កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool រក្សាភាពមិនចាញ់ដល់៤០ប្រកួត ក្រោយឈ្នះ Wolves
× Roberto Firmino បានជួយ Liverpool បន្តជ័យជម្នះរបស់ខ្លួនជាលើកទី២២ ក្នុងចំណោមការប្រកួតទាំង២៣លើកនៃក្របខណ្ឌ Premier League ក្រោយយកឈ្នះ Wolverhampton Wanderers ដោយលទ្ធផល ២-១។ ហង្សក្រហមនាំមុខក្នុងតារាង១៦ពិន្ទុ និងសល់មួយប្រកួតក្នុងដៃថែមទៀត។
ក្នុងការប្រកួតសប្តាហ៍ទី ២៤ នាកីឡដ្ឋាន Molineux នៅរាត្រីថ្ងៃទី២៣ ខែមករា ខ្សែបម្រើនិងជាប្រធានក្រុម Jordan Henderson បានតែតបញ្ចូលទីមួយគ្រាប់ដើម្បីជួយ Liverpool នាំមុខម្ចាស់ផ្ទះ Wolves នៅនាទីទី៨នៃវគ្គទី១។
ចូលដល់វគ្គទីពីរ ខ្សែប្រយុទ្ធ Raul Jimenez តែតបញ្ចូលទីឲ្យ Wolves យកស្មើវិញនៅនាទី៥៦ មុនពេលខ្សែប្រយុទ្ធឆ្នើម Firmino សម្រេចគ្រាប់បាល់ជ័យជម្នះឲ្យក្រុមលោក Jurgen Klopp នៅនាទី៨៤ ដើម្បីទទួលបាន៣ពិន្ទុបន្ថែមទៀត។
ជ័យជម្នះ ២-១ នេះបាននាំ Liverpool កើនពិន្ទុដល់ទៅ៦៧ពិន្ទុ នាំមុខគូប្រជែង Manchester City ដែលឈរលេខ២ក្នុងតារាងដល់ទៅ១៦ពិន្ទុ ហើយសល់មួយប្រកួតថែមទៀត។ តាមរយៈការនាំមុខពិន្ទុដ៏ច្រើននេះ នឹងធ្វើឲ្យក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Klopp មានឱកាសខ្ពស់ក្នុងការលើកពានលីគកំពូលអង់គ្លេសនេះជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។
Liverpool ដែលជាក្រុមឈ្នះជើងឯកលីគកំពូលអង់គ្លេសច្រើនជាងគេលំដាប់ទី២បន្ទាប់ Manchester United ក្នុងចំនួន១៨លើក ក៏ជាក្រុមទី៣នៅអង់គ្លេសដែលប្រកួតមិនចាញ់សោះចំនួន៤០ប្រកួតជាប់ផងដែរ។ Arsenal ជាក្រុមទី១ ដែលប្រកួតមិនចាញ់សោះរយៈពេលយូរជាងគេក្នុងលីគកំពូលអង់គ្លេស រហូតដល់៤៩ប្រកួត ឯ Chelsea នៅលេខពីរ ចំនួន៤០ប្រកួត។ យ៉ាងណាក៏ដោយ Liverpool នៅមានឱកាសបំបែកកំណត់ត្រាក្នុងការរក្សាភាពមិនចាញ់បានយូរជាងគេរបស់កាំភ្លើងធំ ខណៈតាមស្មើតោខៀវរួចទៅហើយ៕
Tag:
Premier League
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com