សង្គមអន្តរជាតិ
អន្តរជាតិ
បុរសម្នាក់ទិញសាឡុងមួយទឹក ហើយប្រទះឃើញលុយ៤៣០០០ដុល្លារ តែលោកសម្រេចយកទៅឲ្យម្ចាស់ដើមវិញ លោក Kirby អង្គុយលើសាឡុងដែលខ្លួនបានទិញ នាពេលផ្តល់បទសម្ផាសដល់អ្នកកាសែត។ រូបថត Riley Yuan
× លោក Howard Kirby អាយុ៥៤ឆ្នាំ បានទៅទិញសាឡុងមួយទឹកនៅហាងមួយដែលមានតម្លៃត្រឹមតែ ៧០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រោយមកស្រាប់តែកូនប្រសារស្រីរបស់គាត់ បានប្រទះឃើញលុយ៤៣០០០ដុល្លារអាមេរិកដែលលាក់នៅក្នុងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ បុរសអាមេរិករូបនោះ បានស្វែងរកម្ចាស់លុយ ដើម្បីប្រគល់ឲ្យទៅគេវិញ។
ក្រោយទិញសាឡុងដាក់ផ្ទះដែលស្ថិតនៅក្រុង Ovid រដ្ឋ Michigan លោក Kirby មានអារម្មណ៍ថា ទំនិញជជុះរបស់ខ្លួន ហាក់ដូចជាប្រហោងក្នុង។ ដោយមានការងឿងឆ្ងល់ កូនប្រសារស្រីរបស់គាត់ បានគាស់សាឡុងនោះ ហើយស្រាប់តែប្រទះឃើញលុយសុទ្ធ ៤៣ ១៧០ដុល្លារនៅក្នុងនោះ។
លោក Kirby មិនត្រេកត្រអាលនឹងកំណប់អាថ៌កំបាំងនោះឡើយ ដោយលោកបានសម្រេចចិត្តទាក់ទងទៅហាងដែលលោកបានទិញ ដើម្បីស្វែងរកម្ចាស់ដើម។ ទីបំផុត គាត់រកឃើញថា ម្ចាស់សាឡុងនោះ គឺជាស្ត្រីម្នាក់។
ស្ត្រីដែលមានឈ្មោះថា Kim Fauth-Newberry នោះ ទទួលបានសាឡុងពីជីតា ដែលបានស្លាប់ទៅហើយកាលពីខែកក្កដា ឆ្នាំ២០១៩។ គាត់មិននឹកស្មានសោះថា ជីតារបស់ខ្លួនទុកលុយដល់ទៅជាង៤៣០០០ដុល្លារកប់ក្នុងសាឡុង។ អ្វីដែលគាត់បានកត់សម្គាល់នោះ គឺជីតាខ្លួន តែងតែមានទម្លាប់ចាយលុយសុទ្ធ។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ ABC 12 លោក Kirby បានអះអាងថា លោកមិនដែលមានគំនិតយកលុយនោះឡើយ បើទោះបីជាវាអាចឲ្យលោករស់នៅដោយស្រួលពេលចូលនិវត្តន៍ក៏ដោយ។ ដំបូងឡើយ លោកចង់ទាក់ទងទៅមេធាវីដើម្បីសាកសួរពីការទុកដាក់លុយទាំងនោះ ប៉ុន្តែក៏សម្រេចចិត្តទាក់ទងទៅហាងលក់សាឡុងផ្ទាល់តែម្តង។
លោក Kirby បានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលលោកអាចយកលុយទៅឲ្យម្ចាស់ដើមវិញ។ «នេះហើយជាអ្វីដែលខ្ញុំបានជួយគាត់ ខ្ញុំរីករាយខ្លាំងណាស់សម្រាប់គាត់»។ លោកបានបញ្ជាក់យ៉ាងដូច្នេះប្រាប់ទីភ្នាក់ងារព័ត៌មាន AP។
ដើម្បីសាទរចំពោះភាពស្មោះត្រង់របស់លោក Kirby បុរសម្នាក់ បានសម្រេចចិត្តអំពាវនាវតាមអនឡាញ ដើម្បីរៃអង្គាសថវិកាសប្បុរសជូនដល់លោក Kirby។ ជាមួយគ្នានេះ មនុស្សជាច្រើនពេញចិត្តទង្វើរបស់លោក Kirby យ៉ាងខ្លាំង ហើយពួកគេក៏បានបរិច្ចាគតាមការអំពាវនាវនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com