កីឡាជាតិ
ជាតិ
គ្រូបង្វឹក Master 7 ហាក់​គ្មាន​ជំនឿ​យកឈ្នះ​ស្វាយរៀង​នៅ​ជើង​ទី​២ តែ​ប្តេជ្ញា​រៀបចំ​ឲ្យ​បានល្អ​
23, Jan 2020 , 9:59 pm        
រូបភាព
លោក Catalin Mi Hai Dina គ្រូបង្វឹកក្រុម Master 7(ពាក់វែនតា)
លោក Catalin Mi Hai Dina គ្រូបង្វឹកក្រុម Master 7(ពាក់វែនតា)
ដោយ:
​លោក Catalin Mi Hai Dina គ្រូបង្វឹក​ក្រុម Master 7 របស់​ឡាវ ហាក់​គ្មាន​ជំនឿ​អាច​វាយបក​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ជើង​ទី​២ ដើម្បី​ឈានទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC Cup 2020 នោះទេ​។ ការបង្ហាញ​ក្តីកង្វល់​បែបនេះ គឺ​បន្ទាប់ពី Master 7 បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​ជើង​ទី​១​នៅ​ល្ងាច​ថ្ងៃទី​២២ មករា ឆ្នាំ​២០២០ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ តែ​យ៉ាងណា​គ្រូបង្វឹក​សញ្ជាតិ​រូ​ម៉ា​នី​រូបនេះ ប្តេជ្ញា​នឹង​រៀបចំ​ក្រុម​ឲ្យ​បានល្អ​ពេល​ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​សប្តាហ៍​ក្រោយ​។

 
 
​ក្រុម​ជើងឯក​រង​លី​គ​កំពូល​ឡាវ Master 7 បាន​រង​បរាជ័យ​យ៉ាង​ចាស់ដៃ ៤-១ ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង សម្រាប់​ជំនួប​វគ្គ Playoff ជើង​ទី​១​នៃ​ពានរង្វាន់ AFC Cup 2020 កាលពី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការ​របូត​គ្រាប់​ច្រើន​នៅ​ជើង​ទី​១ បានធ្វើ​ឲ្យ​លោក Catalin Mi Hai ដែលជា​គ្រូបង្វឹក ហាក់​បាត់បង់​ទំនុកចិត្ត​ក្នុងការ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ជើង​ទី​២ ដើម្បី​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC Cup 2020​។ 


 
​គ្រូបង្វឹក​រូបនេះ ទទួលស្គាល់ថា វា​ពិតជា​លំបាក​ខ្លាំងណាស់ ដើម្បី​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​គ្រាប់​ពី​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រឡប់មកវិញ ដ្បិត​ពួកគេ​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​ស​ប្បូរ​ដោយ​កីឡាករ​មានគុណ​ភាព​ខ្ពស់ ជាពិសេស​កីឡាករ​បរទេស​។ លើសពីនេះ ពួកគេ​មាន​កលល្បិច និង​បច្ចេកទេស​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​។  
 
«​យើង​អាច​នឹង​ជួប​ការលំបាក​ក្នុងការ​យកឈ្នះ​នៅ​ជើង​ទី​២ តែ​យើង​នឹង​ព្យាយាម​រៀបចំ​ក្រុម​ឲ្យ​បានល្អ ពេល​ប្រកួត​លើ​ទឹកដី​របស់​ពួកយើង​។ ខ្ញុំ​គិតថា វា​ពិបាក​ខ្លាំងណាស់​បើ​ចង់រក​គ្រាប់​បាល់​ពី​២​ទៅ​៣​គ្រាប់​ត្រឡប់​វិញ ព្រោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​ខ្លាំង ដែល​របូត​គ្រាប់​បាល់​តិចជាងគេ​។ ប៉ុន្តែ​បាល់ទាត់​អ្វីៗ​ក៏​អាច​កើតឡើង​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Catalin Mi Hai ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​។   


 
​ទោះបី​ព្រះខ័ន​រាជ​ស្វាយរៀង​អា​ចរក​គ្រាប់​បាល់​៤​គ្រាប់​ពី​ការប្រកួត​ជើង​ទី​១​ក៏ដោយ តែ​សម្រាប់​លោក Conor Nester ដែលជា​គ្រូបង្វឹក​មើលឃើញថា តំបន់​ប្រយុទ្ធ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅមាន​ចំណុច​ខ្វះខាត​ជាច្រើន ដែល​ត្រូវ​កែតម្រូវ​។ ការអះអាង​បែបនេះ គឺ​បន្ទាប់ពី​កីឡាករ​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់​ក្នុងជំនួប​ជើង​ទី​១​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា អ្វីដែល​ក្រុម​លោក​ត្រូវ​ធ្វើជា​បន្ត គឺ​សម្រាក​ឲ្យ​គ្រប់គ្រាន់ និង​រៀបចំខ្លួន​ឲ្យ​បានល្អ ដើម្បី​ប្រកួត​នៅ​ជើង​ទី​២​នៅ​សប្តាហ៍​ក្រោយ​។ 
 
​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​អះអាងថា ទោះបី​កូនក្រុម​ខ្លួន​ធ្វើបាន​ល្អ​នៅ​ជើង​ទី​១ តែ​ពួកគេ​មិនទាន់​អាចធ្វើ​តាម​អ្វីដែល​លោក​ចង់បាន​នៅឡើយ​ទេ​។ ក្នុងន័យនេះ លោក​ចង់​បញ្ចា​ក់ថា ក្រុម​ទាំងមូល​នៅមាន​ចំណុច​ខ្វះខាត​នៅឡើយ ដែល​ត្រូវ​កែតម្រូវ​បន្ថែម​។ លោក​បាន​បន្ថែមថា សម្រាប់​ការប្រកួត​ជើង​ទី​២ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​បន្ត​លេង​បែប​ប្រយុទ្ធ​ដូច​ជើង​ទី​១ ពោលគឺ​គ្មាន​ការបន្ធូរបន្ថយ ឬ​លេង​ទប់​ដោយ​អាង​ខ្លួន​មានប្រៀប​នោះទេ​។ 
 
​ជ័យជម្នះ ៤-១ ដែលជា​ការរួមចំណែក​ម្នាក់​ពីរ​គ្រាប់​ពី​កីឡាករ Privat Mbarga និង ហូ​យ ផល្លី​ន ធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​មានឱកាស​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​នៃ​ព្រឹត្តិការណ៍ AFC Cup 2020 ដ្បិត​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នៅ​ជើង​ទី​២៕   




 

Tag:
 បាល់ទាត់​
  AFC Cup
  Master 7
  Conor Nestor
© រក្សាសិទ្ធិដោយ thmeythmey.com