អន្តរជាតិ
ព្យុងយ៉ាង បញ្ជាក់​ពី​តែងតាំង​អតីត​យោធា​ជាន់ខ្ពស់ ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​
24, Jan 2020 , 8:39 pm        
រូបភាព
លោក Ri Son Gwon រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថ្មី (AFP)
លោក Ri Son Gwon រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថ្មី (AFP)
ដោយ:
​កូរ៉េខាងជើង បានសម្រេច​តែងតាំង​អតីតមន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​។ ការណ៍​យក​លោក Ri Son Gwon ដែលមាន​បទពិសោធន៍​ការទូត​តិចតួច​ក្នុង​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក  អាចជា​សូចនាករ​មួយ​ថា ក្រុង​ព្យុងយ៉ាង នឹង​ប្រើ​ជំហរ​រឹងត្អឹង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន នៅពេល​ចរចា​រឿង​បញ្ហា​នុយក្លេអ៊ែរ​។​

 
​តំណែង​ថ្មី​សម្រាប់​លោក Ri Son Gwon ត្រូវបាន​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃទី​២៤ ខែមករា ដោយ​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។ ប្រភពព័ត៌មាន​ដដែល អះអាងថា លោក​បាន​ថ្លែង​សុន្ទរកថា​ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស នៅ​ពិធីជប់លៀង​មួយ ដែល​រៀបចំឡើង​ដោយ​ក្រសួងការបរទេស​កូរ៉េខាងជើង កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ២៣ មករា ដើម្បី​ទទួលភ្ញៀវ​មកពី​ស្ថានទូត​នានា និង​អង្គការ​អន្តរជាតិ​។ 
 
​ប្រភព​ការទូត​ក្នុង​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា កូរ៉េខាងជើង​បាន​ប្រាប់​បណ្ដា​ប្រទេស​ជាមួយ​ស្ថានទូត​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃ​សប្តាហ៍​មុន​ថា លោក Ri អតីតមន្ត្រី​យោធា​ម្នាក់ បាន​ជំនួស​លោក Ri Yong Ho ជា​ប្រមុខ​ការទូត​កូរ៉េខាងជើង​។ លោក Ri Yongho គឺជា​អ្នកការទូត​ម្នាក់​ដែលមាន​បទពិសោធ​ក្រាស់ក្រែល​ក្នុងការ​ចរចា​ជាមួយ​ទាំង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។ 
 
​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ភ្លាមៗ​នេះ​ថា​មាន​អ្វី​កើតឡើង​ចំពោះ​លោក Ri Yong Ho ឡើយ ដែល​ឈ្មោះ​លោក លែង​ត្រូវ​បានលើកឡើង​ក្នុង​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៩​មកម្ល៉េះ​។ 
 
​ដោយឡែក លោក​រដ្ឋមន្ត្រីការបរទេស​ថ្មី Ri Son Gwon គឺជា​អតីតមន្ត្រី​យោធា​សក្តិ​៥ ដែល​បាន​ដឹកនាំ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ទទួលខុសត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​។ ម្យ៉ាងទៀត ក្នុងពេល​១៥​ឆ្នាំ​ចុងក្រោយ លោក បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អន្តរ​កូរ៉េ​ជាច្រើន ក៏ប៉ុន្តែ​លោក​ខ្វះ​បទពិសោធន៍​ក្នុង​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​។​
 
​សូមបញ្ជាក់ថា កិច្ចចរចា​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង មាន​ដំណើរការ​តិចតួច ចាប់តាំងពី​ការបរាជ័យ​នៃ​ជំនួប​កំពូល​ទី​២ រវាង​លោក​ប្រធាន​ធិបតី ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុងប្រទេស​វៀតណាម កាលពី​ខែ មករា ឆ្នាំ ២០១៩​។ ប្រមុខ​ដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង​រូបនេះ កាលពី​ថ្មីៗ​នេះ បានប្រកាសថា ក្រុង​ព្យុងយ៉ាង នឹង​ព​ន្លឿ​ន​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​ដាក់​បង្ហាញ «​សព្វាវុធ​យុទ្ធសាស្ត្រ​» ថ្មី​មួយ ក្រោយ​សហរដ្ឋអាមេរិក បរាជ័យ​ធ្វើតាម​ឧសា​ន​វាទ ដែល​លោក​បានកំណត់​ដើម្បី​បើកទ្វារ​ចរចា​ជាថ្មី​។​
 
​មិន​ត្រឹម​មាន​រដ្ឋមន្ត្រីការបរទេស​ថ្មី​ឡើយ កូរ៉េខាងជើង ក៏មាន​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​ដែរ​។ លោក Kim Jong-gwan ដែល​តែង​ដើរ​តាម​លោក គីម ជុង​អ៊ុន ពេល​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​សំណង់​នានា ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី ជំនួស​លោក No Kwang-chol ៕

Tag:
 កូរ៉េខាងជើង​
  សហរដ្ឋអាមេរិក​
  Ri Son Gwon
© រក្សាសិទ្ធិដោយ thmeythmey.com