសោះ​។ 
 
​ចុះ​អភិបាល​ដែល​អាច​ទទួលយកបាន បែប​ម៉េច​ទៅ​?
 
​ការពារ​សន្តិសុខ សណ្ដាប់ ស្ថិរភាព​។ បើ​អភិបាល​ចូលរួម​រំខាន ឬ​អសកម្ម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌ ក្ដី​សុខ​ក្នុងសង្គម នោះ​ការនិយាយ​រឿង​សន្តិភាព ហាក់​មិន​ស្រស់បស់​នោះឡើយ  ព្រោះ​អី​សន្តិភាព គ្រាន់តែ​ជា​រូបភាព​ធំ​មួយ តែ​រូបភាព​តូចៗ ដូចជា យុ​តិ្ត​ធម៌ សន្តិសុខ និង​ក្ដី​សុខ​ផ្សេងៗ​ទៀត ត្រូវបាន​រំខាន​។ បើ​មាន គ្រឿងញៀន ឲ្យ​រញ៉ី ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ម្ដេច​មិន​សួរ​ខ្លួនឯង​ថា​«​អញ​មកកាន់​តួនាទី​នៅទីនេះ ម្ដេច​ឲ្យ​រឿង​ទាំងនេះ​កើត​ក្នុង​ទឹកដី​អញ​គ្រប់គ្រង យ៉ាង​គឃ្លើន​បែបនេះ​?«​។ ដូចនេះ វា​ជា​ការងារ​ចាំបាច់​របស់​អភិបាល​ដែល​ត្រូវ​សកម្ម​មើល​ការខុសត្រូវ​ផ្នែក​សណ្ដាប់ធ្នាប់ សន្តិសុខ ជូន​ប្រជាពលរដ្ឋ​។ 
 
​តែ​ក្នុង​បរិបទ​សព្វថ្ងៃ ត្រឹមតែ​ការពារ មិនទាន់​គ្រប់គ្រាន់​នោះទេ សម្រាប់​តួនាទី​អភិបាល​។ សង្គម​ចេះតែ​វិវឌ្ឍន៍ មិន​ថា​សង្គម​ខ្មែរ ឬ​នៅ​ពិភព​ខាងក្រៅ​។ ដូចនេះ​អភិបាល ត្រូវ​ចេះ​ច្នៃ​ប្រឌិដ្ឋ គិតគូរ​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​។ មិន​ត្រឹមតែ​មើលទៅ​ខេត្ត​ដទៃ ស្រុក​ដទៃ ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​មើល​ដល់​ប្រទេស​ផ្សេងៗ សិក្សា​រៀនសូត្រ​ពី​គេ ដូចជា​ផ្នែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ជីវភាព​ប្រជាជន និង​ការផ្ដល់​សេវាសាធារណៈ​ផ្សេងៗ​។ 
 
​ខេត្ត​នីមួយៗ​សុទ្ធ​តែមាន​សក្ដានុពល​រៀងៗ​ខ្លួន មិន​ថា​ខេត្ត​តូច ខេត្ត​ធំ ជាអាទិ៍ ទេសចរណ៍ កសិកម្ម​។ ព្យាយាម​ទាក់ទាញ​ការវិនិយោគ​ទាំង​តូច​ទាំង​ធំ ជំរុញ​ប្រជាពលរដ្ឋ​ផលិត កែច្នៃ​លក់​ចេញ​។ អភិបាល​ត្រូវ​រៀបចំ​តំបន់​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​ទាក់ទាញ​។ កន្លែង​មួយចំនួន ដូច​គ្មាន​ការគិតគូរ​បន្ថែម​សោះ គឺ​មានតែ​ធម្មជាតិ​ដែល​កើត​នៅ​ទីនោះ​ស្រាប់ (​ឧទាហរណ៍​ទឹកធ្លាក់​) និង​មាន​ផ្លូវ​ចូល​តែ​ប៉ុ​ណ្នឹ​ង​។ កន្លែង​មួយចំនួន​ផ្លូវ​ចូល​នៅមាន​ផ្លូវ​ដីក្រហម ផ្លូវ​ហុយ គ្មាន​ការដាំ​ដើមឈើ​អី​ជាដើម ដើម្បី​ឲ្យ​គេ​ទៅដល់​តំបន់​នោះ​មាន​អារម្មណ៍​ត្រជាក់ចិត្ត​តែម្ដង ថា​នេះ​ពិតជា​កន្លែង​ទេសចរណ៍​មែន មិនមែន​យូរ​ទៅ​ខ្សត់​ភ្ញៀវ​ទៅៗ​។ 
 
​នៅ​និយាយ​រឿង​ខ្វះ​ការគិតគូរ​រៀបចំ​នេះ​ដដែល គឺ​រឿង​ផ្លូវ​។ នៅ​មូលដ្ឋាន​ខ្លះ ផ្លូវ​ចាប់ផ្ដើម​ស្ថាបនា​ជា​ផ្លូវ​បេតុង​ជា​បណ្ដើរៗ​។ បើ​ពីមុន​ជា​ផ្លូវលំ​ដី​ហុយ​មិន​ថា​ទេ តែ​នេះ​ផ្លូវ​បេតុង​ទៅហើយ​។ នៅ​ខណ្ឌ​ខ្លះ​មាន​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង​អ៊ីចឹង​មែន តែ​នៅលើ​ផ្លូវ​អត់​ល្អមើល គ្មាន​ផាសុកភាព​នោះទេ​។ ធូលី​ដី​នៅលើ​ផ្លូវ​សម្បើម​ណាស់ នៅ​ហុយ​ណាស់​។ ចុះបើ​ជួល​កម្មករ និង​មាន​ឧបករណ៍ រួច​សម្អាត​ជាប្រចាំ​ទៅ ដូច​មិន​ចំណាយ​អី​ធំដុំ​ទេ ហើយ​ផ្ដល់​ការងារ​ធ្វើ​ទៀត​។ ការងារ​នេះ​ដូច​មិនចាំបាច់​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី​គិតគូរ​ឲ្យ ឬ​បញ្ជា​នោះទេ​។ រឿង​តូច​តែ​ឆ្លុះបញ្ចាំង​ពី​ការដឹកនាំ​របស់​អភិបាល​។​
 
​ការរៀបរាប់​ខាងលើ​គ្រាន់តែ​លើក​ជា​ឧទាហរណ៍​ខ្លះៗ​ប៉ុណ្ណោះ មិនអាច​រៀបរាប់​អស់​ទេ​។ តែ​យ៉ាងណា បើ​អភិបាល​ដែល​កំពុងកាន់​ការងារ​សព្វថ្ងៃ គិតគូរ​ឃើញ​បញ្ហា​ផ្សេងៗ​ពី​នោះ ឃើញ​ដំណោះស្រាយ​ណា​ល្អៗ ក៏​ធ្វើ​ទៅតាម​នោះ​ទៅ សំខាន់​ឲ្យ​តែ​ជា​អភិបាល​ដែល​ខ្នះខ្នែង មាន​ទំនួល​ខុសត្រូវ និង​ចេះ​អៀនខ្មាស ក្នុងនាម​ខ្លួន​ជា​អ្នកគ្រប់គ្រង​ថែរក្សា​ទឹកដី​មួយរូប​។ 
 
​ពិបាក​វែកញែក​បន្តិច រវាង​អភិបាល​ខ្នះខ្នែង​-​មាន​សមត្ថភាព​ធ្វើការ និង​អភិបាល​ដែល​ទន់ខ្សោយ​។ មើលទៅ​ដូច​សុទ្ធតែ​អ្នកធ្វើ​ទាំងអស់គ្នា​។ ពិបាក​ជាង​ការវាយតម្លៃ​ទៅលើ​ក្រសួង​ទៅទៀត​។ តែ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ដែនដី​នោះ​ស្រាប់ ទំនងជា​ដឹង​ពី​ការដឹក​នាំនៅ​ទីនោះ​យ៉ាងម៉េច អី​យ៉ាងណា គឺ​ដឹង​ជាង​ថ្នាក់ដឹកនាំ​ខាងលើ​។  បើ​លោក​ឧទាហរណ៍​រឿង​សោភ័ណភាព​ក្នុង​ដែនដី​វិញ ថ្នាក់លើ​វាយតម្លៃ​ថ្នាក់ក្រោម គឺ​ពិបាក​ហើយ ព្រោះ​ពេល​ពួកគាត់​ចុះមក​សម្ពោធ​សមិទ្ធផល​ម្ដងៗ គេ​រៀបចំ​យ៉ាង​ស្អាត​ភ្លឹងៗ​តាំងពី​ផ្លូវ​ស្អី​ផ្សេងៗ ហើយ​បើ​កន្លែង​ហ្នឹង​មាន​គេហដ្ឋាន​ថ្នាក់ដឹកនាំ​ស្នាក់នៅ ក៏​ទី​នោះគេ​ធ្វើ​ឲ្យ​ស្អាត​ផងដែរ​។ រឿង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ចង់​វាយតម្លៃ​អភិបាល គឺថា​ពិបាក​ក៏​ថា​បាន ធ្វើ​យ៉ាងម៉េច​អាច​មើល​គ្រប់​ជ្រុងជ្រោយ​ទូទាំងប្រទេស​នោះ​។ រឿងនេះ​មានតែ​ធ្វើតាម​ឋានានុក្រម​។ «​ខ្ញុំ​ជ្រើសតាំង​អ្នកឯង អ្នកឯង​ត្រូវ​ជួយ​មើល​ការខុសត្រូវ​ជំនួស​ខ្ញុំ​ត្រឹម​ដែន​សមត្ថកិច្ច​ដែល​ប្រគល់​ឲ្យ បើ​ធ្វើ​មិនបាន​ត្រូវ​ទទួលខុសត្រូវ ឬមួយ​ខ្ញុំ​រើស​អ្នកផ្សេង​ដែល​ល្អ​ជាង​អ្នក មក​ជំនួស​តំណែង​នេះ​»​។ អ៊ីចឹង​អ្នកនោះ​ត្រូវ​ជួយ​មើល​អ្នក​ផ្សេងទៀត​នៅក្នុង​ឋា​នុ​ក្រម​ក្រោម​ខ្លួន​បន្តទៀត​។ ចៀសវាង​យ៉ាងណា​ដូច​ពាក្យ​ថា​«​ឲ្យ​តែ​គេច​ផុតពី​ភ្នែក​ថ្នាក់លើ​ទៅ ធ្វើ​អី​ក៏បាន​ដែរ​»​។ អភិបាល​បែបនេះ មិនល្អ​ឡើយ​។ 
 
​បើ​និយាយ​ទៅ ថ្នាក់លើ​ចង់ដឹង​ពី​អភិបាល​ណា​ម្នាក់​ក៏​មិន​ពិបាក​អី​ពេក​ដែរ​។ រឿង​អី​មិនដឹង ថា​អ្នកនោះ​ជា​អ្នក​ខ្វល់ខ្វាយ ឬ​មិន​ខ្វល់ខ្វាយ​ពី​ដែនដី​របស់ខ្លួន ជា​អ្នកខ្នះខ្នែង ឬ​មិន​ខ្វះ​ខ្នែង មាន​សមត្ថភាព ឬ​គ្មាន​។ ថ្នាក់ដឹកនាំ​មួយរូបៗ សុទ្ធតែ​មានបទពិសោធន៍​ការងារ និង​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជា​មូ​យម​នុស្ស មិនចេះ​តិច​ឆ្នាំ​ទេ​។ សំខាន់​ឲ្យ​តែ​កុំ​វាយតម្លៃ​តាម​អារម្មណ៍ គេ​យកចិត្ត គេ​ផ្គាប់ផ្គុន ទោះ​បាន​ហើយ​។ កាន់តែ​ផ្គាប់ផ្គុន កាន់តែ​ប្រឹង​សម្ដែង ក៏​កាន់តែដឹង​ទៅទៀត ថា​អ្នកនោះ​យ៉ាងម៉េច បើ​អ្នកធ្វើការ​អស់ពី​ចិត្ត​ពី​ថ្លើម​មែន មិនសូវ​ចេះ​ទេ​អា​រឿង​ហ្នឹង​។​
 
​ជាការ​កត់សម្គាល់​មួយ គឺ​សព្វថ្ងៃនេះ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឬ​ថ្នាក់​កំពូល និង​ប្រជាពលរដ្ឋ កាន់តែ​ខិតជិត​គ្នា កាន់តែដឹង​ពីគ្នា តាមរយៈ​ប្រពន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បណ្ដា​ណ​សង្គម​។ បែបនេះ​នឹង​កាន់តែ​រុញច្រាន​ឲ្យ​អភិបាល​ខិតខំ​ធ្វើការ​អភិវឌ្ឍ និង​ហ៊ាន​ប្រព្រឹត្តទៅ​ទង្វើ​បំផ្លាញ​។ តែ​អភិបាល​ដែល​ខិតខំ​ធ្វើ​ដោយ​ចេញពី​ចិត្ត​របស់ខ្លួន គឺ​ល្អ​ណាស់ មិន​ដូច​អភិបាល​ដែល​ធ្វើ​ដើម្បី​ផ្គាប់ចិត្ត​ថ្នាក់លើ ធ្វើ​ដោយសារ​ខ្លាច​ភ្នែក​ថ្នាក់លើ ធ្វើ​ដោយសារ​ខ្លាច​ពលរដ្ឋ​រាយការណ៍​។​
 
​សរុបមក គឺ​អភិបាល​មិន​អាចជា​អ្នកចូលរួម​ធ្វើ​ឲ្យ​រំខាន ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ បំផ្លាញ​ធនធាន​ជាតិ ជាដាច់ខាត​។ តែ​ត្រូវជា​អ្នក​នាំមុខ​ក្នុងការ​នាំមក​នូវ​សុខមាលភាព​ក្នុង​ដែនដី​របស់ខ្លួន តាមរយៈ​ការរក​គំនិត​អភិវឌ្ឍន៍ ហើយ​បង្ក្រាប​រាល់​ទង្វើ​គឃ្លើន​ដែល​នាំមក​នូវ​ក្ដី​អន្តរាយ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ បើ​គ្រាន់តែ​ចេះ​បើក​អង្គប្រជុំ ប្រជុំ​នាយ​ប្រជុំ​អាយ ធ្វើ​ការងាររដ្ឋបាល​ប្រចាំថ្ងៃ ឆ្លង​ឯកសារ ស​ញ្ញ៉េ​អី​តិចតួច ពី​ណា​ក៏​ធ្វើ​បានដែរ​៕
 

Tag:
 អភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com