អន្តរជាតិ
ឱកាស​ចូលឆ្នាំ​ចិន ប្រធានាធិបតី​ចិន ប្តេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ និង​កសាង​វិបុលភាព​សង្គម​
24, Jan 2020 , 10:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងពិធីលាងសាយភោជន៍គណៈមជ្ឈិមបក្សកុម្មុយនិស្ត និងក្រុមប្រឹក្សារដ្ឋចិន។ រូបភាពៈ Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងពិធីលាងសាយភោជន៍គណៈមជ្ឈិមបក្សកុម្មុយនិស្ត និងក្រុមប្រឹក្សារដ្ឋចិន។ រូបភាពៈ Xinhua
​ក្នុង​ពី​ធី​លាង​សាយភោជន៍​ជាមួយ​គណៈ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន និង​ក្រុមប្រឹក្សារដ្ឋ នា​ថ្ងៃទី​២៣ ខែមករា ប្រធានាធិបតី​ស៊ី  ជិន​ភីង បាន​ផ្តោត​សំខាន់​ទៅលើ​ការប្រយុទ្ធប្រឆាំង​ភាពក្រីក្រ និង​ការកសាង​វិបុលភាព​នៅក្នុង​សង្គម ដើម្បី​សម្រេច​សុ​បិ​ន្ត​របស់​ចិន​នៅក្នុង​ឆ្នាំ​ថ្មី​។ ក្រៅពីនេះ លោក​ប្រធានាធិបតី ក៏បាន​ផ្ញើ​សារ​ជូនពរ​ប្រជាជន​ចិន​ទាំងអស់​ផងដែរ​។


 
​ពី​មហា​វិមាន​ប្រជាជន លោក ស៊ី ជិន​ភីង ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​គណៈ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន បាន​ថ្លែងថា ចិន ត្រូវតែ​រក្សា​ឲ្យ​បាន​លើ​ការកសាង​វិបុលភាព​សង្គម​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ​។ បើតាម​លោក​ប្រធានាធិបតី ចិន​ត្រូវតែ​ឈរលើ​គោលនយោបាយ​មួយ​សតវត្សរ៍ ដើម្បី​សម្រេច​សុ​បិ​ន្ត​របស់​ចិន តាមរយៈ​ការធ្វើកំណែទម្រង់​របស់​ជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ។ 
 
​តាមរយៈ​កំណែទម្រង់​ជាតិចិន​នេះ លោក​ស៊ី បាន​ទទូច​ឲ្យ​មន្ត្រី​ចិន និង​ប្រជាជន​ចិន​ទាំងអស់ ប្រឹងប្រែង​ធ្វើការ ដើម្បី​ប្រជែង​ជាមួយ​ពេលវេលា និង មិនត្រូវ​ខ្លាច​ឧបសគ្គ​នៅ​ចំពោះមុខ​អ្វី​ទាំងអស់​។ ពោលគឺ​ធ្វើយ៉ាងណា ត្រូវតែ​សម្រេច​ឲ្យ​បាន​សុ​បិ​ន្ត​របស់​ចិន​។ ថ្លែងប្រាប់​មន្ត្រីជាន់ខ្ពស់​ចិន និង​សមាជិក​គណៈ​មជ្ឈិមបក្ស​ជាង​២០០០​នាក់ លោក ស៊ី លើកឡើងថា ចិន​ត្រូវតែ​រក្សា​យុទ្ធសាស្ត្រ​របស់ខ្លួន ដោះស្រាយ​បញ្ហា រួម​សាមគ្គី​គ្នា ខិតខំ​ធ្វើការ និង​ឆ្ពោះទៅមុខ​ជានិច្ច ដើម្បី​ប្រឆាំង​គូប្រជែង​ទាំងឡាយ​។ 
 
​ទ​ន្នឹម​គ្នា​នេះ លោក​ប្រធានាធិបតី​ចិន ក៏បាន​ថ្លែង​សារ​អបអរសាទរ​ចូលឆ្នាំ​ចិន ទៅ​ប្រជាជន​របស់ខ្លួន ជនជាតិភាគតិច និង​ជនរួមជាតិ​ចិន​រួមមាន​ហុងកុង ម៉ា​កាវ តៃវ៉ាន់ និង​ជនជាតិ​ចិន​នៅ​បរទេស​ទាំងអស់​ផងដែរ​។ 
 
​សូមបញ្ជាក់ថា សុ​បិ​ន្ត​របស់​ចិន (China Dream) គឺជា​ពាក្យ​មួយ ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​លោក ស៊ី ជីន​ភីង បន្ទាប់ពី​ចូលកាន់​តំណែង​ជា​ប្រ​ធានា​ធិ​ប​តិ​ចិន​នៅក្នុង​ឆ្នាំ ២០១៣ ។ សុ​បិ​ន្ត​របស់​ចិន ត្រូវបាន​បង្កើតឡើង ដើម្បី​កសាង​សង្គម​ចិន​មួយ​ឲ្យ​មាន​វិបុលភាព ទំនើប ជឿនលឿន មាន​សាមគ្គីភាព និង​កាត់បន្ថយ​ភាពក្រីក្រ​៕

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com